Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៧ – ជ័យលាភីចំនួនប្រាំក្រុម កាលពីម្សិលមិញបានឈ្នះទឹកប្រាក់ ៤០០០ ដុល្លារ ក្នុងមួយក្រុមៗ និងការជួយជ្រោមជ្រែងគាំទ្រដល់អាជីវកម្មថ្មីរបស់ខ្លួនរយៈពេល ៦ ខែ បន្ទាប់ពីបទបង្ហាញគំនិតអាជីវកម្មបែបឌីជីថលរបស់ពួកគេ ត្រូវបានចាត់ទុកថាអាចមានលទ្ធភាពទទួលបានជោគជ័យបំផុត នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី SmartStart របស់ក្រុមហ៊ុន Smart ។

បន្ទាប់ពីឆ្លងកាត់ការផ្ដល់ដំបូន្មានពីអ្នកជំនាញមកពីក្រុមហ៊ុន Smart និងពីវិស័យអាជីវកម្មរួចមក បេក្ខជន ១៥ ក្រុមដែលបានជម្រុះសល់ពីវគ្គទីមួយនៃគម្រោងនេះ បានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួនដល់គណៈកម្មការវាយតម្លៃ ដែលក្នុងនោះរួមមានលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Kanishka Wickrama នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Smart កញ្ញា Zoe NG សហស្ថាបនិកក្រុមហ៊ុន Raintree កញ្ញា Malypoeur Plong ស្ថាបនិកក្រុមហ៊ុន Stops Near Me និងលោក David Sok Dara Marshall នាយកក្រុមហ៊ុន Mekong Strategic Partners ។

ជ័យលាភីទាំងប្រាំក្រុមនេះគឺត្រូវបានជម្រុះចេញពីបេក្ខជនដំបូងចំនួន ៣០ ក្រុម ដែលសុទ្ធសឹងជានិស្សិតមកពីសកលវិទ្យាល័យនានា ។ នៅពេលនេះ ពួកគេនឹងឈានដល់ដំណាក់កាលបណ្ដុះបណ្ដាលលម្អិតរយៈពេល ៦ ខែ ដែលក្នុងរយៈកាលនេះ ផែនការអាជីវកម្មរបស់ពួកគេនឹងត្រូវសម្រិតសម្រាំងបន្ថែមទៀត និងរៀបចំឲ្យចេញជាគំនិតអាជីវកម្មដែលអាចទទួលផលចំណេញ ។ ក្រុមដែលរីកលូតលាស់លឿនបំផុតនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីធ្វើទស្សនកិច្ចនៅក្រុមហ៊ុននានា ដូចជា Google, Facebook និង Microsoft ជាដើម និងដើម្បីទទួលបាននូវគន្លឹះ និងដំបូន្មានដ៏មានតម្លៃបន្ថែមទៀត ។

កញ្ញា Zoe Ng ជានាយកក្រុមហ៊ុន Raintree និងជាសមាជិកគណៈកម្មការ បានកោតសរសើរដល់ក្រុមបេក្ខជនទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងគំនិតល្អៗរបស់ពួកគេ ។

កញ្ញាបានមានប្រសាសន៍ថា៖ “ក្រុមទាំងប្រាំបានធ្វើឲ្យខ្ញុំ និងគណៈកម្មការភ្ញាក់ផ្អើលចំពោះគុណភាពនៃគំនិតអាជីវកម្មរបស់គេ ក៏ដូចជាការប្ដេជ្ញាចិត្តដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន ។ ខ្ញុំពិតជាចង់ឃើញគំនិតអាជីវកម្មរបស់ពួកគេក្លាយជាការពិត ក៏ដូចជាចង់ឃើញអតិថិជនដំបូងរបស់គេផងដែរ ។ នេះជាពេលវេលាដ៏សោមនស្ស ដែលខ្ញុំបានចូលរួមក្នុងការបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅកម្ពុជា ។ និស្សិតទាំងអស់នេះ គឺជាតឹកតាងបញ្ជាក់ឲ្យឃើញពីគុណភាពនៃគំនិតអាជីវកម្មទៅថ្ងៃខាងមុខ” ។ ក្រុមជ័យលាភីទាំងប្រាំនោះមាន៖

