លក្ខខណ្ឌ
ប្រការ និងលក្ខខណ្ឌទូទៅ (“GTCs”) រវាងអ្នកប្រើប្រាស់សេវា (“អ្នកប្រើប្រាស់សេវា”) មិនថាជាសេវាទូទាត់ប្រាក់ជាមុន ឬទូទាត់ប្រាក់តាមក្រោយក្តី ដែលផ្តល់ជូនដោយក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត បង្កើតឡើងក្រោមច្បាប់នៃព្រះរាជណាចក្រកម្ពុជា (“Smart”) ហើយ Smart បង្កើតកាតព្វកិច្ចពាក់ព័ន្ធនឹងការប្រើសេវាទាំងនេះ (ដូចមានឲ្យនិយមន័យខាងក្រោម) ដែលកាតព្វកិច្ចនេះនឹងត្រូវយកមកអនុវត្តចំពោះរាល់ការប្រើប្រាស់សេវាទាំងឡាយដោយអ្នកប្រើប្រាស់។
GTCs នេះ នឹងយកមកអនុវត្តចំពោះ សេវាទូទាត់ប្រាក់ជាមុន (“សេវាទូទាត់ប្រាក់ជាមុន”) និងសេវាទូទាត់ប្រាក់តាមក្រោយ (“ទូទាត់ប្រាក់តាមក្រោយ”) របស់ Smart សេវាទាំនេះរាប់បញ្ចូលទាំងសេវាទូរគមនាគមន៍ដោយមិនប្រើខ្សែ ដែលផ្តល់ជូនដោយ ឬតាមរយៈបណ្តាញ Smart (“បណ្តាញ”) រួមមានសម្លេង សារជាអក្សរ ទិន្នន័យ (រួមទាំងខ្លឹមសារ) ឬសេវាផ្សេងៗទៀត និងការគ្រប់គ្រងគណនី។
ការទទួលស្គាល់
- GTCs នេះត្រូវបានចាត់ទុកបានទទួលស្គាល់ និងទទួលយក ហើយអ្នកប្រើប្រាស់សេវាយល់ព្រមទទួលកាតព្វកិច្ចដោយ GTCs នេះនៅពេលដែល៖
- ដាក់ឲ្យដំណើរការសេវារបស់ Smart
- ប្រើប្រាស់សេវារបស់ Smart
- ចុះហត្ថលេខាលើ GTCs ជាទំរង់ក្រដាស
- ឬ ចុចទទួលយក GTCs នេះតាមរយៈគេហទំព័ររបស់ Smart
សេវា
- សេវាទូរគមនាគមន៍ (“សេវា”) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្រោមម៉ាកពាណិជ្ជកម្ម “Smart” ដោយ Smart ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានសុពលភាពក្នុងការផ្តល់សេវាខាងលើនេះ ចេញដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៃកម្ពុជា (“MPTC”)។
ដែនគ្របដណ្តប់
- Smart និងដៃគូ រ៉ូមមីង (roaming) របស់ខ្លួន អាចកែប្រែបណ្តាញ ឬតំបន់ភូមិសាស្ត្រនៃដែនគ្របដណ្តប់សេវា (“បណ្តាញ ឬតំបន់ភូមិសាស្ត្រនៃដែនគ្របដណ្តប់សេវា”) ដោយគ្មានការជូនដំណឹង។
ស៊ីមកាត
- Smart អាចផ្តល់ជូនអ្នកប្រើប្រាស់នូវលេខទូរស័ព្ទមួយ (“លេខទូរស័ព្ទ”) និងកាតដែលមានភ្ជាប់បន្ទះសម្រាប់សម្គាល់អ្នកប្រើប្រាស់ (subscriber identity module) (“ស៊ីមកាត”) និង/ឬ បណ្តាញទូរគមនាគមន៍។
- មានតែស៊ីមកាតដែលចេញដោយ Smart ដែលតម្រូវឲ្យភ្ជាប់ទៅឧបករណ៍របស់អ្នកប្រើប្រាស់ ឬឧបករណ៍របស់ Smart ទៅបណ្តាញ Smart ប៉ុណ្ណោះ ដែលអាចដាក់ឱ្យដំណើរការលើបណ្តាញរបស់ Smart បាន។
