កម្មវិធីអាហារូបករណ៍របស់ស្មាត បន្តផ្ដល់មូលនិធិដល់និស្សិតចំនួន ១០នាក់បន្ថែមទៀត លើជំនាញព័ត៌មានវិទ្យា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានជាតិ NIPTICT
រាជធានីភ្នំពេញ ថ្ងៃទី ០៤ តុលា ឆ្នាំ២០១៧៖ ក្រុមហ៊ុន ស្មាតអាស្យាតា និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានពង្រឹងកិច្ចព្រមព្រៀង ដើម្បីគាំទ្រដល់យុវជនកម្ពុជាដែលមានទេពកោសល្យ ក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT)។
នៅក្នុងពិធីចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនស្មាតបានសន្យាថានឹងផ្តល់មូលនិធិផ្គត់ផ្គង់ពេញលេញសម្រាប់ការសិក្សារបស់និស្សិតចំនួន ១០នាក់ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទាក់ទងនឹង ICT នៅវិទ្យាស្ថានជាតិ NIPTICT ។
ដើម្បីបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) ក្នុងការអភិវឌ្ឍវិស័យ ICT និងសេដ្ឋកិច្ចឌីជីថលរបស់របស់ជាតិ ក្រុមហ៊ុនស្មាតបានផ្តល់ថវិកាចំនួន ៣៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់អាហារូបករណ៍ចំនួន ៣០ កន្លែង ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់គ្នារយៈពេល ៣ឆ្នាំ ជាមួយ វិទ្យាស្ថានជាតិ NIPTICT ។
នៅក្នុងកម្មវិធីចុះហត្ថលេខានេះ ឯកឧត្តម រដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានអបអរសាទរដល់ភាពជាដៃគូរវាងក្រុមហ៊ុនស្មាត និង វិទ្យាស្ថានជាតិ NIPTICT ហើយបានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញនូវសមិទ្ធផលថ្មីនេះ ដែលកើតចេញពីភាគីទាំងពីរ។ ក្រុមហ៊ុនស្មាត តែងតែជាដៃគូអភិវឌ្ឍន៍ដ៏ខ្លាំងខ្លាមួយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើនក្នុងវិស័យ ICT ។ តាមរយៈកិច្ចសហការថ្មីមួយនេះ យើងនឹងបន្តអភិវឌ្ឍយុវជនដែលមានទេពកោសល្យ និងអ្នកជំនាញបន្ថែមទៀត ស្របទៅតាមចក្ខុវិស័យ ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០”។
អាហារូបករណ៍ចំនួន ១០កន្លែង ដែលត្រៀមសម្រាប់និស្សិតប្រឡងយកនេះ គឺស្ថិតក្នុងចំណោមអាហារូបករណ៍ចំនួនសរុប ២០កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ SmartEdu នាឆ្នាំនេះ ដែលកម្មវិធីនេះក៏ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ការផ្ដល់ជូនអាហារូបករណ៍ពិសេសសម្រាប់ជំនាញ ICT ត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ស្របតាមចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រឹងជំនាញ ICT នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត សំ សិទ្ធសេរី នាយករងវិទ្យាស្ថានជាតិ NIPTICT មានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុនស្មាតបានពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu របស់ខ្លួន និងផ្តល់អាហារូបករណ៍ជំនាញ ICT ចំនួន ១០ កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតដែលជួបបញ្ហាហិរញ្ញវត្ថុ ហើយមានបំណងចង់សិក្សានៅវិទ្យាស្ថានជាតិ NIPTICT។ តាមរយៈកម្មវិធីនេះ និស្សិត អាហារូបករណ៍ ក៏នឹងអាចអាចចូលរួម ក្នុងគំនិតផ្តួចផ្តើម និងសិក្ខាសាលាជាច្រើនទៀត ដែលក្រុមហ៊ុនស្មាត កំពុងបង្កើតឡើងសម្រាប់ យុវជនកម្ពុជា”។
នៅដើមឆ្នាំ២០១៦ ក្រុមហ៊ុនស្មាត បានបរិច្ចាកទឹកប្រាក់ជាង ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សាងសង់អន្តេវាសិកដ្ឋានក្នុង វិទ្យាស្ថានជាតិ NIPTICT សម្រាប់ឲ្យនិស្សិតយ៉ាងហោចណាស់ ១០០នាក់បានស្នាក់នៅ ដែលនិស្សិតខ្លះមកពីទីជនបទ ហើយដែលការឧបត្ថម្ភនេះ បានអនុញ្ញាតឲ្យពួកគេបានប្រើប្រាស់ធនធានផ្នែក ICT ដើម្បីជាការអភិវឌ្ឍជំនាញមានសមត្ថភាពប្រកួតប្រជែងថ្នាក់សាកល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនស្មាត ក៏ជាដៃគូសំខាន់របស់កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា និងកម្មវិធីពានរង្វាន់ ICT កម្ពុជា របស់វិទ្យាស្ថានជាតិ NIPTICT ផងដែរ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានពន្យល់ថា៖ “ស្របពេលដែលក្រុមហ៊ុនស្មាតនៅតែបន្តជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ចល័ត និងជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍសហគមន៍ ដូច្នេះជាធម្មតា យើងតែងលើកទឹកចិត្តដល់ការអភិវឌ្ឍជំនាញ ICT តាមរយៈការអប់រំ។ ដូច្នេះហើយ បានជាយើងសម្រេចចិត្តពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu នៅឆ្នាំនេះ! ខ្ញុំសង្ឃឹមថាកម្មវិធីនេះ នឹងបើកឱកាសបន្ថែមសម្រាប់យុវជនខ្មែរដែលមានទេពកោសល្យ នៅពេលដែលពួកគេបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងមានភាពឆ្លាតវៃ”។
កម្មវិធីអាហារូបករណ៍ SmartEdu បានចាប់អនុវត្តនៅឆ្នាំ ២០១៦ ដើម្បីជួយសម្រួលជាពិសេសសម្រាប់សិស្សានុសិស្សកម្ពុជាដែលពុំមានលទ្ធភាពគ្រប់គ្រាន់។ ក្រៅពីការឧបត្ថម្ភលើថ្លៃសិក្សាប្រចាំឆ្នាំ ក្រុមហ៊ុនស្មាត ថែមទាំងផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់រយៈពេលទាំងមូលនៃការសិក្សាថ្នាក់បរិញ្ញាប័ត្ររបស់ពួកគេ ដែលសរុបរួម គឺមានទំហំទឹកប្រាក់រហូតដល់ ១៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់និស្សិតអាហារូបករណ៍ម្នាក់។ អ្នកដាក់ពាក្យសុំអាហារូបករណ៍ SmartEdu គឺត្រូវតែបំពេញតាមលក្ខខណ្ឌជានិស្សិតដែលខ្វះខាតផ្នែកហិរញ្ញវត្ថុ ហើយយ៉ាងហោចណាស់ទទួលបាននិទ្ទេស B ពីការប្រលងទុតិយភូមិកាលពីពេលថ្មីៗ និងមានការព្រមព្រៀងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅតាមសកលវិទ្យាល័យរដ្ឋនានា រួមបញ្ចូលទាំងវិទ្យាស្ថានជាតិ NIPTICT ផង។