  1. ក្រុម Go Soccer៖ ជាវិបសាយដែលអនុញ្ញាតឲ្យអ្នកកក់ទីលានបាល់ទាត់គ្រប់ទីកន្លែងក្នុងក្រុងភ្នំពេញ
  2. ក្រុម Prestige៖ ជាវិបសាយដែលផ្ដល់សេវាកម្ម ប្រឹក្សាយោបល់អំពីកាដូ ការវេចខ្ចប់ និងការដឹកជញ្ជូនជូនដល់ម្ចាស់កាដូ
  3. ក្រុម Spare៖ ជា App ដែលយើងអាច កក់ទីតាំងរឺការិយាល័យទំនេរបាន
  4. ក្រុម Be First៖ ជា App ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់រៀនភាសាខ្មែរកម្រិតមូលដ្ឋានតាមរយៈការហាត់អនុវត្តថាតាមសូរស័ព្ទ ក៏ដូចជាការរៀនសូត្រអំពីវប្បធម៌ផងដែរ
  5.  
  6. ក្រុម “សុភមង្គល”៖ ជា App ដែលអនុញ្ញាតឲ្យគូស្នេហ៍ដែលគ្រោងនឹងរៀបការ អោយអាចទាក់ទងជាមួយនឹងអ្នកផ្គត់ផ្គង់និងសេវារៀបចំអាពាហ៍ពិពាហ៍របស់ខ្លួនបាន។

និស្សិត ពៅ សុខុម មកពីក្រុម Prestige បាននិយាយថា ការឈានមកដល់ដំណាក់កាលនេះ គឺជាពេលវេលាដ៏អស្ចារ្យសម្រាប់ក្រុមគាត់ ។ លោកបានថ្លែងថា៖ “ខ្ញុំមិនដែលគិតសោះថា ខ្ញុំនិងក្រុមខ្ញុំនឹងឆ្លងមកដល់វគ្គនេះ ។ យើងដឹងហើយថា យើងមានគំនិតល្អ ប៉ុន្តែ ការជួយគាំទ្រដែលយើងទទួលបាន ពិតជាបានបង្ហាញផ្លូវឲ្យពួកយើងសម្រិតសម្រាំងគំនិតមួយនេះឲ្យកាន់តែប្រសើរថែមទៀត ។ ខ្ញុំសូមថ្លែងអំណរគុណដល់មិត្តភក្តិ ក្រុមគ្រួសារ សកលវិទ្យាល័យរបស់ខ្ញុំ ក៏ដូចជា SmartStart ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំឈោងចាប់ក្តីសុបិន ហើយកំពុងតែឈានខិតទៅរកការអនុវត្តគំនិតអាជីវកម្មរបស់យើងឲ្យចេញជាផ្លែផ្កា ។ នេះពិតជាបទពិសោធន៍ ដែលជួយកែប្រែជីវិតសម្រាប់យើងទាំងអស់គ្នា ហើយខ្ញុំសូមជំរុញឲ្យមិត្តភក្តិចូលរួមឲ្យបានច្រើនក្នុងគម្រោងនេះនាឆ្នាំក្រោយ” ។

ក្រុមហ៊ុន Smart បានដាក់ចេញកម្មវិធី “SmartStart: Young Innovator Program” របស់ខ្លួននៅខែកុម្ភៈ ។ គម្រោងនេះទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណង បំផុស ជំរុញ និងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យា ដល់បណ្ដានិស្សិតដែលសិក្សានៅសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ដោយផ្ដល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសដល់គំនិតអាជីវកម្មរបស់ពួកគេ ។

បេក្ខជន ៣០ ក្រុមដំបូងត្រូវបានជម្រុះមកនៅត្រឹមតែ ១៥ ក្រុមនៅក្នុងវគ្គ Hackathon រយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅកាលពីចុងខែមេសា ។ នៅពាក់កណ្ដាលខែឧសភា ក្រុមបេក្ខជនបានចូលរួមវគ្គ “Technopreneurship Challeng” ដែលពេលនោះ ពួកគេទទួលបានការដុសខាត់គម្រោងអាជីវកម្មរបស់ខ្លួន ព្រមទាំងទទួលបាននូវគំនិត និងដំបូន្មានល្អៗពីអ្នកជំនាញនានា និងដែលមកពីក្រុមហ៊ុន Smart ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បានអបអរដល់ជ័យលាភីទាំងប្រាំក្រុម ហើយមានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងក្នុងការប្រកួតប្រជែងកន្លងមកនេះ ។

