បានចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សាថ្នាក់តំបន់ដោយជោគជ័យទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម សម្រាប់និសិត្សទាំង8 នាក់ពីកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ SmartEdu USDP។
ក្នុងដំណើរកម្សាន្តរយៈពេល 4 ថ្ងៃ ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែសីហានេះ សិស្សានុសិស្សនឹងមានឱកាសស្វែងយល់ពីក្រុមហ៊ុនបច្ចេកវិទ្យា និងធុរកិច្ចឈានមុខក្នុងប្រទេសវៀតណាម ដោយទទួលបានចំណេះដឹងដោយផ្ទាល់នវានុវត្តន៍ថ្មីៗដែលជំរុញឱ្យបច្ចេកវិទ្យាកាន់តែជឿនលឿនក្នុងតំបន់។
SmartEdu USDP ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2023 នៅរាជធានីភ្នំពេញ គឺកម្មវិធី Bootcamp រយៈពេល 11 ថ្ងៃ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍អភិវឌ្ឍដ៏ទូលំទូលាយ។ កម្មវិធីនេះរួមបញ្ចូលសិក្ខាសាលាដែលមានការអនុវត្តផ្ទាល់ កិច្ចសហការជាក្រុម ការបង្វឹក និងករណីសិក្សា ដែលទាំងអស់នេះមានគោលបំណងលើកកម្ពស់ស្មារតីសហគ្រិនភាពរបស់សិស្សតាមរយៈការអនុវត្តជាក់ស្តែង។
អ្នកចូលរួមនៅក្នុងកម្មវិធី SmartEdu USDP បានរៀនអំពីជំនាញអាជីវកម្មសំខាន់ៗដែលបំពាក់ឱ្យពួកគេនូវចំណេះដឹងដើម្បីត្រៀមខ្លួនសម្រាប់បំពេញការងារជាក់ស្ដែង។ ជាការកត់សម្គាល់ អ្នកចូលរួមឆ្នើមទាំង8 នាក់ មានឱកាសចូលរួមក្នុងដំណើរទស្សនៈកិច្ចសិក្សាដោយឥតគិតថ្លៃ ក៏ដូចជាមានឱកាសដើម្បីទទួលបានបទពិសោធន៍ក្នុងកន្លែងការងារផ្ទាល់ដ៏មានតម្លៃជាមួយនឹងកម្មសិក្សានៅក្រុមហ៊ុន។ និសិត្សឆ្នើមទាំង8 រូបនៅឆ្នាំនេះនឹងបានទៅទស្សនកិច្ចសិក្សាថ្នាក់តំបន់នៅប្រទេសវៀតណាម នៅទីក្រុងហូជីមិញដែលមាននវានុវត្តន៍គួរឱ្យចាប់អារម្មណ៍ជាងគេនៅក្នុងប្រទេស។
អំពីដំណើរទស្សនកិច្ច
សិស្សានុសិស្សនឹងទៅទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយចំនួនក្នុងប្រទេសវៀតណាម ពួកគេនឹងបានឃើញពីការច្នៃប្រឌិត និងយុទ្ធសាស្ត្រអាជីវកម្មថ្មីៗនៅក្នុងតំបន់។ ពួកគេក៏មានឱកាសស្វែងយល់ពីប្រព័ន្ធ ធុរកិច្ចដ៏រស់រវើករបស់វៀតណាម ដោយមានការចែករំលែកបទពិសោធន៍ និងការយល់ដឹងពីអ្នកដឹកនាំក្នុងសហគ្រាសពាក់ព័ន្ធ ដែលរួមមានក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសវៀតណាមដូចជា FTP និងធុរកិច្ចបច្ចេកវិទ្យាថ្មីៗដូចជា VGN, Earth Venture និង UpYouth ជាដើម។
ការស្វែងយល់ពីវប្បធម៌របស់ប្រទេសជិតខាងគឺជាផ្នែកសំខាន់មួយទៀតនៃដំណើរកម្សាន្តនេះ ខណៈពេលដែលនិស្សិតនឹងអាចស្វែងយល់ពីការរស់នៅរបស់ប្រទេសវៀតណាម និងបង្កើតទំនាក់ទំនងថ្មីៗ។
កញ្ញា ហុត មុីឡាង ដែលជានិសិត្សឆ្នើមម្នាក់ក្នុងចំណោមនិសិត្សឆ្នើមទាំង៨នៃកម្មវិធីនេះបាននិយាយថា “កម្មវិធី SmartEdu USDP គឺជាបទពិសោធន៍មិនអាចបំភ្លេចបាន ដែលបានពង្រឹងទាំងជំនាញ និងទំនុកចិត្តរបស់ខ្ញុំ” ។ “ខ្ញុំពិតជាសប្បាយរីករាយសម្រាប់ឱកាសស្វែងយល់ពីស្ថានភាពធុរកិច្ចអេកូឡូស៊ីបច្ចេកវិទ្យាក្នុងទីក្រុងហូជីមិញ។ បរិយាកាសនេះបានផ្ដល់នូវគំនិតល្អៗ ហើយខ្ញុំសង្ឃឹមថាចំណេះដឹងទាំងនេះនឹងជួយខ្ញុំជំរុញវិស័យធុរកិច្ចនៅកម្ពុជានាថ្ងៃអនាគត»។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍកម្ពុជា
SmartEdu USDP គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់ Smart Axiata ដែលមានបំណងបំពាក់យុវជនកម្ពុជានូវជំនាញ និងចំណេះដឹងសំខាន់ៗដើម្បីលូតលាស់ក្នុងពិភពឌីជីថល។
ដោយមាន "ការជំរុញសង្គមឌីជីថល" ជាសសរស្តម្ភនៃចីរភាពរ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ចំពោះគោលការណ៍ ESG ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការយកចិត្តទុកដាក់របស់ពួកគេក្នុងការបណ្តុះអ្នកដឹកនាំ និងអ្នកច្នៃប្រឌិតជំនាន់ថ្មី។ ដំណើរទស្សនកិច្ចសិក្សាថ្នាក់តំបន់ទៅកាន់ប្រទេសវៀតណាម គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ ដោយផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការរៀនសូត្រពីប្រទេសជិតខាង និងនាំយកចំណេះដឹងដ៏មានតម្លៃមកកម្ពុជាវិញ និងជំរុញឱ្យមានការរីកចម្រើនក្នុងប្រទេស។

ក្រុមហ៊ុន Smart Axiata រៀបចំទស្សនកិច្ចសិក្សាទៅកាន់ប្រទេសវៀតណាមសម្រាប់និសិត្សឆ្នើមពីកម្មវិធី SmartEdu USDP
ថ្ងៃទី 08 សីហា 2024


