ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ AmCham ចំនួនបួន សម្រាប់ការផ្ដួចផ្ដើមលើកិច្ចគាំពារកុមារ និងការអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ

ក្រុមហ៊ុន Smart Axiata ឈ្នះពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ AmCham ចំនួនបួន សម្រាប់ការផ្ដួចផ្ដើមលើកិច្ចគាំពារកុមារ និងការអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយ

ថ្ងៃទី 12 ឧសភា 2026

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់ចំនួនបួន នៅក្នុងកម្មវិធី AmCham Cambodia’s 7th Annual CSR Charity Night ដែលបង្ហាញពីភាពយកចិត្តទុកដាក់ក្នុងនាមជាក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវ និងជាដៃគូដែលប្តេជ្ញាចូលរួមកសាងសង្គមឌីជីថលដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព និងភាពធន់ ជាពិសេសសម្រាប់យុវជនកម្ពុជា។

Award_Khmer PR Cover.png

ក្រុមហ៊ុនទទួលបានការសសើរ និងពានរង្វាន់ចំនួនបួនគឺ៖

  •    ពានរង្វាន់ភាពជាអ្នកដឹកនាំលើផ្នែកនវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងភាពជាដៃគូ (Leader in Best Practice in Innovation, Leadership & Partnership) សម្រាប់ កិច្ចគាំពារកុមារលើប្រព័ន្ធឌីជីថល
  •    ពានរង្វាន់ផ្នែកបរិស្ថាន និងចីរភាព (Environment & Sustainability) សម្រាប់ ការប្តេជ្ញាលើសកម្មភាពអាកាសធាតុ
  •    ពានរង្វាន់ផ្នែកការអប់រំ និងការពង្រឹងសមត្ថភាព ​(Education & Empowerment) សម្រាប់ការបណ្ដុះភាពជាសហគ្រិន និងជំនាញឌីជីថល
  •    ផលវិជ្ជមានសម្រាប់សហគមន៍ និងសង្គម (Community & Social Impact) សម្រាប់ការគាំទ្រ និងសម្រួលបន្ទុកសហគមន៍

ការសសើរលើគំនិតផ្តួចផ្តើម កិច្ចគាំពារកុមារលើប្រព័ន្ធឌីជីថល ជាការទទួលស្គាល់យ៉ាងសំខាន់សម្រាប់ Smart ខណៈដែលក្រុមហ៊ុនបានដាក់បញ្ចូលកិច្ចការពារកុមារទៅក្នុងប្រតិបត្តិការបណ្តាញសេវា ចូលរួមផ្សព្វផ្សាយសារអប់រំលើវេទិកាឌីជីថល និងដាក់បញ្ចូលនូវគោលការណ៍ការពារកុមារទៅក្នុងក្រមប្រតិបត្តិរបស់បុគ្គលិក។ តាមរយៈការប្រើប្រាស់វិធានការការពារប្រកបដោយភាពច្នៃប្រឌិត ការដាក់បណ្ដាញរាយការណ៍នៅក្នុងគេហទំព័ររបស់ខ្លួន និងការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថលរបស់យុវជន ក្រុមហ៊ុន Smart បានចូលរួមយ៉ាងសកម្មក្នុងការការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

អ្វីដែលសំខាន់បំផុតសម្រាប់គំនិតផ្ដួចផ្ដើមនេះគឺ ភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) អង្គការ APLE Cambodia និងអង្គការ Internet Watch Foundation (IWF) ដើម្បីធានាថាសកម្មភាពទាំងអស់គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។ កិច្ចសហការ និងភាពជាអ្នកដឹកនាំនេះ មិនត្រឹមតែមានការទទួលស្គាល់ពីពានរង្វាន់ AmCham ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវពានរង្វាន់ ASEAN Outstanding Social Welfare and Development Award (AOSWADA) កាលពីឆ្នាំ 2025 ផងដែរ។ នេះបញ្ជាក់ពីតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាអ្នកអនុវត្តទំនួលខុសត្រូវឌីជីថល និងការការពារសហគមន៍យ៉ាងពិតប្រាកដ។

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ពី AmCham នេះគឺពិតជាមានអត្ថន័យណាស់សម្រាប់យើង ព្រោះវាបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង៖ ដើម្បីតភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ ក្នុងនាមជាដៃគូឌីជីថលរបស់កម្ពុជា យើងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់យើងយ៉ាងម៉ត់ចត់ ដើម្បីធានាថាប្រព័ន្ធឌីជីថលពិតជាជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា»។

ក្រៅពីកិច្ចគាំពារកុមារ ក្រុមហ៊ុន Smart Axiata ក៏ទទួលបានពានរង្វាន់សម្រាប់ការរួមចំណែកដល់សកម្មភាពចីរភាពបរិស្ថាន សហគ្រិនភាព និងការសម្រួលបន្ទុករបស់សហគមន៍ក្នុងគ្រាលំបាកផងដែរ។ ដែលនេះជាការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រចីរភាពដែលប្រកបដោយភាពច្នៃប្រឌិត និងទំនួលខុសត្រូវសម្រាប់សង្គម និងបរិស្ថាន។ ពានរង្វាន់ទាំងបួននេះ បញ្ជាក់អំពីលើគោលដៅរបស់ក្រុមហ៊ុន Smart Axiata ក្នុងការកសាងសហគមន៍ដែលប្រកបដោយបរិយាបន្ន និងភាពធន់។

អំពី Smart

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។     

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។