- លេខទូរស័ព្ទ និងស៊ីមកាតទាំងអស់ដែលផ្តល់ជូនដោយ Smart ទៅអ្នកប្រើប្រាស់ គឺជាទ្រព្យសម្បត្តិផ្តាច់មុខរបស់ Smart។ អ្នកប្រើប្រាស់មិនទទួលបានសិទ្ធិណាមួយលើលេខទូរស័ព្ទ ឬវត្ថុសម្គាល់ដែលបានប្រគល់ជូនដោយ Smart ឡើយ។
- Smart រក្សាសិទ្ធិក្នុងការដកហូតលេខទូរស័ព្ទ និងស៊ីមកាត ព្រមទាំងបិទគណនីរបស់អ្នកប្រើប្រាស់ដែលមិនបានទូទាត់ប្រាក់ ឬបញ្ចូលប្រាក់ទៅក្នុងគណនីរបស់ពួកគេរយៈពេល ៩០ ថ្ងៃជាប់ៗគ្នា គិតចាប់ពីពេលដែលសេវាត្រូវបានព្យួរ ហើយ Smart អាចផ្ទេរលេខទូរស័ព្ទ និងស៊ីមកាតឱ្យទៅអ្នកប្រើប្រាស់ថ្មីណាមួយក៏បាន។
- Smart មានសិទ្ធិផ្ទេរលេខទូរស័ព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ណាមួយទៅឲ្យអ្នកប្រើប្រាស់ថ្មី តាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន។
ឧបករណ៍
- Smart នឹងមិនទទួលខុសត្រូវលើទូរស័ព្ទចល័តដែលមិនត្រូវគ្នាជាមួយនឹងបណ្តាញ Smart ឬឧបករណ៍ផ្សេងទៀតដែលប្រើប្រាស់ជាមួយនឹងសេវាឡើយ។
ការបាត់បង់
- អ្នកប្រើប្រាស់ត្រូវជូនដំណឹងដល់ Smart ដោយមិនបង្អង់យូរ ប្រសិនបើស៊ីមកាតបានបាត់ ត្រូវបានលួច ខូចខាត ឬត្រូវបានបំផ្លាញ។ អ្នកប្រើប្រាស់នឹងប្តូរស៊ីមកាតថ្មី និងរ៉ាប់រងរាល់ចំណាយដែលមានសម្រាប់ការប្តូរស៊ីមកាតថ្មីនេះ។
- ក្នុងករណីបាត់ស៊ីមកាត ឬត្រូវចោរលួចដោយមូលហេតុណាមួយ អ្នកប្រើប្រាស់នឹងត្រូវទទួលខុសត្រូវទាំងស្រុងលើការប្រើប្រាស់សេវាដែលមានជាប់នឹងលេខទូរស័ព្ទ និងស៊ីមកាតរបស់ខ្លួន រហូតដល់ពេលអ្នកប្រើប្រាស់ជូនដំណឹងដល់ Smart អំពីការបាត់ ឬការលួចនោះ។
ការកម្រិតលើទំនួលខុសត្រូវ
- Smart នឹងមិនទទួលទំនួលខុសត្រូវលើការខូចខាត ឬការបាត់បង់ចំពោះអ្នកប្រើប្រាស់ ឬ តតិយភាគីណាមួយជាលទ្ធផលនៃការផ្តល់សេវាឡើយ (ជាពិសេស តែមិនកម្រិតត្រឹមតែការហៅចេញជាសំលេង ការបញ្ជូនទិន្នន័យ និងការផ្ញើសារ)។ ការមិនទទួលខុសត្រូវនេះ រាប់បញ្ចូលទាំងការរអាក់រអួល ឬការដាច់សេវា ឬជាលទ្ធផលនៃការកែប្រែណាមួយលើបណ្តាញ ឬតំបន់ភូមិសាស្ត្រនៃដែនគ្របដណ្តប់សេវា។
- Smart នឹងមិនទទួលខុសត្រូវលើការខូចខាតណាមួយដែលកើតចេញពីការលាតត្រដាងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យតតិយភាគីដែលជាដៃគូរបស់ Smart ឡើយ។ ដើម្បីឱ្យកាន់តែច្បាស់ អ្នកប្រើប្រាស់សូមលះបង់សិទ្ធិក្នុងការទាមទារសំណងសម្រាប់ការខូចខាតនេះ។
- Smart នឹងខិតខំប្រឹងប្រែងសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងការរារាំង (ជា បណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍) ការផ្តល់សេវាដល់អ្នកប្រើប្រាស់ ឬផ្តល់ព័ត៌មានពាក់ព័ន្ធដល់អាជ្ញាធរមានសមត្ថកិច្ចទាំងនេះ។
