Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ 2024 ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា 475 ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន 4,000 ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។
ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន 2,500 Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង 800 ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង 200 ទីតាំងជាងបន្ថែមទៀត ដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា 50 លានដុល្លារ។ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035 របស់រដ្ឋាភិបាលកម្ពុជាផងដែរ។
សេវាទូរសព្ទកាន់តែទំលំទូលាយ ដែលជួយភ្ជាប់គម្លាតឌីជីថល
ក្រុមហ៊ុន Smart Axiata បាននិងកំពុងភ្ជាប់នូវគម្លាតឌីជីថលសម្រាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការពង្រីកសេវាទូរសព្ទក្នុងតំបន់ និងសហគមន៍នានា។ សកម្មភាពទាំងនេះ បានចូលរួមជ្រោមជ្រែងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន ការប្រើប្រាស់សេវាកម្មធនាគារឌីជីថល ការអប់រំ និងការកម្សាន្តជាដើម។
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា “ស្របពេលដែលបរិវត្តកម្មឌីជីថលបានប្រព្រឹត្តទៅកាន់តែឆាប់រហ័ស ប្រព័ន្ធអុីនធឺណិតដែលមានស្ថេរភាពកាន់តែមានសារៈសំខាន់។ បច្ចុប្បន្ននេះ ស្ទើរតែគ្រប់សកម្មភាពទាំងអស់គឺស្ថិតនៅលើប្រព័ន្ធឌីជីថល តាំងពីការប្រើប្រាស់ធនាគារ ការកម្សាន្ត និងការអប់រំ។ យើងក៏ឃើញដែរថា ប្រជាជនកម្ពុជាកំពុងត្រូវការទិន្នន័យសម្រាប់ប្រើប្រាស់អុីធឺណិតកាន់តែច្រើន។” លោកក៏សង្ឃឹមថា ការពង្រីកវិសាលភាពនៃសេវាទូរសព្ទរបស់ក្រុមហ៊ុន នឹងជួយឱ្យប្រជាជន និងអាជីវកម្មក្នុងប្រទេសកម្ពុជាអាចទាញយកផលប្រយោជន៍ពីការរីកចម្រើននៃប្រព័ន្ធឌីជីថលផងដែរ។
ការចូលរួមភ្ជាប់គម្លាតឌីជីថល សន្តិសុខសាយប័រ និងចីរភាព
ស្របពេលដែល Smart Axiata បន្តពង្រីកវិសាលភាពនៃសេវាទូរសព្ទនេះ ក្រុមហ៊ុនក៏មានឆន្ទៈក្នុងការសហការជាមួយដៃគូរសំខាន់ៗផងដែរ ដែលរួមមាន ក្រសួងប្រៃសណីសយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ កិច្ចសហការទាំងនេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ផ្សារភ្ជាប់គម្លាតឌីជីថលនៅក្នុងប្រទេសកម្ពុជា និងពង្រឹងអក្ខរកម្មឌីជីថល ក៏ដូចជាសាបព្រួសជំនាញឌីជីថលសំខាន់ៗដទៃទៀត ដែលជាជំនាញចាំបាច់សម្រាប់ពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ Smart Axiata ក៏ចូលរួមលើកម្ពស់សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត សម្រាប់អ្នកប្រើប្រាស់ តាមរយៈការចែករំលែកគន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាព រួមជាមួយការផ្សព្វផ្សាយពីវិធីសាស្រ្តក្នុងការរាយការណ៍ករណីដែលទាក់ទងនឹងការកេងប្រវ័ញ្ច ឬការរំលោភបំពានលើកុមារ ដើម្បីជំរុញឱ្យមាតិបិតា និងអាណាព្យាបាលកុមាររងគ្រោះ អាចចាត់វិធានការបានទាន់ពេលវេលា។
បន្ថែមពីនេះទៀត ក្រុមហ៊ុន Smart Axiata ក៏បានរួមសហការជាមួយ SecurityGen ដែលជាក្រុមហ៊ុនសន្តិសុខទូរគមនាគមន៍ មានការទទួលស្គាល់លំដាប់ពិភពលោក ដើម្បីអនុវត្តវិធានការការពារដូចជា Next Generation Signaling Firewall និង Intrusion Detection System ដើម្បីការពារទិន្នន័យរបស់អតិថិជន និងសុវត្ថិភាពនៃ បណ្ដាញរបស់ក្រុមហ៊ុន។
ដោយឡែក ស្ថានីយអង់តែន 4G របស់ក្រុមហ៊ុន Smart ប្រមាណ 40% មានដាក់ប្រើប្រាស់ប្រព័ន្ធសូឡា ដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា។
ស្របពេលដែលប្រទេសកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស បរិវត្តកម្មីឌីជីថលក៏បាននិងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។ ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុន Smart ក៏កំពុងចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដោយភ្ជាប់ទំនងទំនងដល់បុគ្គល គ្រួសារ និងអាជីវកម្មពេញផ្ទៃប្រទេស។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ តាមរយៈការចុះផ្សាយនៅលើទំព័រព័ត៌មាន Los Angeles Times កាលពីខែធ្នូ ឆ្នាំ 2024កន្លងទៅនេះ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងការផ្គត់ផ្គត់បណ្ដាញសេវាអុីនធឺណិតនៅតាមតំបន់សក្ដានុពលមួយចំនួននដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍នៃប្រាសាទអង្គវត្ត ក៏ដូចជាការគ្របដណ្ដប់សេវាអុីនធឺណិតបន្ថែមទៀតទៅកាន់ភូមិស្រុក និងលំនៅដ្ឋានដែលដាច់ស្រយាលពីទីប្រជំុជន។