Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅភ្នំពេញត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata

ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅជំុវិញរាជធានី។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ​(Sinovac) ចំនួន ១,៥ លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។

ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៤ លានដូស បន្ថែមទៀតរំពឹងថានឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថាពលរដ្ឋកម្ពុជាទទួលបានការការពារ​ប្រឆាំងជំងឺកូវីដ ១៩ ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពី ព្រឹតិ្តការណ៍ ថ្ងៃទី២០ កុម្ភៈ ។​

ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩​ របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវ តង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។

នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា៖«ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅពាសពេញប្រទេសកម្ពុជាគឺជាក្ដីបារម្ភដ៏ធំមួយ សម្រាប់យើងទាំងអស់គ្នានិងគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុងតាម​ដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើងពីជំងឺដ៏គួរឱ្យខ្លាចនេះ។ យើងបានប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ​ ១៩ របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុក ដែលអាចការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន។»

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់និងផ្ដើមប្រតិបត្តិការពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសា មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន  មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល។

មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩​ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះមូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជាង ១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