ថ្លៃសេវា
- ថ្លៃសេវាដែលត្រូវយកពីអ្នកប្រើប្រាស់នឹងស្របតាមសេវាដែលបានជ្រើសរើសដោយអ្នកប្រើប្រាស់។ ការគណនាថ្លៃសេវា ត្រូវធ្វើឡើងចំពោះ៖
- សេវាជាសំលេង៖ ការហៅចេញទាំងក្នុងស្រុក និងឆ្លងប្រទេស នឹងត្រូវបានគណនាដោយបង្គត់ទៅរកចំនួននាទីដែលកៀកបំផុត លើកលែងតែមានការចែងផ្សេងពីនេះ។ រយៈពេល ត្រូវគិតចាប់ពីពេលដែលការហៅចេញត្រូវបានចាប់ធ្វើឡើង (ឧទាហរណ៍ ដោយការចុច “បញ្ជូន”) ឬ ក្នុងករណីដែលអ្នកប្រើប្រាស់ទទួលការហៅចូល រយៈពេលត្រូវគិតចាប់ពីពេលដែលសំណើហៅចេញនោះភ្ជាប់ទៅនឹងបណ្តាញរបស់ Smart (ដែលអាចនឹងមុនពេលដែលឧបករណ៍រោទិ៍) រហូតដល់ពេលដែលសកម្មភាពនោះត្រូវបានដាច់ (ឧទាហរណ៍ ដោយការចុច “បញ្ចប់”)។
- សារជាអក្សរ៖ Smart នឹងយកថ្លៃសេវាពីអ្នកប្រើប្រាស់សម្រាប់ការផ្ញើសារជាអក្សរចេញ និងចូលទាំងឡាយ។
- ទិន្នន័យ៖ ការប្រើប្រាស់ទិន្នន័យត្រូវបានគណនាបង្គត់ទៅរកចំនួនគីឡូបៃត៍ដែលកៀកបំផុត លើកលែងតែមានការចែងផ្សេងពីនេះ។ ថ្លៃសេវាទិន្នន័យដែលពាក់ព័ន្ធ ត្រូវគិតចាប់ពីពេលដែលការបញ្ជូនទិន្នន័យចាប់ផ្តើម និងត្រូវបានវាស់វែងដោយទិន្នន័យដែលបានបញ្ជូនទៅ និងទទួលដោយបណ្តាញរបស់ Smart ទាក់ទងនឹងការបញ្ជូននោះ មិនថាសំណើទិន្នន័យនោះត្រូវបានធ្វើឡើងដោយជោគជ័យ ឬអត់នោះទេ។
- រ៉ូមមីង (roaming)៖ រ៉ូមមីង កើតឡើងនៅពេលណាដែលឧបករណ៍មួយប្រើប្រាស់ បណ្តាញរបស់អ្នកផ្តល់សេវាមិនប្រើខ្សែផ្សេងទៀត ដើម្បីបញ្ជូន និងទទួលសំលេង សារជាអក្សរ ឬការបញ្ជូនទិន្នន័យ។ រ៉ូមមីង អាចកើតឡើងក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេស ហើយថ្លៃសេវាសម្រាប់សេវា រ៉ូមមីង នេះនឹងត្រូវគិតលើការប្រើប្រាស់ជាក់ស្តែងដោយអ្នកប្រើប្រាស់។
- កម្មវិធី និង ហ្គេម នៅក្នុង Google Play, Apple iTunes និងតាមរយៈភ្នាក់ងារលក់ជាដៃគូ។
- ធាតុឌីជីថល (តន្រ្តី, វីដេអូរ, រូបភាព, សៀវភៅ, ទស្សនាវដ្តី…)នៅក្នុង Google Play, Apple iTunes និងតាមរយៈភ្នាក់ងារលក់ជាដៃគូ។
ការគិតថ្លៃសេវា
- អ្នកប្រើប្រាស់ត្រូវរក្សាសមតុល្យទឹកប្រាក់វិជ្ជមានឲ្យបានគ្រប់គ្រាន់ក្នុងគណនីបង់ប្រាក់ជាមុនរបស់ខ្លួន (“គណនី”) ដើម្បីប្រើប្រាស់សេវា។
