Smart Axiata ត្រូវបានទទួលស្គាល់ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 នៅកម្ពុជា

Smart Axiata ត្រូវបានទទួលស្គាល់ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 នៅកម្ពុជា និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល 6 ឆ្នាំជាប់គ្នា

ថ្ងៃទី 13 ឧសភា 2026

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់រយៈពេល 6 ឆ្នាំជាប់ៗគ្នា។ សមិទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ របស់ក្រុមហ៊ុនក្នុងការប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីដើរតួជាសហគ្រាសគំរូនៅកម្ពុជា។

ការចូលរួមចំណែករបស់ក្រុមហ៊ុន Smart ក៏ត្រូវបានទទួលបានការសសើរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី 3 នៅកម្ពុជាសម្រាប់ឆ្នាំ 2025។ នេះបង្ហាញកាន់តែច្បាស់អំពីតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាដៃគូដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកិច្ច។ 

1920x1080 V3 (2).png

ស្របជាមួយគ្នានេះដែរ Smart នៅតែបន្តវិនិយោគលើវឌ្ឍនភាពឌីជីថលរបស់កម្ពុជា ដោយបានពង្រីកស្ថានីយបណ្តាញសេវាសរុបជាង 4,400 ទីតាំងនៅត្រឹមដំណាច់ឆ្នាំ 2025 និងបានដាក់ឱ្យដំណើរការស្ថានីយបណ្តាញសេវា 5G ចំនួន 750 ក្នុងឆ្នាំ 2026 ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងដែលមិនអាចខ្វះបានក្នុងសម័យឌីជីថល។

ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន Smart ក្នុងការគោរពតាមស្តង់ដារអនុលោមភាព និងការអនុវត្តកាតព្វកិច្ចសារពើពន្ធប្រកបដោយទំនួលខុសត្រូវខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានប្រកាន់ខ្ជាប់នូវអភិបាលកិច្ចរឹងមាំ ការគ្រប់គ្រងហានិភ័យ និងបទដ្ឋានក្រមសីលធម៌នៅក្នុងរាល់ប្រតិបត្តិការរបស់ខ្លួន ក្រោមគោលការណ៍ប្រឆាំងអំពើពុករលួយក្នុងអង្គភាពរបស់ខ្លួន និងការប្រកាន់ខ្ជាប់ក្របខណ្ឌអនុលោមភាពផ្ទៃក្នុងដ៏តឹងរឹង។ 

ក្រុមហ៊ុន Smart ក៏តែងតែផ្សារភ្ជាប់ការរីកចម្រើនផ្នែកអាជីវកម្ម ទៅនឹងការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយបានចេញផ្សាយនូវរបាយការណ៍ស្តីពីចីរភាពប្រចាំឆ្នាំ ដើម្បីបង្ហាញពីតម្លាភាពក្នុងកិច្ចការងារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

សមិទ្ធផលរបស់ Smart ក៏មានការទទួលស្គាល់ពីស្ថាប័ននានា រួមមានពានរង្វាន់ពីសភាពាណិជ្ជកម្មឯករាជ្យដូចជា AmCham និង EuroCham ក៏ដូចជាការទទួលស្គាល់ក្នុងកម្រិតតំបន់តាមរយៈពានរង្វាន់ឆ្នើមអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (AOSWADA) ក្នុងឆ្នាំ 2025 ផងដែរ។

លោក Ritesh Kumar Singh អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “អភិបាលកិច្ចរឹងមាំ និងទំនុកចិត្ត គឺជាកត្តាចាំបាច់បំផុតខណៈពេលដែលកម្ពុជាកំពុងធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។ ការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល 6 ឆ្នាំជាប់គ្នា រួមជាមួយការទទួលស្គាល់ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ថ្នាក់លេខ3 នៅកម្ពុជាសម្រាប់ឆ្នាំ 2026 ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់យើងចំពោះសុចរិតភាព ព្រមទាំងក្រមសីលធម៌របស់បុគ្គលិកយើង និងតួនាទីរបស់យើងលើសពីក្រុមហ៊ុនដែលផ្តល់ជូនសេវាទំនាក់ទំនង។ ពោលគឺ Smart ជាដៃគូរយៈពេលវែងដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ។”

លោកបានបន្ថែមថា៖ “យើងនឹងនៅតែបន្តយកចិត្តទុកដាក់លើតម្លាភាពក្នុងរាល់ប្រតិបត្តិការអាជីវកម្មរបស់យើង ដោយបង្កើតផលវិជ្ជមានពិតប្រាកដជូនដល់អតិថិជន និងប្រទេសកម្ពុជា។”

ការទទួលបានវិញ្ញាបនបត្រប្រភេទ “មាស” រយៈពេល 6 ឆ្នាំជាប់ៗគ្នាពីអគ្គនាយកដ្ឋានពន្ធដារ និងការទទួលស្គាល់ជាអ្នកបង់ពន្ធធំជាងគេលំដាប់ទី 3 នៅកម្ពុជាសម្រាប់ឆ្នាំ 2025 របស់ Smart បានបង្ហាញថាការរួមចំណែកអភវិឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ត្រូវចាប់ផ្តើមចេញពីសុចរិតភាព ហើយនវានុវត្តន៍ចាំបាច់ត្រូវគោរពតាមគោលការណ៍តម្លាភាព និងគណនេយ្យភាព។