ភ្នំពេញ៖ នាថ្ងៃទី11 ខែមីនា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និង ដំណោះស្រាយ ICT នៅកម្ពុជា និងក្រុមហ៊ុន Grab ដែលជា superapp ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា (MoU) ដើម្បីសហការផ្ដល់សេវាកម្មជូនអតិថិជនបានកាន់តែប្រសើរតាមរយៈប្រព័ន្ធឌីជីថល និងការដឹកជញ្ជូនឆ្លាតវៃ។

កិច្ចសហការនេះគ្របដណ្តប់លើផ្នែក៖
- រួមបញ្ចូលដំណោះស្រាយនៃការធ្វើដំណើរ (Integrated Travel Solutions)៖ ស៊ីម Smart Travel នឹង ផ្តល់ជូនរួមសេវាកម្មធ្វើដំណើររបស់ Grab ដើម្បីផ្តល់ជូនភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរនូវភាពងាយស្រួល និងការតភ្ជាប់ នៅពេលមកដល់ប្រទេសកម្ពុជា។
- ការប្តូររង្វាន់ឌីជីថល (Redeemable Digital Rewards): សមាជិក SmartVIP នឹងអាចប្តូរពិន្ទុរបស់ពួកគេយកប័ណ្ណបញ្ចុះតម្លៃ Grab (Grab e-vouchers) ក្នុងពេលឆាប់ៗនេះ ដែលផ្តល់នូវជម្រើសកាន់តែច្រើនក្នុងការសន្សំសំចៃលើការធ្វើដំណើរ និងការបញ្ជាទិញអាហារ។
- កញ្ចប់សេវាកម្មសម្រាប់អតិថិជន៖ Grab និង Smart កំពុងសិក្សាលើការផ្តល់ជូនរួមគ្នា ដែលរួមបញ្ចូលគ្នានូវសេវាអ៊ីនធឺណិត និងសេវាកម្មឌីជីថលប្រចាំថ្ងៃ ដើម្បីបង្កើតនូវតម្លៃបន្ថែម និងបទពិសោធន៍កាន់តែរលូន។
លើសពីគំនិតផ្តួចផ្តើមដែលផ្តោតលើអតិថិជន ភាពជាដៃគូនេះក៏នឹងពង្រីកទៅដល់ការិយាល័យរបស់ក្រុមហ៊ុន Smart និងកិច្ចសហការក្នុងទម្រង់ B2B ផងដែរ។ ក្រុមហ៊ុន Grab នឹងដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ីសាជីវកម្ម និងការលក់រាយរបស់ក្រុមហ៊ុន Smart ព្រមទាំងស្វែងរកឱកាសនានាដើម្បីគាំទ្រដល់សហគមន៍អាជីវកម្មឱ្យកាន់តែទូលំទូលាយ តាមរយៈកិច្ចសហការរវាង Smart Enterprise និង Grab for Business។
កិច្ចសហការនេះ ជាការរួមបញ្ចូល គ្នានូវបណ្ដាញជំនាន់ថ្មី 5G ព្រមទាំងការតភ្ជាប់ឌីជីថលរបស់ Smart Axiata ជាមួយនឹងសេវាកម្មដឹកជញ្ជូន និងសេវាកម្មកម្ម៉ង់តាមតម្រូវការរបស់ Grab ក្នុងគោលដៅរួមមួយគឺ ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងបទពិសោធន៍របស់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែងាយស្រួលនិងកាន់តែរលូន។
លោក Ritesh Kumar Singh នាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្នុងសម័យឌីជីថលបច្ចុប្បន្ននេះ ការតភ្ជាប់ និងការផ្ដល់ជូននូវដំណោះស្រាយគមនាគមន៍ ចាំបាច់ត្រូវតែដើរទន្ទឹមគ្នាយ៉ាងរលូន។ មិនថាភ្ញៀវទេសចរណ៍អន្តរជាតិដែលទើបមកដល់កម្ពុជាលើកដំបូងក្ដី ឬប្រជាជនកម្ពុជាផ្ទាល់ក្ដី ពួកគាត់ចាំបាច់ត្រូវរក្សាទំនាក់ទំនង និងការធ្វើដំណើរដោយរលូនជានិច្ច។ កិច្ចសហការជាមួយ Grab នេះ នឹង ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជនឱ្យកាន់តែប្រសើរ។»
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា បានលើកឡើងថា៖ «សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Smart Axiata អនុញ្ញាតឱ្យយើងជំរុញសន្ទុះនេះបន្ថែមទៀត។ តាមរយៈការរួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំរបស់ Smart ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសេវាកម្មតាមតម្រូវការរបស់ Grab ចាប់ពីការប្រើប្រាស់ស៊ីមកាត Smart Travel SIM រួមជាមួយសេវាដឹកជញ្ជូនរបស់ Grab សម្រាប់ភ្ញៀវទេសចរ រហូតដល់បច្ចេកវិទ្យា Smart 5G ដែលផ្តល់នូវបទពិសោធន៍កាន់តែប្រសើរនៅលើ Grab Unlimited យើងកំពុងបង្កើតប្រព័ន្ធឌីជីថលដ៏រលូនមួយ ដែលជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើរប្រចាំថ្ងៃ សម្រាប់ទាំងប្រជាជនកម្ពុជា និងភ្ញៀវបរទេស។»

បច្ចុប្បន្ន ការធ្វើដំណើរគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បរិវត្តកម្មឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់ដ៏រឹងមាំរបស់ Smart Axiata ជាមួយនឹងមធ្យោបាយដឹកជញ្ជូនសម្បូរបែបរបស់ Grab កិច្ចសហការនេះនឹងជួយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងការដឹកជញ្ជូន ដែលស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន។ អនុស្សរណៈនេះក៏នឹងក្លាយជាគ្រឹះសម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការសហការបង្កើតថ្មី និងសាកល្បងគំនិតថ្មីៗផងដែរ។
ភាពជាដៃគូនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ក្នុងការបន្តការពង្រីកសេវាកម្ម និងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ខ្លួន ដើម្បីនាំមកនូវដំណោះស្រាយ និងសេវាកម្មដ៏សម្បូរបែបលើសពីសេវាការតភ្ជាប់ទំនង។ តាមរយៈការផ្ដល់ជូននូវដំណោះស្រាយឌីជីថលថ្មីៗ ល្អៗ ដល់សហគ្រាសគ្រប់ខ្នាត ការតភ្ជាប់បណ្តាញទំនាក់ទំនងកាន់តែប្រសើរនៅតាមគេហដ្ឋាន និងការផ្តល់ជូនមាតិកាដ៏សម្បូរបែប ក្រុមហ៊ុន Smart នៅតែបន្តវិវឌ្ឍតួនាទីរបស់ខ្លួនជាអ្នកផ្តល់ដំណោះស្រាយឌីជីថលដ៏ទូលំទូលាយសម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។
អំពី Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត 8 លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។
អំពីក្រុមហ៊ុន Grab៖
Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab បម្រើសេវាកម្មជាង ៨០០ ទីក្រុង នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីappតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2012 ដោយមានបេសកកម្មដើម្បី ជំរុញតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ខិតខំបម្រើសេវាកម្ម ដោយផ្តោតលើគោលការណ៍សំខាន់ៗបីយ៉ាង ក្នុងគោលបំណងផ្តល់ផលហិរញ្ញវត្ថុក្នុងពេលដំណាលគ្នាសម្រាប់ម្ចាស់ភាគហ៊ុន ផ្តល់ផលវិជ្ជមានដល់សង្គម រួមទាំងការពង្រឹងផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ និង ការរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

