
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកម្មវិធី BEEP របស់អង្គការយូណេស្កូ
ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអីុនធឺណិត (BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលា ឱ្យបញ្ចប់ការអប់រំអនុវិទ្យាល័យ ដោយធ្វើការងារជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម BEEP នេះ ដើម្បីធានាថា យុវជនក្រៅសាលាអាចបញ្ចប់ការសិក្សាកម្មវិធីនេះ និងបន្តការសិក្សានៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬសាលាបច្ចេកទេសនានា។
កម្មវិធី BEEP ផ្តល់ជូនមុខវិជ្ជាសរុបចំនួន ១១ ដោយសិក្សាតាមអេឡិចត្រូនិច ដែលសិស្សានុសិស្សអាចរកបានមុខវិជ្ជាទាំងនេះសម្រាប់ការរៀនសូត្រនៅក្នុងកម្មវិធី Moodle ជាភាសាខ្មែរ។ កម្មវិធីនេះផ្តល់ជូនការអប់រំប្រកបដោយភាពបត់បែន និងបែបជម្រើសដល់យុវជនក្រៅសាលា ដែលអាចឱ្យពួកគេបញ្ចប់ការអប់រំថ្នាក់អនុវិទ្យាល័យឬការអប់រំមូលដ្ឋានដែលស្មើនឹងថ្នាក់ទី៩។
កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជាផ្នែកមួយនៃកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ក្នុងដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរួមគ្នាមួយរវាងអង្គការសហប្រជាជាតិមួយនេះជាមួយនឹងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះមានបំណងជួយយុវជន និងយុវនារីក្នុងប្រទេសកម្ពុជាឱ្យទទួលបានឱកាសកាសការងារសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាថា ពួកគេមានសមត្ថភាពកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ការងារប្រកប ដោយគុណភាព។
កម្មវិធី BEEP ក៏អាចផ្តល់លទ្ធភាពឱ្យយុវជននិងយុវនារីកម្ពុជាបញ្ចប់ការអប់រំរបស់ពួកគេផងដែរ ខណៈដែលកំពុងបន្តសកម្មភាពការងារ។ លក្ខណៈសម្បត្តិការអប់រំមូលដ្ឋានដែលផ្តល់ដោយកម្មវិធី BEEP បន្ទាប់ពីបញ្ចប់ការសិក្សាកម្មវិធីនេះ អាចឱ្យសិស្សានុសិស្សស្វែងរកឱកាសការងារសមស្រប។
ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ មជ្ឈមណ្ឌលសិក្សារបស់កម្មវិធី BEEP ចំនួន២១ កន្លែង ត្រូវបានបង្កើតឡើងក្នុងខេត្តចំនួន១១ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលសិក្សាចំនួន ៣៥ កន្លែងបន្ថែមទៀតគ្រោងនឹងបង្កើតឡើងនៅទូទាំងខេត្តចំនួន ១៥ នៅត្រឹមឆ្នាំ២០២៣។
ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាចិត្តផ្តល់ធេប្ល៊ីតចំនួន ៣៥០គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលអាចប្រើប្រាស់អីុនធឺណិតគ្មានដែនកំណត់ដោយឥតគិតថ្លៃ ទៅឱ្យសិស្សចំនួន ៥០០នាក់ ដើម្បីចូលយកមុខវិជ្ជាសិក្សា និងផ្តល់ជូនកុំព្យូទ័រយួរដៃចំនួន ៥ សម្រាប់គោលបំណងសម្របសម្រួលកម្មវិធីទៅឱ្យក្រសួងទាំងពីរដែលគ្រប់គ្រងកម្មវិធីនេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «លទ្ធភាពទទួលបានការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយក្រុមហ៊ុន Smart ជឿទៅលើសិទ្ធិនេះយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឥទ្ធិពលនៃបច្ចេកវិទ្យា យុវជនជាពិសេសយុវជនដែលបានចូលរួមក្នុងកម្លាំងពលកម្មដោយគ្មានលក្ខណៈសម្បត្តិមូលដ្ឋាន បច្ចុប្បន្នមានឱកាសបន្តការរៀនសូត្រ លូតលាស់ និងអភិវឌ្ឍខ្លួន»។ លោកបន្ថែមថា៖ «ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនតាមរយៈការអប់រំគឺជាការកត្តាជំរុញ ដែលស្ថិតនៅពីក្រោយកម្មវិធីជាច្រើនរបស់យើង ហើយយើងមានមោទនភាពក្នុងការបន្តភាពជាដៃគូរបស់យើងជាមួយអង្គការយូណេស្កូ និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយតម្រូវការបន្ទាន់នៃការផ្តល់ឱកាសអប់រំដែលកំពុងធ្វើឡើងដល់យុវជន»។
ក្រុមហ៊ុន Smart Axiata នឹងផ្តល់អ៊ីនធឺណិតដោយឥតគិតថ្លៃផ្តល់សិស្សដែលបានចុះឈ្មោះ ដើម្បីទទួលបានមេរៀនអេឡិចត្រូនិច ហើយអាចចូលយកមុខវិជ្ជាណាមួយដែលពួកគេចាប់អារម្មណ៍នៅទីតាំងរបស់ពួកគេផ្ទាល់។
វិធីមួយដែលកម្មវិធី BEEP អាចធ្វើឱ្យមានឥទ្ធិពលខ្លាំងនិងមានរយៈពេលយូរអង្វែងគឺតាមរយៈការភ្ជាប់ខ្លួនទៅនឹងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) ដែលអាចឱ្យយុវនារីដែលធ្វើការនៅរោងចក្រទទួលបានបំណិនអក្ខរកម្មមូលដ្ឋាន និងអាចឱ្យពួកគេដឹងអំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។
សិស្សដែលជាប់ការប្រឡងបញ្ចប់មុខវិជ្ជានេះត្រូវបានផ្តល់ជូនវិញ្ញាបនបត្របញ្ចប់ការសិក្សាមួយដែលផ្តល់ជូនដោយមន្ទីរអប់រំ យុវជន និងកីឡានៅតាមខេត្តរៀងៗខ្លួន ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា (ដែលជាមុខវិជ្ជាស្មើរនឹងកម្រិតអប់រំថ្នាក់ទី៦)។
កម្មករនិងកម្មករីរោងចក្រដែលបញ្ចប់ការសិក្សាពីកម្មវិធី FLP អាចបន្តការអប់រំរបស់ពួកគេបានតាមរយៈការចុះឈ្មោះក្នុងកម្មវិធី BEEP ហើយទទួលបានភាពសមមូលទៅនឹងការអប់រំថ្នាក់អនុវិទ្យាល័យផងដែរ។
លោក Sardar Umar Alam អ្នកតំណាងរបស់អង្គការយូណេស្កូ បានថ្លែងថា៖ «អង្គការយូណេស្កូ មានសេចក្តីរីករាយក្នុងការបន្តធ្វើការងារជាមួយក្រុមហ៊ុន Smart Axiata ដែលផ្តល់ដំណោះស្រាយអប់រំឌីជីថលប្រកបដោយភាពបត់បែនសម្រាប់សិស្សដែលសិក្សានៅតាមមជ្ឈមណ្ឌលសិក្សារបស់កម្មវិធី BEEP ដើម្បីបន្តការសិក្សាពីចម្ងាយរបស់ពួកគេ»។ លោកបន្ថែមថា៖ «ភាពជាដៃគូសាធារណៈនិងឯកជន នឹងបង្កើតបានជាឱកាសកាន់តែច្រើនថែមទៀត ដើម្បីធានាថា យុវជនយុវនារីអាចទទួលបានការអប់រំប្រកបដោយគុណភាព និងជំនាញ ដែលតម្រង់ទិសឆ្ពោះទៅរកការងារ»៕