ភ្នំពេញ៖ នាថ្ងៃទី27 ខែសីហា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata បានទទួលនូវពានរង្វាន់ឆ្នើមអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (AOSWADA) លើកទី 3 របស់អាស៊ាន ដោយមានសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។
ពានរង្វាន់ឆ្នើមអាស៊ាននេះ ជាការស្ងើចសសើរដល់អង្គភាពនានាដែលមានស្នាដៃលេចធ្លោ និងបានរួមចំណែកដល់ការងារសង្គម។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ជាអ្នកទទួលពានរង្វាន់ក្រុមហ៊ុនឯកជនឆ្នើម សម្រាប់ភាពជាអ្នកដឹកនាំក្នុងការការពារកុមារពីការរំលោភបំពានក្នុងសម័យឌីជីថល តាមរយៈគំនិតផ្តួចផ្តើមជាច្រើន។
សព្វថ្ងៃនេះ កុមារមានការភ្ជាប់ទំនាក់ទំនងលើប្រព័ន្ធអុីនធឺណិតកាន់តែច្រើន។ ខណៈពេលដែលអុីនធឺណិតបានក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការសិក្សា និងការកម្សាន្ត អុីនធឺណិតក៏បានធ្វើឱ្យកុមារប្រឈមនឹងហានិភ័យផងដែរ។ របាយការណ៍ 'ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា' បានប៉ាន់ស្មានថា កុមារកម្ពុជា ម្នាក់ ក្នុងចំណោម ១០ នាក់ ធ្លាប់ទទួលរងការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនទ្បាញ។
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ICT ក្រុមហ៊ុន Smart បាន យល់ច្បាស់អំពីទំនួលខុសត្រូវរបស់ខ្លួន និងបានស្ម័គ្រចិត្តធ្វើការយ៉ាងសកម្មដើម្បីចូលរួមការពារកុមារលើប្រព័ន្ធអ៊ីនធឺណិត។ យុទ្ធនាការណ៍ទាំងនេះត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលបានបោះពុម្ពដោយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។ បន្ថែមពីនេះ Smart ក៏បានយកចិត្តទុកដាក់លើសុវត្ថិភាពកុមារនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដែលស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម នៅប្រទេសកម្ពុជាត្រឹមឆ្នាំ 2026។