Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី២៨ មីនា ឆ្នាំ២០១៧៖ ក្រុមហ៊ុន Smart Axiata បានសម្ពោធមូលនិធិដែលមានទុនវិនិយោគ ៥លានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុន និងក្រុមហ៊ុនបង្កើតថ្មីក្នុងវិស័យឌីជីថល នៅកម្ពុជា ។ គំនិតផ្តួចផ្តើមថ្មីបំផុតនេះពីក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេរបស់ប្រទេសកម្ពុជា ត្រូវបានប្រកាសក្នុងអំឡុងពេលពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានវត្តមានចូលរួមពីភាគីពាក់ព័ន្ធអន្តរក្រសួង និងតំណាងពីសហគមន៍បច្ចេកវិទ្យានៅកម្ពុជា ជាច្រើនរូប ។

មូលនិធិនេះសំរាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់ប្រឹក្សា និងវិនិយោគ Mekong Strategic Partners (MSP) ។ មូលនិធិនេះ សំដៅធ្វើការវិនិយោគទៅលើអាជីវកម្មនៅក្នុងវិស័យឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យនេះ ដែលគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមួយកម្រិតទៀត ។

ខណៈចំនួនសហគ្រិនក្នុងវិស័យឌីជីថលនៅកម្ពុជាបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅមិនទាន់មានមូលនិធិច្បាស់លាស់មួយដែលផ្តោតលើការវិនិយោគនៅក្នុងអាជីវកម្មទាំងនោះទេ ពោលគឺ ទាំងការគាំទ្រផ្នែកថវិកា និងបច្ចេកទេស ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart មានក្តីរំភើបរីករាយ ក្នុងការសម្ពោធមូលនិធិដ៏មានសក្តានុពលនេះ ដែលជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមការងារជាច្រើនទៀតក្នុងវិស័យឌីជីថល របស់ក្រុមហ៊ុន Smart នឹងរៀបចំឡើង ក្រោមស្មារតីបន្តធ្វើជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ។

លោក ថូម៉ាស បានមានប្រសាសន៍ថា “ថ្ងៃនេះ ជំពូកថ្មីមួយក្នុងដំណើរឆ្ពោះទៅមុខនៃវិស័យឌីជីថលនៅកម្ពុជា នឹងចាប់ផ្តើមហើយ ដោយយើងរំពឹងថា មូលនិធិនេះនឹងជំរុញរលកថ្មីមួយក្នុងការអភិវឌ្ឍនៃវិស័យឌីជីថល ។ យើងកំពុងស្វែងរកក្រុមហ៊ុន ឬសហគ្រិន ក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងធ្វើការទាក់ទងនឹងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មឌីជីថល ការកំសាន្ត ប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សព្វផ្សាយពាណិជ្ជកម្ម ការអប់រំ និងការថែទាំសុខភាព ។ បច្ចេកវិទ្យាទាំងនេះនឹងមិនត្រឹមតែបំពេញបន្ថែមអោយបណ្តាញតភ្ជាប់លំដាប់ថ្នាក់លេខមួយរបស់យើងប៉ុណ្ណោះទេ តែក៏នឹងធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួល និងភាពតភ្ជាប់កាន់តែខ្ពស់ ។”

ការវិនិយោគពីមូលនិធិសម្រាប់បុគ្គលម្នាក់ៗ មានចន្លោះទឹកប្រាក់ពី ២៥ពាន់ ដល់ ៥០ពាន់ដុល្លារអាមេរិក ដោយអាស្រ័យលើដំណាក់កាលនៃការអភិវឌ្ឍអាជីវកម្ម វិស័យពាក់ព័ន្ធ និងតម្រូវការថវិការបស់អាជីវកម្មនីមួយៗ ។

បន្ថែមពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនក៏នឹងផ្តល់នូវការគាំទ្រដល់អាជីវកម្ម និងអាជីវកម្មចាប់ផ្តើមថ្មី តាមរយៈការផ្ដល់ប្រឹក្សា ការចែករំលែកចំណេះដឹង និងការគាំទ្រផ្នែកអភិវឌ្ឍពាណិជ្ជកម្ម ។ អ្នកវិនិយោគមានសក្តានុពល ក៏នឹងទទួលបានការណែនាំក្នុងការធ្វើទីផ្សារ ការអភិវឌ្ឍម៉ាកយីហោ និងដំណើរការអាជីវកម្មសំខាន់ៗផ្សេងទៀត ដែលដកស្រង់ពីបទពិសោធន៍របស់ក្រុមហ៊ុន Smart ដើម្បីធ្វើអោយគោលដៅអាជីវកម្មសម្រេចទៅបានដោយជោគជ័យ ។

លោក ថូម៉ាស បានបន្ថែមទៀតថា “យើងនឹងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុន និងអាជីវកម្មដែលយើងសម្រេចចិត្តធ្វើការវិនិយោគ ដោយយើងនឹងផ្តល់អោយពួកគាត់នូវការគាំទ្រផ្នែកបច្ចេកទេស និងលទ្ធភាពភ្ជាប់ទៅកាន់អតិថិជនរបស់យើងជាង ៨លាននាក់ ដែលបាននិងកំពុងប្រើសេវាកម្មឌីជីថលនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់រួចទៅហើយ ។”

មូលនិធិនេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន MSP ចាប់តាំងពីការកំណត់អត្តសញ្ញាណដំបូងនៃឱកាសវិនិយោគសក្តានុពល រហូតដល់ការគ្រប់គ្រងកំណើនក្រោយការវិនិយោគ ។

លោក Stephen Higgins អគ្គនាយកក្រុមហ៊ុន MSP បានមានប្រសាសន៍ថា “យើងជឿជាក់ថាមានឱកាសអាជីវកម្មច្រើនណាស់ក្នុងវិស័យបច្ចេកវិទ្យា ហើយយើងមានក្តីរំភើបឥតឧបមា ដោយបានចាប់ផ្តើមមូលនិធិវិនិយោគនេះរួមគ្នាជាមួយក្រុមហ៊ុន Smart ។ យើងនឹងធ្វើការវិនិយោគក្នុងក្រុមហ៊ុនដំណាក់កាលដំបូង និងដំណាក់កាលកំពុងលូតលាស់ ។ យើងក៏ចង់វិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានជោគជ័យ និងមានក្តីប្រាថ្នាធំធេង ដែលបានចាប់ផ្តើមផលិតផល ឬសេវាកម្មបច្ចេកវិទ្យារបស់ពួកដោយជោគជ័យ ហើយកំពុងចង់ពង្រីកបន្ថែមទៀត ។”

អ្នកចូលរួមនៅក្នុងពិធីសម្ពោធមូលនិធិនេះ មានក្តីរំភើបចំពោះឱកាសថ្មីៗសម្រាប់សហគ្រិនក្នុងវិស័យឌីជីថលក្នុងប្រទេសកម្ពុជា ។ អារម្មណ៍នេះក៏បានលើកឡើងដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ ដោយ ឯកឧត្តម បានមានប្រសាសន៍ថា “មានគំនិងច្នៃប្រឌិតជាច្រើនដែលកំពុងកើតឡើងក្នុងវិស័យបច្ចេកវិទ្យា និងសេវាកម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តគាំទ្រដល់ចំពោះកិច្ចការនេះ សំដៅអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ ក្នុងនាមជាភាគីពាក់ព័ន្ធសំខាន់នៅក្នុងវិស័យនេះយើងគួរតែផ្តោតការយកចិត្តទុកដាក់របស់យើងនៅលើការកំណត់អត្តសញ្ញាណការសហការនិងការអនុវត្តន៍នូវឱកាសល្អបំផុតសម្រាប់បច្ចេកវិទ្យាដើម្បី រួមបញ្ចូលបច្ចេកវិទ្យាសំដៅ ឆ្ពោះទៅរកការសម្រេចបានសហគមន៍បានភ្ជាប់យ៉ាងពិតប្រាកដនៅទីនេះក្នុងប្រទេសកម្ពុជា។”

ឯកឧត្តម ត្រាំ អ៊ីវតឹក បានអបអរសាទរចំពោះក្រុមហ៊ុន Smart ក្នុងការសម្ពោធមូលនិធិនេះ ព្រោះកិច្ចការនេះស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយ ឯកឧត្តម ទន្ទឹងរង់ចាំមើលផ្លែផ្កានៃគំនិតផ្តួចផ្តើមថ្មីនេះ ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា “ក្រុមហ៊ុន Smart គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់យើងក្នុងដំណើរនេះ ហើយខ្ញុំសូមកោតសរសើរចំពោះការគាំទ្ររបស់ក្រុមហ៊ុន តាមរយៈការផ្តួចផ្តើមជាច្រើន ដូចជា មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល និងកម្មវិធី SmartStart ជាដើម ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់សហគ្រិនក្នុងវិស័យឌីជីថលនៅកម្ពុជាយើង ។ ខ្ញុំមានសុទិដ្ឋិនិយមថា មូលនិធិនេះនឹងពន្លឿន ក៏ដូចជាចូលរួមចំណែកជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យឌីជីថលនៅកម្ពុជា ។

មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន ស្មាត គឺជាវេទិកាមួយក្នុងចំណោមវេទិកាជាច្រើន ដែលក្រុមហ៊ុន Smart បានបង្កើតឡើង ដើម្បីជំរុញសហគ្រិនវ័យក្មេង និងអាជីវកម្មមានសក្តានុពល អាចរីកលូតលាស់ទៅមុខ ។ គំនិតផ្តួចផ្តើមថ្មីៗចុងក្រោយនេះ ដូចជា កម្មវិធី SmartStart: Young Innovator Program និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍអាជីវកម្ម និងកម្មវិធីលើកកម្ពស់ការយល់ដឹងផ្សេងទៀត នឹងរួមចំណែកពន្លឿនការបង្កើតអាជីវកម្មថ្មីៗក្នុងវិស័យឌីជីថល និងបង្កើនឱកាសច្នៃប្រឌិត នៅពេលអនាគតបន្ថែមទៀត ។

សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិនេះ សូមចូលទៅកាន់គេហទំព័រ www.sadif.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