Smart Logo

ក្រុមហ៊ុន Smart Axiata ស្វាគមន៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space និងបង្ហាញពី​ការ​ប្តេជ្ញាលើកកម្ពស់​ និងគាំទ្រយុវជន

ថ្ងៃទី 01 តុលា 2025

មជ្ឈមណ្ឌលគាំទ្រសហគ្រិន​ Smart Startup Space ដែលបានបើកដំណើរការកាលពីខែឧសភា ឆ្នាំ 2025 បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនដ៏សំខាន់ ពីសំណាក់​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​ ផ្តល់​ជូន​សហគ្រិន​នូវ​ការ​បណ្តុះ​បណ្តាល ការ​ណែនាំ កន្លែង​ធ្វើការ​រួមគ្នា និងការភ្ជាប់ទំនាក់ទំនងដែលជួយ​សហគ្រិន​ក្នុង​ការ​សាកល្បងគំនិតថ្មីៗ បង្កើនសមត្ថភាព និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធអេកូឡូស៊ី​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និង​ឧស្សាហកម្ម​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។

ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមហ៊ុន Smart ក៏​បាន​រៀប​ចំ​នូវពិធី​ប្រគល់ជូន គម្រោង Smart ល្អ! រៀន ប្រចាំខែ រយៈពេល 12 ខែដោយឥតគិតលុយ  ជូនដល់សិស្សនិទ្ទេស A ថ្នាក់ទី 12 ប្រចាំឆ្នាំ 2025 នេះ ដែល​ជា​ការ​បញ្ជាក់​បន្ថែម​ពី​ការ​ប្តេជ្ញា​​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​នូវ​ធន​ធាន​ឌីជីថល​ជូនទៅដល់​យុវជន។ 

DSC_7238.jpg

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានមានប្រសាសន៍ថា៖  “ក្រុមហ៊ុន Smart បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មលើការអប់រំឌីជីថល និងផ្ដោតលើទីផ្សារក្នុងពេលអនាគត។ កិច្ចផ្ដួចផ្ដើមរបស់ក្រុមហ៊ុន មិនត្រឹមតែបង្កើតនូវឱកាសថ្មីៗសម្រាប់យុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ច ដែលមានចំណេះដឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍផងដែរ។”

អស់​​រយៈ​​ពេល​​ជាង​​មួយ​​ទសវត្សរ៍​មក​ហើយ ដែលក្របខ័ណ្ឌចីរភាពរបស់ក្រុមហ៊ុន Smart បានធ្វើការ​វិនិយោគ​លើ​ការអប់រំ និង​ការអភិវឌ្ឍ​ជំនាញ ដើម្បី​ធានា​ថា យុវជន​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល។ កម្មវិធី​ជា​ច្រើន​ដូចជា SmartStart Unipreneur Learning Platform (ULP), SmartEdu Scholarship និង SmartEdu University Student Development Program (USDP) បានលើកកម្ពស់ការអភិវឌ្ឍសិស្ស​ និស្សិត​​រាប់​ពាន់​នាក់ ជា​មួយ​នឹង​ជំនាញ​សហគ្រិនភាព បច្ចេកវិទ្យា និង​ភាព​ជា​អ្នក​ដឹក​នាំ ដែល​ជួយ​ផ្សា​ភ្ជាប់​គម្លាត​រវាង​ការ​សិក្សា និងតម្រូវការទីផ្សារ។

បន្ថែមពីនេះ ក្រុមហ៊ុន Smart បាន​វិនិយោគជាច្រើន​លើផ្នែក អក្ខរកម្ម​ឌីជីថល អក្ខរកម្ម​ព័ត៌មាន​ និង​ការ​ការពារ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាមរយៈ​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់ដឹង ក៏ដូចជាធនធាន និងការណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយ​សុវត្ថិភាព​ ដើម្បី​ជួយ​យុវជនឱ្យ​ប្រើប្រាស់​អ៊ីនធឺណិត​ប្រកប​ដោយទំនួលខុស​ត្រូវ និង​សុវត្ថិភាព។ 

DSC_6758.jpg

លោក Ritesh Kumar Singh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បានលើកឡើងថា៖ «ក្រុម​ការងារ​របស់​យើង​បានបំពេញកិច្ចការយ៉ាងសកម្មដើម្បី​ធានា​ថា យុវជន​កម្ពុជា​មិន​ត្រឹម​តែ​ទទួលបានការ​តភ្ជាប់​ប៉ុណ្ណោះទេ ប៉ុន្ដែក៏ទទួលបាននូវដំណោះស្រាយ​ ដើម្បី​រីក​ចម្រើន​នៅ​ក្នុង​សង្គម​ឌីជីថល​ដែល​កំពុង​វិវត្ត​យ៉ាង​ឆាប់​រហ័ស»។ លោក​បាន​បន្ថែម​ថា៖ «ដោយ​ផ្អែក​លើមូលដ្ឋានគ្រឹះ​ដ៏​​រឹង​មាំ​ ក្រុមហ៊ុន Smart នឹង​បន្ត​គាំទ្រ​នវានុវត្តន៍ និង​ដំណោះស្រាយឌីជីថល ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារថ្មីៗ និងកសាង​​អនាគត​​ដ៏​ភ្លឺ​ស្វាង​សម្រាប់​យុវជន​ជំនាន់​ក្រោយ»។

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​មួយ​នៅក្នុង​ប្រទេសកម្ពុជា ដែល​ក្រុមហ៊ុនឯកជន​នានា​ ​កំពុង​ចូលរួមយ៉ាង​សកម្ម​ នៅ​ក្នុង​ការ​អប់រំ​ថ្នាក់​ជាតិ និង​ការអប់រំបែបឌីជីថល​។ តាមរយៈ​ការ​វិនិយោគ​លើ​ធុរកិច្ចថ្មី សហគ្រិនភាព និង​សុវត្ថិភាព​ឌីជីថល ក្រុមហ៊ុន Smart នឹង​បន្ត​ដើរតួនាទី​ លើសពីក្រុមហ៊ុនផ្តល់​សេវា​ទូរគមនាគមន៍ ​ដើម្បី​ក្លាយ​ជា​ដៃ​គូ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។