លោកបានមានប្រសាសន៍ថា៖ “ខ្ញុំត្រូវនិយាយថា សិស្សនិស្សិតកម្ពុជាពិតជាមានទេពកោសល្យខ្លាំងណាស់។ បេក្ខជនទាំង ១៥ ក្រុមបានធ្វើឲ្យអ្នកទស្សនារំភើបក្នុងចិត្ត ហើយបានទាក់ទាញទឹកចិត្តដល់មនុស្សម្នាឲ្យចាប់អារម្មណ៍ចំពោះបទបង្ហាញអំពីអាជីវកម្មថ្មីផ្នែកបច្ចេកវិទ្យារបស់ខ្លួននាថ្ងៃនេះ ។ ក្រុមហ៊ុន Smart មានមោទនភាពដែលបានរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅរកការបង្កើតអាជីវកម្មបែបឌីជីថលរបស់ពួកគេនេះ ។ រួមជាមួយនឹងដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងស្ថិតនៅបន្តគាំទ្រក្រុមនិស្សិតទាំងនេះក្នុងរយៈពេល ៦ ខែទៀត ដើម្បីជួយពួកគេបង្កើតអាជីវកម្មថ្មីរបស់ខ្លួនបានយ៉ាងពិតប្រាកដ ។ យើងនឹងពិចារណាផងដែរលើការវិនិយោគបន្ថែមក្នុងអាជីវកម្មដែលមានវឌ្ឍនភាពបំផុត” ។

លោក Thomas Hundt បានថ្លែងបន្តទៀតថា៖ “ ក្រុមហ៊ុន Smart មានជំនឿថា យុវជនជំនាន់នេះ គឺជាជោគវាសនាទៅថ្ងៃអនាគត ហើយយើងមានបំណងដុសខាត់ និងអភិវឌ្ឍនូវបំនិនដែលមិនទាន់កែខៃរបស់ពួកគេ។ ខ្ញុំមានសេចក្តីសុទិដ្ឋិនិយមថា កម្មវិធីប្រចាំឆ្នាំនេះនឹងបន្តបង្កើតធនធានដែលមានទេពកោសល្យ និងធនធានផ្នែក ICT បានច្រើនថែមទៀតឆ្ពោះទៅរកអនាគតបែបឌីជីថល” ។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ នៅអំឡុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានអបអរដល់ជ័យលាភីទាំងអស់ ហើយបានជំរុញទឹកចិត្តដល់បេក្ខជនទាំងអស់ឲ្យប្រើប្រាស់ឱកាសនេះ ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលខ្ពស់ថ្លៃថ្លា។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរដល់បេក្ខជនទាំងអស់ដែលបានឈានមកដល់វគ្គនេះ។ អ្នកទាំងអស់គ្នា គឺជាអនាគតនៃប្រទេសរបស់យើង ខណៈពេលដែលវិស័យ ICT ដើរតួនាទី ចម្បងក្នុងការបោះជំហានចូលទៅក្នុងបដិត្តន៍ឧស្សាហកម្មទី ៤ ។ ខ្ញុំសូមជំរុញទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបន្តការតាំងចិត្តដើម្បីអភិវឌ្ឍក្តីសុបិនបែបឌីជីថលរបស់យើងជាមួយនឹងក្រុមហ៊ុន Smart ហើយសូមកោតសរសើរដល់ភាគីពាក់ព័ន្ធក្នុងការបង្កើតកម្មវិធីដ៏ល្អមួយនេះសម្រាប់និស្សិតសកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា” ។

សូមតានដានអំពីវឌ្ឍនភាពរបស់ជ័យលាភីទាំងប្រាំក្រុមនៅលើទំព័រ Facebook ថ្មីរបស់ក្រុមហ៊ុន Smart ឈ្មោះថា “Smart for Cambodia” តាមរយៈ www.facebook.com/smart4cambodia/ ដែលត្រូវបានបង្កើតឡើងដើម្បីចែករំលែកព័ត៌មានស្ដីពីសកម្មភាពទំនួលខុសត្រូវផ្នែកសង្គម និងគំនិតផ្ដួចផ្ដើមប្រកបដោយនិរន្តរភាពនៅកម្ពុជា ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