Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ២០១៧ – អង្គការទស្សនៈពិភពលោក ចូលរួមជាមួយ ក្រុមហ៊ុន ស្មាត អាស្យាតា សូមអបអរសាទរ ការប្រកួតបាល់ទាត់ផ្ដាច់ព្រាត់ថ្នាក់ជាតិនៃគម្រោង One Goal នៅថ្ងៃនេះ ដែលត្រូវបានបង្កើតឡើងដើម្បីជួយពង្រឹងសមត្ថភាពយុវជនកម្ពុជាឲ្យពួកគេសម្រេចបានសក្តានុពលពេញលេញ។

គម្រោង “One Goal” បានចាប់ដំណើរការពីខែតុលា ឆ្នាំ ២០១៦ ដោយមានគោលបំណងផ្តោតសំខាន់លើយុវជននៅក្រៅប្រព័ន្ធសិស្សា ដើម្បីឲ្យពួកគេទទួលបានការបង្ហាត់បង្រៀនជំនាញបាល់ទាត់ និងបំណិនជីវិតល្អប្រសើរ។ អង្គការទស្សនៈពិភពលោក មានសេចក្ដីសប្បាយរីករាយជាខ្លាំង ដែលបានធ្វើជាដៃគូជាមួយ ក្រុមហ៊ុន ស្មាត អាស្យាតា ដោយពួកយើងមានតម្លៃ និងជំនឿរួមគ្នាក្នុងការប្តេជ្ញាចិត្ដធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងការពង្រឹងសមត្ថភាពប្រជាជនកម្ពុជា ដើម្បីប្រែក្លាយសហគមន៍របស់ពួកគេឲ្យក្លាយទៅជាសហគមន៍ដែលមាននិរន្តរភាព។

អ្នកស្រី នីកូល ចនសាន់ អ្នកដឹកនាំបច្ចេកទេសផ្នែកយុវជន របស់អង្គការទស្សនៈពិភពលោក មាន ប្រសាសន៍ថា៖ “កម្មវិធីនេះបានបំពេញបន្ថែមកង្វះចន្លោះនៅក្នុងសហគមន៍ដែលអង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការ ដោយធ្វើការជាមួយយុវជនដែលមិនទាន់ទទួលបានឱកាស និងគាំទ្រយុវជនឲ្យផ្ដល់តម្លៃឲ្យខ្លួនឯង កសាងទំនាក់ទំនងរឹងមាំជាមួយមិត្តភក្តិ និងសហគមន៍ និងអាចចេះសម្រេចចិត្ដបានត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ។”

អ្នកស្រី ចនសាន់ បានបន្ដទៀតថា៖ “យើងពិតជារំភើបចិត្ដណាស់ ដោយសារយុវជនជាច្រើន ទាំងប្រុសទាំងស្រី បានចូលរួម និងទទួលប្រយោជន៍ពីគម្រោងសាកល្បងមួយនេះ។ លើសពីនេះទៅទៀត យើងក៏បានបង្រៀនគាត់ឲ្យចេះជំនាញបាល់ទាត់ផងដែរ។”

យុវជន ៤០៨នាក់ដែលក្នុងនោះ ១៩០នាក់ជានារី បានចូលរួមជាមួយគម្រោងនៅស្រុកកោះអណ្ដែត ស្រុកគាស់ក្រឡ និងស្រុករវៀង។ ដោយសារតែមានការគាំទ្រពី ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងអង្គការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកីឡា SALT Academy យុវជនជាច្រើនបានឆ្លងកាត់ការបណ្តុះបណ្តាល អំពីបាល់ទាត់ និងបំណិនជីវិតរហូតទៅដល់ ២០វគ្គ ដែលចំណេះដឹងទាំងនេះមានមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលពួកគេកំពុងតែវិវឌ្ឍខ្លួនពីជាយុវជន ទៅជាមនុស្សពេញវ័យ។

