Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧៖ កាលពីដើមខែតុលានេះ ក្រុមហ៊ុនឌីជីថល និងកំសាន្តលេខ ១ នៅកម្ពុជា គឺ Sabay Digital Plus Co., Ltd (“Sabay”) បានក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេនៅកម្ពុជា។

គំនិតផ្តួចផ្តើមដំបូងកើតចេញពីភាពជាដៃគូនេះ គឺកិច្ចសហការរវាង Soyo ដែលជាកម្មវិធីទស្សនាវីដេអូតាមតម្រូវការ (SVDO) ដែលបង្កើតដំបូងគេនៅកម្ពុជា និងសេវា StreamOn ជាគម្រោងប្រើប្រាស់ទិន្នន័យអ៊ិនធឹណិតដែលបង់ប្រាក់ជាមុន និងជាគម្រោងមើលវិឌីអូរបស់ក្រុមហ៊ុនSmart Axiata។ គោលបំណង គឺដើម្បីប្រើប្រាស់នូវភាពខ្លាំងរបស់ក្រុមហ៊ុននីមួយៗ ពោលគឺមាតិការបស់ Sabay និង បណ្តាញអ៊ីនធឹណិត 4.5G+ ដែលចេះតែបន្តពង្រីកឥតឈប់ឈររបស់ក្រុមហ៊ុន Smart។ ទាំងពីររួមគ្នាបង្កើតបទពិសោធន៍មើលវិឌីអូបែបចល័តដ៏រីករាយ ជាមួយនឹងមាតិកាកំសាន្តដ៏ទូលំទូលាយ សម្រាប់អតិថិជនទាំងសងខាង ដែលយល់ដឹងពីបច្ចេកវិទ្យា។

វេលាល្ងាចនៃខួបគំរប់ ១០ឆ្នាំរបស់ក្រុមហ៊ុន Sabay កម្មវិធី Soyo នឹងត្រូវបានផ្តល់ជូនឥតគិតថ្លៃដល់អតិថិជនSmart សម្រាប់ រយៈពេល ២ខែដំបូង។ ក្រោយពីរយៈពេលផ្តល់ជូនសាកល្បងឥតគិតថ្លៃនេះហើយ អតិថិជនអាចជ្រើសរើសយកកញ្ចប់ជាវ Soyo ចំនួន ៣ ប្រភេទ មានដូចជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬក៏ប្រចាំខែ ខណៈដែលអតិថិជនក្រុមហ៊ុន Smart ទទួលបានអត្ថប្រយោជន៍បញ្ចុះតម្លៃរហូតដល់ទៅ 2០% ចំពោះតម្លៃធម្មតា ហើយការចំណាយប្រចាំថ្ងៃត្រឹមតែ 4 សេនប៉ុណ្ណោះ។ កញ្ចប់ប្រចាំខែផ្ដល់នូវអត្ថប្រយោជន៍បន្ថែម ជាមួយនឹងមាតិកាដែលមិនមានផ្សាយពាណិជ្ជកម្ម។ កញ្ចប់ទាំង ៣នេះ នឹងនាំយកមកជាមួយនូវចំនួនម៉ោងទស្សនាឥតដែនកំណត់ និងមាតិកាពិសេសៗផ្តាច់មុខ។

ជាងនេះទៅទៀត ចាប់ពីខែវិច្ឆិកាទៅ អតិថិជនរបស់ Smart ដែលភ្ជាប់គម្រោង StreamOn 2 (គម្រោងប្រចាំសប្ដាហ៍) និង គម្រោង StreamOn 8 (គម្រោងប្រចាំខែ) នឹងមានសិទ្ធិប្រើប្រាស់កម្មវិធី Soyo ដោយឥតគិតថ្លៃដែលជាផ្នែកមួយនៃកញ្ចប់គម្រោងរបស់គេ។

ក្រុមហ៊ុន Sabay មានប្រវត្តិលើកទឹកចិត្តអ្នកបង្កើតមាតិកាផ្សេងៗ តាមរយៈកម្មវិធីនានា ដូចជា E-Novel, Hear-my-song និងការប្រកួតខ្សែភាពយន្តខ្នាតខ្លីជាដើម។

លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay៖ “យើងដឹងថាប្រជាជនកម្ពុជា ចង់បានមាតិកាជាភាសាខ្មែរ ហើយដែលមានគុណភាព។ មាតិកាដើមគឺមានតិចតួចណាស់ ប៉ុន្តែយើងក៏ដឹងដែរថា មានយុវជនវ័យក្មេងៗជាច្រើនសុទ្ធតែមានគំនិតច្នៃប្រឌិត។ ជាមួយនឹង Soyo មហិច្ឆតារបស់យើង គឺបង្កើតកម្មវិធីរឹងមាំមួយ ដើម្បីបង្ហាញស្នាដៃរបស់ពួកគេ ហើយកិច្ចសហការជាមួយ Smart ប្រាកដជាបង្កើនបណ្តាញចែកចាយកាន់តែទូលាយ។

រឿងខ្លីរដូវកាលទី ១ ឥលូវនេះមានតែនៅលើកម្មវិធី Soyo ហើយសម្រាប់រដូវកាលទី ២ ត្រូវបានប្រកាសរួចហើយនៅខែនេះ។ ទាំងអស់នេះនឹងបង្កើតឲ្យមានកម្មវិធីពានរង្វាន់ខ្សែភាពយន្តខ្លីនៅចុងឆ្នាំនេះ។ ក្រៅពីនេះ ខ្សែភាពយន្តផ្ដាច់មុខដែលមាននៅក្នុងកម្មវិធីនេះរួមមាន “ស្រទន់មន្តស្នេហ៍” “មន្តស្នេហ៍លេខា” “ពស់កេងកង” និងរឿងភាគ ដែលស្រង់ចេញមកពីសៀវភៅដែលលក់ដាច់បំផុតរបស់ខ្មែររឿង “បេសកម្មមួយ” គ្រោងចាក់បញ្ចាំងលើកដំបូងនៅឆ្នាំក្រោយ។

លោក ជី សិលា បន្ថែមថា៖ “នៅពេលដែលយើងបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ វិស័យឌីជីថលកំពុងចាប់កំណើតឡើង គឺជាចន្លោះមួយដែលត្រូវបានជំរុញដោយការចង់ដឹងចង់លឺ។ អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺផ្អែកលើមូលដ្ឋាននៃការយល់ដឹងតិចតួចរបស់យើង ការស្រលាញ់បច្ចេកវិទ្យាឌីជីថល និងត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលអាចនឹងកើតមានក្នុងទីផ្សារនេះក្នុងទសវត្សរ៍ក្រោយ។ នៅខួបលើកទី ១០ របស់យើង យើងអាចនិយាយថា វាមានដំណើរការល្អសម្រាប់យើងនិងប្រទេសកម្ពុជា”។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Smart នេះគឺផ្អែកលើការចូលរួមរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងគម្រោងភាពជាដៃគូផ្នែកកំសាន្តឌីជីថលនានា ជាមួយនឹងសេវាប្រកបដោយភាពច្នៃប្រឌិត ខណៈដែលក្រុមហ៊ុនព្យាយាមពង្រឹងភាពនាំមុខរបស់ខ្លួនផ្នែកទិន្នន័យអ៊ិនធឹណិត និងអភិវឌ្ឍខ្លួនទៅជាម៉ាកយីហោគាំទ្រជីវិតរស់នៅបែបឌីជីថល។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ការផ្សំផ្គុំរវាងមាតិកា ដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាចែកចាយដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងភាពជាដៃគូរបស់យើងជាមួយនឹង Sabay ហើយយើងពិតជាមានក្តីរំភើបក្រៃលែង នៅពេលដែលភាពជាដៃគូនេះលេចចេញជារូបរាងយ៉ាងលឿនជាមួយនឹងកម្មវិធី Soyo។ យើងមានជំនឿចិត្តថា តាមរយៈការទទួលបានអ្នកទស្សនាកាន់តែច្រើនដោយសារសេវាចែកចាយមានតម្លៃសមរម្យ ដូច្នេះផលិតករខ្សែភាពយន្តវ័យក្មេងទាំងអស់នឹងអាចចាប់ផ្ដើមបង្ហាញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឲ្យគេបានឃើញជាមិនខាន”។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