Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata បានធ្វើដំណើរទៅកាន់ខេត្តសៀមរាបសម្រាប់សកម្មភាពអប់រំបរិស្ថានរួមជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបដិសេធប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមប្លាស្ទិក។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោង អ (Project R) ដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើប្រាស់បានតែម្តងនៅក្នុងនិងជុំវិញខេត្តសៀមរាប តាមរយៈការអប់រំ ការធ្វើសកម្មភាព និងការបំផុសគំនិត។ ក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata ដែលមានសមាជិកចំនួន ២៥នាក់បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីសារៈសំខាន់នៃការបដិសេធប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមប្លាស្ទិក។

ជាផ្នែកនៃការធ្វើដំណើរនេះ សមាជិកក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata បានធ្វើទស្សនកិច្ចសិក្សាមួយទៅកាន់ភូមិព្រះដាក់ដែលជាភូមិគំរូនៅក្នុងស្រុកបន្ទាយស្រី។ អាជ្ញាធរថ្នាក់មូលដ្ឋានបានពន្យល់បង្ហាញអំពីគំរូអភិវឌ្ឍន៍ ការគ្រប់គ្រងបរិស្ថាន និងការចូលរួមរបស់សហគមន៍នៅស្រុកបន្ទាយស្រី ។

ក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើដំណើរទៅកាន់ការិយាល័យរបស់អង្គការ CRST ផងដែរ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងអប់រំប្លាស្ទិក ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់គម្រោង អ។ នៅថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារដែលមានសមាជិកចំនួន ២៥នាក់មកពីក្រុមហ៊ុន Smart Axiata បានទៅទស្សនកិច្ចនៅវិទ្យាល័យកៀនសង្កែ និងបានចូលរួមជាមួយអ្នកតំណាងរបស់អង្គការ CRST ក្នុងការបង្រៀនសិស្សអំពីរបៀបកាត់បន្ថយ និងគ្រប់គ្រងការប្រើប្រាស់ និងកាកសំណល់ប្លាស្ទិករបស់ពួកគេ។

ក្នុងដំណើរទស្សនកិច្ចអប់រំអំពីបរិស្ថានរយៈពេលពីរថ្ងៃនេះ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគមួក ថង់យួរ ដបទឹក និងសម្ភារសិក្សាដល់សិស្សានុសិស្ស ដើម្បីជួយដល់ការសិក្សា និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរស់នៅប្រកបដោយនិរន្តរភាព។ លើសពីនេះ ក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata ក៏បានដាំ និងផ្តល់ជូនដើមឈើសរុបចំនួន ១០០ដើមនៅវិទ្យាល័យកៀនសង្កែផងដែរ។

កញ្ញា មី ម៉ាប់ អ្នកគ្រប់គ្រងទូទៅរបស់គម្រោង អ របស់អង្គការ CRST បានមានប្រសាសន៍ថា «យើងមានកិត្តិយសណាស់ដែលអាចបង្រៀនយុវជនកម្ពុជាអំពីសារៈសំខាន់នៃការកាត់បន្ថយបរិមាណប្លាស្ទិកប្រើប្រាស់បានតែម្តងនៅក្នុងប្រទេសកម្ពុជា។ យើងក៏សូមកោតសរសើរយ៉ាងខ្លាំងផងដែរដល់ក្រុមហ៊ុន Smart Axiata ដែលបានធ្វើការងារជាមួយក្រុមការងារយើង និងជួយយើងក្នុងការផ្តល់ឧបករណ៍ និងសម្ភារចាំបាច់ ដើម្បីជួយជំរុញគំនិតផ្តួចផ្តើមនេះឱ្យទៅមុខ»។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានសហការគ្នាជាមួយអង្គការ CRST ព្រោះថា ការលើកកម្ពស់ និងការរក្សានិរន្តរភាពបរិស្ថានបៃតងតែងតែជាអាទិភាពចម្បងសម្រាប់យើងនៅក្រុមហ៊ុន Smart Axiata ហើយយើងក៏មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាអំពីគំរូអភិវឌ្ឍន៍ភូមិពីអាជ្ញាធរថ្នាក់មូលដ្ឋានស្រុកបន្ទាយស្រីផងដែរ ដើម្បីស្វែងយល់ពីអ្វីដែលភាគីពាក់ព័ន្ធកំពុងធ្វើនៅថ្នាក់មូលដ្ឋាន»។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានមានប្រសាសន៍ថា៖ «យើងសូមអរគុណ និងមានកិត្តិយសណាស់ដែលក្រុមហ៊ុន Smart Axiata បានរៀបចំដំណើរទស្សនកិច្ចសិក្សាមកកាន់ស្រុករបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងក៏សង្ឃឹមផងដែរថា ក្រុមហ៊ុន Smart Axiata នឹងយកដំណើរទស្សនកិច្ចសិក្សានេះធ្វើជាបទពិសោធសិក្សាមួយដែលយើងអាចសម្លឹងឆ្ពោះទៅមុខទៅរកបរិស្ថានកាន់តែស្អាត និងអនាគតកាន់តែភ្លឺថ្លាសម្រាប់ប្រទេសកម្ពុជាមួយជំហានម្តងៗ»។

ដោយបានផ្តល់ការអប់រំសិស្សជាង ១៥ ០០០នាក់នៅឆ្នាំ២០២១ និង២០២២ មកពីសាលារៀនចំនួន៣១ នៅទីជនបទក្នុងខេត្តសៀមរាបជាមួយនឹងគ្រូចំនួន ៦៤នាក់ អង្គការ CRST រំពឹងថានឹងអប់រំសិស្សចំនួន ១២ ០០០នាក់បន្ថែមទៀតនៅឆ្នាំ២០២៣។ ជាផ្នែកមួយនៃយុទ្ធនាការនេះ ភាគីពាក់ព័ន្ធនានាក៏មានបំណងបំពាក់ធុងសំរាមចំនួន ១០០ធុងផងដែរនៅសាលារៀននិងសាកលវិទ្យាល័យចំនួនជាង៥០ និងផ្តល់ឱ្យសិស្សចំនួន ៤០ ០០០នាក់នូវដបទឹកផឹកដែលអាចប្រើឡើងវិញបាន និងថង់យួរធ្វើពីកប្បាសដែលអាចប្រើប្រាស់ឡើងវិញបានចំនួន ១៥ ០០០ថង់។

គិតត្រឹមពេលនេះ ក្រោមការជួយជ្រោមជ្រែងពីក្រុមហ៊ុន Smart Axiata អង្គការ CRST បានផលិតថង់យួរបានចំនួន ១០ ០០០ថង់ ហើយបាននិងកំពុងធ្វើការផលិតដបទឹកចំនួន ១០ ០០០ ព្រមទាំងដំឡើងម៉ាស៊ីនចម្រោះទឹកស្អាតចំនួន២ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើប្រាស់បានតែម្តង។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយដល់ទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) នៅកម្ពុជាដោយធ្វើការងាររួមគ្នាជាមួយក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន យុវជន ស្ថាប័នសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្ហាញសកម្មភាពរបស់ពួកគេឆ្ពោះទៅរក អនាគតដែលកាន់តែមាននិរន្តរភាព និងភាពប្រសើរសម្រាប់ទាំងអស់គ្នា។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអាកាសធាតុបន្ទាន់ តាមរយៈការពិនិត្យតាមដាន និងការគ្រប់គ្រងបរិមាណកាបូនឌីអុកស៊ីតរបស់ក្រុមហ៊ុនដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់និរន្តរភាពផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចប្រឹងប្រែងទាក់ទងនឹងបរិស្ថានរបស់ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