មិនខុសពីលោកស្រី នីកូល ប៉ុន្មានដែរ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ស្មាត អាស្យាតា បាននិយាយថា “ការប្រកួតបាល់ទាត់ផ្ដាច់ព្រាត់ថ្នាក់ជាតិនៃគម្រោង One Goal គឺជាព្រឹត្តិការណ៍កំពូលនៃគម្រោងនេះ។ យើងពិតជាមានក្តីរីករាយ ដែលគម្រោងនេះទទួលយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការផ្សាភ្ជាប់ការអប់រំបណ្តុះបណ្តាលសំខាន់ៗ ទៅនឹងកីឡាបាល់ទាត់។ ក្រុមហ៊ុន ស្មាត គាំទ្រការផ្សាភ្ជាប់កីឡាជាមួយនឹងសកម្មភាពអភិវឌ្ឍ និងបានឧបត្ថម្ភអង្គការជាច្រើន ដូចជា អង្គការ HFCA ជាដើម ដើម្បីផ្តល់ឱកាសដល់កុមារគ្មានផ្ទះសំបែង អាចកសាងជីវិតរបស់ពួកគាត់ឡើងវិញតាមរយៈកីឡាបាល់ទាត់។”

លោក ថូម៉ាស បានបន្ថែមទៀតថា “ភាពជាដៃគូក្នុងគម្រោង One Goal នេះ គឺជាភ័ស្តុតាងមួយទៀត ដែលបង្ហាញថា កីឡាបាល់ទាត់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការប្រែក្លាយជីវិតរបស់យុវជន និងកុមារដែលជួបប្រទះការខ្វះខាត ក៏ដូចជាលើកទឹកចិត្តឲ្យពួកគាត់មានក្តីសង្ឈឹម និងក្តីសុបិន្តថ្មីៗ។ យើងមានក្តីរំភើបក្នុងការបន្តសហការបន្ថែមទៀតជាមួយអង្គការទស្សនៈពិភពលោក និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រីកវិសាលភាពគម្រោងនេះឲ្យបានទូទាំងប្រទេស។”

គម្រោង One Goal ដែលជាម្រោងសាកល្បងរយៈពេល១ឆ្នាំនេះ ក៏មានគោលបំណងចង់ឲ្យយុវជនបានចេញឆ្ងាយពី អំពើហិង្សា ការប្រើប្រាស់ថ្នាំញៀន និងឥរិយាបថអវិជ្ជមានផ្សេងៗទៀត និងជម្រុញឲ្យពួកគេចំណាយពេលវាលាទៅលើសកម្មភាពដែលមានប្រយោជន៍ដែលអាចជួយឲ្យពួកគេសម្រេចចិត្ដនៅក្នុងជីវិតរបស់ពួកគេបានល្អ។

អង្គការទស្សនៈពិភពលោក គ្រោងនឹងពង្រីកការអនុវត្ដ គម្រោង One Goal ទៅកាន់តំបន់ប្រតិបត្តិការស្រុក ១៤ នៅឆ្នាំក្រោយដោយរពឹងថានឹងមានការចូលរួមពីយុវជន ២០០០ នាក់។

យុវជន តូច ទិន មកពី ស្រុកគាស់ក្រឡ ធ្លាប់តែចំណាយពេលវេលាជាច្រើនសេពគ្រឿងស្រវឹងជាមួយមិត្តភក្តិរបស់គាត់។ ប៉ុន្តែឥឡូវគាត់ និងមិត្តភក្តិរបស់គាត់ បានបែរមកចំណាយពេលរៀនអំពីបំណិនជីវិត និងសាមគ្គីភាព។ យុវជន ទិន បានមានចំណាប់អារម្មណ៍ថា ៖ “ មុនពេលចូលរួមក្នុងកម្មវិធីរបស់គម្រោង One Goal, ខ្ញុំធ្លាប់តែចំណាយពេលវេលាជាច្រើននៅលើសកម្មភាពគ្មានប្រយោជន៍ជាមួយមិត្តភក្តិ។ ការលេងបាល់ទាត់ជួយកាត់បន្ថយភាពតានតឹង និងធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ការចូលរួមជាមួយគម្រោង One Goal បានធ្វើឲ្យខ្ញុំផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន។

ដោយសារតែយុវជនតំណាងឱ្យប្រមាណជា៣៣ភាគរយនៃប្រជាជនកម្ពុជាសរុប កិច្ចសហប្រតិបត្តិការ រវាង អង្គការទស្សនៈពិភពលោក និង ក្រុមហ៊ុន ស្មាត អាស្យាតា ជួយយុវជនឱ្យសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់គឺជាជំហានមួយនៅលើផ្លូវត្រូវ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