- ដើម្បីបញ្ចូលប្រាក់ក្នុងគណនីរបស់ខ្លួន អ្នកប្រើប្រាស់ត្រូវបញ្ចូលប្រាក់ (“បញ្ចូលប្រាក់”) ក្នុងគណនីរបស់ខ្លួនដោយប្រើកាតបញ្ចូលប្រាក់របស់ Smart (“កាតបញ្ចូលប្រាក់របស់ Smart”)។ ប្រាក់នេះមិនរាប់បញ្ចូលនូវពន្ធឡើយ។ ប្រាក់ដែលទូទាត់ជាមុនមានសុពលភាពសម្រាប់ចំនួនថ្ងៃដែលបានកំណត់ គិតចាប់ពីពេលវេលាក្នុងថ្ងៃដែលប្រាក់នោះត្រូវបានបញ្ចូលទៅក្នុងគណនី (“រយៈពេលសកម្ម”)។ ទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់នឹងអស់ សុពលភាពនៅពេលបញ្ចប់នៃរយៈពេលសកម្ម។
- ប្រាក់ទូទាត់ជាមុនដែលអស់សុពលភាពនឹងអាចទទួលបានមកវិញ ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលប្រាក់ក្នុងគណនីរបស់ខ្លួនក្នុងរយៈពេល ប្រាំពីរថ្ងៃនៃការអស់សុពលភាព។ ប្រសិនបើគណនីត្រូវបានបញ្ចូលមុនពេលដែលប្រាក់ទូទាត់ជាមុនដែលមានស្រាប់នោះអស់សុពលភាព (ឬត្រូវបានប្រើប្រាស់អស់) នោះទឹកប្រាក់ដែលបញ្ចូលនឹងត្រូវបានបូកបន្ថែមជាមួយនឹងប្រាក់ទូទាត់ជាមុន ហើយរយៈពេលសកម្មសម្រាបការបញ្ចូលប្រាក់បន្ថែមនឹងត្រូវយកមកអនុវត្តលើទឹកប្រាក់ដែលបានរួមបញ្ចូលគ្នានេះ។ ប្រាក់ទូទាត់ជាមុនមិនអាចដកវិញបានឡើយ។
- ប្រាក់ទូទាត់ជាមុនណាមួយដែលត្រូវបានបញ្ចូលក្នុងគណនីតាមរយៈការផ្តល់ជូនពិសេស នឹងមានរយៈពេលសកម្មចំនួន ៣០ ថ្ងៃ លើកលែងតែមានការចែងផ្សេងពីនេះ ហើយមិនអាចបានមកវិញ ឬពន្យារដោយការបញ្ចូលប្រាក់ឡើយ។
ការទូទាត់
- អ្នកប្រើប្រាស់នឹងទូទាត់ថ្លៃសេវាស្របតាម GTCs វិធាន និងតារាងតម្លៃ។ ប្រាក់នៅក្នុងសមតុល្យគណនីអាចប្រើបានសម្រាប់តែសេវារបស់ Smart ប៉ុណ្ណោះ ដោយមិនអាចប្រគល់ប្រាក់ជូនវិញពី Smart ឡើយ។ ប្រសិនបើអ្នកប្រើប្រាស់បំពានលើលក្ខខណ្ឌទូទាត់ប្រាក់ណាមួយ នឹងមានការពិន័យ ១% លើទឹកប្រាក់ដែលមិនទាន់ទូទាត់ក្នុងមួយខែ។
ការប្រើប្រាស់សេវា
- អ្នកប្រើប្រាស់មិនត្រូវប្រើប្រាស់បណ្តាញ សេវា ស៊ីមកាត ឬកាតបញ្ចូលប្រាក់ របស់ Smart ក្នុងគោលបំណងខុសច្បាប់ អសីលធម៌ ឬឧក្រិតកម្មឡើយ។ ប្រសិនបើ Smart សម្រេចតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន ថាអ្នកប្រើប្រាស់បាន៖
- បំពាន GTCs ឬ ឯកសារផ្សេងទៀតណាមួយដែលអ្នកប្រើប្រាស់បានព្រមព្រៀង
- ឬ ប្រើសេវាដើម្បីរួមចំណែកក្នុងការបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៃប្រទេសកម្ពុជា
- ឬ ប្រើសេវាដើម្បីគំរាម ឬរារាំងដល់ស្ថេរភាពនៃបណ្តាញទូរគមនាគមន៍របស់ Smart និង/ឬ គុណភាពនៃបណ្តាញ
- ឬ ប្រើសេវាដោយមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធក្នុងប្រទេសកម្ពុជា។
Smart អាចព្យួរ ឬបញ្ឈប់ការផ្តល់សេវាដល់អ្នកប្រើប្រាស់នោះភ្លាម។
ការកែប្រែ
- ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងតិច ៣០ ថ្ងៃជាមុន Smart អាចកែប្រែសេវា និងថ្លៃសេវាបាន។
