Smart Logo
សេចក្តីប្រកាសព័ត៌មានរួម

ក្រុមហ៊ុន Smart Axiata និងយូនីសេហ្វ រួមគ្នាគាំទ្រការសិក្សា និងអាហារូបត្ថម្ភរបស់កុមារ ដើម្បីឆ្លើយតបនឹងវិបត្តិព្រំដែន

ថ្ងៃទី 19 មករា 2026

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ - ក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata និងយូនីសេហ្វបានសហការគ្នា ដាក់ឱ្យអនុវត្តគម្រោង "ការលើកកម្ពស់ការសិក្សា និងអាហារូបត្ថម្ភរបស់កុមារក្នុងអំឡុងវិបត្តិព្រំដែនកម្ពុជា" ដែលជាគំនិតផ្តួចផ្តើមបន្ទាន់រយៈពេលមួយឆ្នាំ ។ គម្រោងនេះមានគោលបំណងការពារសុខភាព និងការអប់រំរបស់កុមារ និងស្ត្រីជាម្តាយរាប់ពាន់នាក់ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ។

នៅដំណាក់កាលតានតឹងបំផុត ជម្លោះនេះបានបណ្តាលឱ្យប្រជាពលរដ្ឋជាង ៦០០,០០០ នាក់ ត្រូវបានភៀសសឹក នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានកុមារជាង ២០០,០០០ នាក់ និងស្ត្រី ៣០០,០០០ នាក់ ។ ដោយសារសាលារៀនត្រូវបានបិទ និងមូលដ្ឋានសុខាភិបាលរងការរំខាន គ្រួសារងាយរងគ្រោះកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃកង្វះអាហារូបត្ថម្ភ និងការបាត់បង់ការសិក្សាធ្ងន់ធ្ងរ ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «នៅពេលមានវិបត្តិកើតឡើង កុមារគឺជាអ្នកងាយរងគ្រោះបំផុត។ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart នេះ ធានាថា ទោះបីជាស្ថិតក្នុងកំឡុងពេលមានវិបត្តិក៏ដោយ ក៏កុមារអាចបន្តការសិក្សា និងទទួលបានអាហារូបត្ថម្ភដែលពួកគេត្រូវការដើម្បីរស់រាន និងលូតលាស់បានដែរ ។ សម្រាប់កុមារ រាល់សកម្មភាព និងការគាំទ្រគឺមានសារៈសំខាន់។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart Axiata ចំពោះការប្ដេជ្ញាចិត្តក្នុងការគាំទ្រកុមារ និងសហគមន៍ដែលងាយរងគ្រោះ។ 
 

តាមរយៈការចូលរួមចំណែករបស់ Smart នៅក្នុងកម្មវិធីសង្គ្រោះបន្ទាន់របស់យូនីសេហ្វ គំនិតផ្តួចផ្តើមនេះនឹង៖

  • កំណត់ និងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំជាង ១០,០០០ នាក់ តាមរយៈការកំណត់រកទៅលើកុមារជាច្រើន ផ្តល់ការព្យាបាលកុមារដែលមានសភាពស្គមស្គាំងស្រួចស្រាល់ និងផ្តល់ប្រឹក្សាដល់អ្នកថែទាំជាង ៩,៥០០ នាក់ ដោយផ្តោតទៅលើការអនុវត្តឲ្យបានប្រសើរឡើងនូវការចិញ្ចឹមទារក និងកុមារតូចនៅក្នុងពេលមានគ្រាអាសន្ន។ 
  • ផ្តល់កញ្ចប់សិក្សាតាមផ្ទះដល់សិស្សបឋមសិក្សាចំនួន ២,០០០ នាក់ និងសម្ភារអភិវឌ្ឍន៍កុមារតូចដល់កុមារចំនួន ៥,០០០ នាក់ ដែលស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ដើម្បីធានាបាននូវកន្លែងមានសុវត្ថិភាពសម្រាប់ការលេង និងការសិក្សា។
     

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «នៅក្រុមហ៊ុន Smart ការយកចិត្តទុកដាក់ចំពោះសហគមន៍ គឺជាអត្តសញ្ញាណរបស់យើង។ ក្នុងគ្រាមានវិបត្តិ យើងឈរនៅជាមួយប្រជាជនកម្ពុជា ជាពិសេសកុមារដែលងាយរងគ្រោះបំផុត។ តាមរយៈភាពជាដៃគូរបស់យើងជាមួយយូនីសេហ្វ យើងកំពុងជួយកុមារឱ្យបន្តការសិក្សា និងទទួលបានអាហារូបត្ថម្ភ ព្រមទាំងកិច្ចការពារដែលពួកគេត្រូវការជាចាំបាច់។ យើងមិនគួរឲ្យមានកុមារណាម្នាក់ត្រូវបានគេទុកចោលឡើយ» ។

កម្មវិធីនេះក៏រួមបញ្ចូលផងដែរនូវវិធានការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ដោយធានានូវកិច្ចការពារ និងសេចក្តីថ្លៃថ្នូរសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ។


អំពីក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជាង ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជាបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។ 

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។ 

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់៖ www.smart.com.kh  
Follow Smart Axiata on Facebook | YouTube | Instagram | LinkedIn

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 
កញ្ញា ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈ ក្រុមហ៊ុន Smart Axiata 
ទូរស័ព្ទ៖ +855 10 202 271 អ៊ីមែល៖ [email protected] 
លោក ឡុង ម៉េងឈាង អ្នកឯកទេសជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន Smart Axiata 
ទូរស័ព្ទ៖ +855 10 203 822 អ៊ីមែល៖ [email protected] 


អំពីយូនីសេហ្វ (UNICEF)

យូនីសេហ្វ បំពេញការងារនៅតាមតំបន់ដែលជួបការលំបាកបំផុតមួយចំនួននៅលើពិភពលោក ដើម្បីទៅដល់កុមារដែលជួបការលំបាកបំផុតក្នុងលោក។ នៅទូទាំងជាង ១៩០ ប្រទេស យើងធ្វើការដើម្បីកុមារគ្រប់រូប នៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកដ៏ល្អប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា។ 

សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជាសូមចូលទៅកាន់៖ www.unicef.org.kh  
Follow UNICEF in Cambodia on Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក Hadrien Bonnaud ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា 
ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ | អ៊ីមែល៖ [email protected] 
លោក ចាន់ ទី មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា 
ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ | អ៊ីមែល៖ [email protected]