រាជធានីភ្នំពេញ៖ នាថ្ងៃទី 26 ខែមករា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata បានទទួលស្វាគមន៍នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកកាន់ទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងដំណើរបំពេញទស្សនកិច្ចចែករំលែកចំណេះដឹងដែលផ្តោតលើមជ្ឈមណ្ឌលទិន្នន័យស្តង់ដារអន្តរជាតិ មជ្ឈមណ្ឌលប្រតិបត្តិការសេវាកម្ម (SOC) និងមជ្ឈមណ្ឌល Cyber Fusion Center របស់ក្រុមហ៊ុន Smart។ ទស្សនកិច្ចនេះមានគោលបំណងចែករំលែកចំណេះដឹង ខណៈដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងត្រៀមពង្រឹងមជ្ឈមណ្ឌលទិន្នន័យនិងប្រព័ន្ធសន្តិសុខសាយប័ររបស់ខ្លួន។

ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT ក្រុមហ៊ុន Smart បានបង្ហាញក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងនូវប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ខ្លួន ដែលទទួលបានវិញ្ញាបនបត្រ ISO/IEC 27001 និងប្រតិបត្តិការសន្តិសុខកម្រិតខ្ពស់ដែលស្របតាមស្តង់ដារក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិ។ ក្រុមហ៊ុនក៏បានបង្ហាញពីការប្រកាន់ខ្ជាប់សន្តិសុខដ៏ម៉ឺងម៉ាត់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលស្របតាមស្តង់ដារផ្នែកសន្តិសុខសាយប័ររបស់ វិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យា (National Institute of Standards and Technology - NIST)។ ទស្សនកិច្ចនេះបានបង្ហាញពីមធ្យោបាយដែល Smart បានកសាង និងដំណើរការហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាព ភាពធន់ និងអាចពង្រីកវិសាលភាពបាន ស្របតាមស្តង់ដារសកល។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងដ៏រឹងមាំ សមត្ថភាពសន្តិសុខសាយប័ររបស់ Smart ក៏បានទទួលការគាំទ្រថ្នាក់តំបន់ពីមជ្ឈមណ្ឌល Axiata Cyber Fusion Center (ACFC) ដែលជួយឱ្យក្រុមហ៊ុនអាចតាមដានការគំរាមកំហែងសាយប័រយ៉ាងសកម្ម តាមរយៈការត្រួតពិនិត្យហានិភ័យដែលអាចកើតមានឡើង។

លោក Sharif Lukman Mahfoedz នាយកផ្នែកធុរកិច្ច (Chief Business Officer) នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ទស្សនកិច្ចនាថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់យើងក្នុងការចែករំលែកនូវសមិទ្ធផលដែល Smart បានកសាងអស់រយៈពេលជាច្រើនឆ្នាំមកនេះ និងស្តង់ដារដែលយើងកំពុងអនុវត្ត។ យើងមានមោទនភាពសម្រាប់ឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយវិស័យសាធារណៈ ក្នុងគោលដៅរួមគ្នាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា»។
លោក ប៊ី ណារិន ប្រធាននាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ «ទស្សនកិច្ចនេះបានអនុញ្ញាតឱ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រតិបត្តិការជាក់ស្តែងរបស់មជ្ឈមណ្ឌលទិន្នន័យ និងប្រតិបត្តិការសន្តិសុខស្តង់ដារអន្តរជាតិ។ យើងមានការចាប់អារម្មណ៍ចំពោះគ្រឿងបរិក្ខារ ការរៀបចំប្រតិបត្តិការ និងការពង្រឹងសន្តិសុខសាយប័ររបស់ក្រុមហ៊ុន Smart ហើយយើងនឹងដកស្រង់បទពិសោធន៍ទាំងនេះ នៅពេលយើងបន្តអនុវត្តផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ និងប្រតិបត្តិការសន្តិសុខសាយប័ររបស់យើងផ្ទាល់»។

តាមរយៈការរួមបញ្ចូលគ្នានូវដំណោះស្រាយ ICT ជាមួយនឹងបណ្តាញតភ្ជាប់ 5G ក្រុមហ៊ុន Smart បន្តដាក់ខ្លួនជាដៃគូដែលប្រកបដោយទំនុកចិត្តសម្រាប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាបង្កើតនូវបទពិសោធន៍ឌីជីថលដែលកាន់តែមានសុវត្ថិភាព សម្រាប់សម័យសេដ្ឋកិច្ចឌីជីថលនេះ។