- Smart អាចកែប្រែ បន្ថែម ឬដកចេញនូវផ្នែកណាមួយនៃ GTCs នៅពេលណាក៏បានដោយគ្មានការជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់។ Smart អាចជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការកែប្រែដោយវិធីណាមួយតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន ដែលរួមមានការបង្ហោះការកែប្រែនេះនៅលើគេហទំព័ររបស់ខ្លួន ការផ្ញើជូនអ្នកប្រើប្រាស់តាមរយៈសារជាអក្សរ ឬតាមរយៈវិធីផ្សេងទៀតដែលសមស្រប។
កិច្ចព្រមព្រៀងទាំងមូល
- GTCs នេះ និងពាក្យស្នើសុំ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលព្រមព្រៀងដោយ Smart និងអ្នកប្រើប្រាស់ ដែលរួមមានកិច្ចព្រមព្រៀងទិញសេវាតាមរយៈពាក្យស្នើសុំចុះបញ្ជីស៊ីមរបស់ Smart បង្កើតបានជាកិច្ចព្រមព្រៀងទាំងមូលរវាង Smart និងអ្នកប្រើប្រាស់ ហើយនឹងជំនួសឱ្យរាល់បទបង្ហាញ ការព្រមព្រៀង ឬការសន្យាដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរទាំងឡាយដែលមានពីមុន។
ច្បាប់ពាក់ព័ន្ធ និងការដោះស្រាយវិវាទ
- GTCs នេះ ត្រូវបានគ្រប់គ្រងដោយច្បាប់កម្ពុជា។ ក្នុងករណីមានវិវាទកើតចេញពី ឬទាក់ទងនឹង GTCs នេះ Smart និងអ្នកប្រើប្រាស់ ត្រូវដោះស្រាយវិវាទដោយសន្តិវិធី។ ប្រសិនបើបណ្តាភាគីមិនអាចដោះស្រាយវិវាទបាន នោះភាគីណាមួយអាចបញ្ជូនវិវាទនេះទៅនិយ័តករទូរគមនាគមន៍ ឬតុលាការនៃប្រទេសកម្ពុជា។
ភាសា
- កិច្ចព្រមព្រៀង GTCs នេះជាភាសាអង់គ្លេស ហើយសំណៅភាសារអង់គ្លេសនឹងមានអធិកភាពលើរាល់ការបកប្រែទាំងឡាយ។ អ្នកប្រើប្រាស់ទទួលស្គាល់ថា ខ្លួនបានមានឱកាសពិនិត្យសំណៅបកប្រែជាភាសាខ្មែរនៃ GTCs ឬដោយការពិនិត្យសំណៅបកប្រែជាភាសាខ្មែរនៅលើគេហទំព័ររបស់ Smart។
ការទំនាក់ទំនងអំពីការផ្សព្វផ្សាយ និងការផ្តល់ជូនពិសេស
- Smart អាចផ្ញើសារផ្សាយពាណិជ្ជកម្មជាអេឡិចត្រូនិក ឬទូរស័ព្ទទៅអ្នកប្រើប្រាស់ដើម្បីជូនដំណឹងដល់ពួកគេអំពីផលិតផល និងសេវារបស់ Smart និងតតិយភាគីដែលជាដៃគូរបស់ Smart។
- អ្នកប្រើប្រាស់អាចបញ្ឈប់ការភ្ជាប់ (unsubscribe) ទៅនឹងសារផ្សព្វផ្សាយតាមរយៈ ៨៨៨។
ស្វ័យភាពនៃបញ្ញត្តិ
- ប្រសិនបើប្រការណាមួយនៃ GTCs មិនអាចអនុវត្តបាន នោះប្រការដែលនៅសល់នឹងបន្តអនុវត្តចំពោះអ្នកប្រើប្រាស់ និង Smart។
ការប្រគល់សិទ្ធិ
- Smart អាចផ្ទេរ ឬប្រគល់សិទ្ធិលើ GTCs នេះទាំងអស់ ឬដោយផ្នែកនៅពេលណាក៏បានដោយមិនចាំបាច់ចេញលិខិតជូនដំណឹងទៅអ្នកប្រើប្រាស់ ឬទទួលបានការយល់ព្រមជាមុនឡើយ។