Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ ៖ ក្រុមហ៊ុន Smart Axiata កំពុងតែប្រកាសស្វែងរកបេក្ខភាពថ្មីៗ សម្រាប់រដូវកាលទី២ ដោយសារភាពជោគជ័យនៃការចាប់ផ្ដើមកម្មវិធី SmartStart: Young Innovator Program កាលពីឆ្នាំមុន ដែលនិស្សិតចំនួន ១២០នាក់ មកពីក្រុមចំនួន៣០ បានបង្កើតគំនិតបច្ចេកវិទ្យារបស់ពួកគេ ជាមួយនឹងការគាំទ្រពីអ្នកជំនាញ និងប្រាក់ឧបត្ភម្ថ។

ជាថ្មីម្តងទៀត ក្រុមហ៊ុន Smart ជាមួយនឹង Impact Hub ភ្នំពេញ នឹងជួយដល់និស្សិតសកលវិទ្យាល័យកម្ពុជាវ័យក្មេង ធ្វើឲ្យគំនិតច្នៃប្រឌិតថ្មីរបស់ពួកគេល្អប្រសើរ ក្នុងគោលដៅបង្កើតគំនិតដ៏ល្អនោះ ឱ្យក្លាយទៅជាផលិតផលឌីជីថលពិតប្រាកដ និងក្លាយជាសហគ្រាសបច្ចេកវិទ្យាទៅថ្ងៃអនាគត។

ក្នុងរយៈពេលជាង ៩ខែ ក្រុមដែលត្រូវបានជ្រើសរើសដំបូង នឹងត្រូវបានជម្រុះនៅសល់ត្រឹម ៥ក្រុម។ ក្រុមនីមួយៗ ទទួលបានទឹកប្រាក់ ៤០០០ ដុល្លារសហរដ្ឋអាមេរិក និងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ខែ ជាមួយនឹងអ្នកប្រឹក្សាជំនាញៗ នៅ Impact Hub។ ក្រុមដែលរីកចម្រើនជាងគេនឹងឈ្នះរង្វាន់ធំ គឺដំណើរទស្សនៈកិច្ចបច្ចេកវិទ្យា ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីជួបជាមួយនឹងក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Facebook ដែលសុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ឆ្នាំដំបូងរបស់យើង យើងបានឃើញនូវគំនិតអស្ចារ្យជាច្រើន ដែលចេញពីសិស្សនិស្សិតមកពីសាកលវិទ្យាល័យចំនួន ៨។ ឆ្នាំនេះ យើងកំពុងបើកឱកាសទៅកាន់សកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសកម្ពុជា ធ្វើការដាក់ពាក្យទាំងអស់គ្នា។ ខ្ញុំមានសេចក្តីរំភើប ចំពោះបេក្ខជនជំនាន់ថ្មី ថាតើពួកគេនឹងនាំយកនូវគំនិតអ្វីខ្លះមកចូលរួមក្នុងកម្មវិធីនេះ។”

លោកថូម៉ាស បានបន្ថែមថា៖ “ដោយមានការគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជននិងកីឡា Impact Hub ដៃគូអភិវឌ្ឍន៍របស់យើង ក៏ដូចជាអ្នកបង្ហាត់បង្ហាញ នៅក្រុមហ៊ុន Smart ខ្ញុំមានជំនឿចិត្តថា ការប្រកួតប្រជែង SmartStart រដូវកាលទី២ នឹងបង្កើនស្ដង់ដារនូវអ្វីដែលសហគ្រិនបច្ចេកវិទ្យានាពេលអនាគតអាចសម្រេចបាន។”

ក្រុមដែលឈ្នះកាលពីឆ្នាំមុន ឈ្មោះថា GoSoccer ដែលបានបង្កើតកម្មវិធីឌីជីថល សម្រាប់ធ្វើការកក់ និងគ្រប់គ្រងតារាងបាល់ទាត់ នៅទូទាំងទីក្រុងភ្នំពេញ គឺបានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ដំណើរទស្សនៈកិច្ចបច្ចេកវិទ្យាទៅប្រទេសសិង្ហបុរី នៅចុងខែនេះ។

លោកសុវណ្ណ លីហួរ មកពីក្រុម GoSoccer បានពន្យល់ថា៖ “យើងតែងតែគិតឃើញថា ការកក់តារាងបាល់ទាត់ វាដូចជាពិបាក ប៉ុន្តែមិនដឹងពីរបៀបដែលអាចប្តូរគំនិតហ្នឹងទៅជាផលិតផលបានឡើយ។ ដោយមានការគាំទ្រពីកម្មវិធី SmartStart និងប្រាក់ឧបត្ថម្ភចំនួន ៤០០០ពាន់ដុល្លារ ក្រុមរបស់យើងដែលមានសមាជិកចំនួន ៥នាក់ អាចយល់ដឹងពីចក្ខុវិស័យរបស់យើងកាន់តែច្បាស់ និងអាចបង្កើតអ្វីដែលយើងគិតថា នឹងអាចធ្វើឲ្យជិវិតរបស់មនុស្សយើងងាយស្រួលជាងមុន។”

សម្រាប់លោក Alberto Cremonesi នាយកប្រតិបត្តិនៃImpact Hub ភ្នំពេញ បានមានប្រសាសន៍ថា ភាពជាដៃគូរបស់ពួកគេជាមួយក្រុមហ៊ុន Smart ចំពោះគំនិតផ្តួចផ្តើមដូចជា កម្មវិធី SmartStart នេះ នឹងជួយអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលជំនាន់ក្រោយក្នុងប្រទេសកម្ពុជា។

លោក Alberto បាននិយាយថា៖ “វាពិតជាអស្ចារ្យណាស់ ដែលឃើញថាក្រុម SmartStart បានរីកចម្រើននៅប៉ុន្មានខែចុងក្រោយនេះ។ ពួកគេមួយចំនួនបានបន្តធ្វើជាតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួតប្រជែងក្នុងតំបន់ផ្សេងទៀត។ យើងកំពុងទន្ទឹងរង់ចាំរួមដំណើរជាមួយអ្នកច្នៃប្រឌិតវ័យក្មេងជំនាន់បន្ទាប់នេះ។”

និស្សិតមហាវិទ្យាល័យវ័យក្មេង និងអ្នកដែលមានបំណងចង់ដាក់ពាក្យក្នុងកម្មវិធីនេះ ត្រូវបានស្វាគមន៍ឲ្យ ដាក់ពាក្យតាមរយៈអនឡាញនៅគេហទំព័រ smartstart.com.kh

និស្សិតដែលមានចំណាប់អារម្មណ៍អាចចូលសិក្សាបន្ថែមពីកម្មវិធីនេះបាននៅសប្តាហ៍នេះនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពី SmartStart ។

កម្មវិធី SmartStart គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដែលក្រុមហ៊ុន Smart កំពុងតែផ្សាភ្ជាប់ជាមួយនឹងយុវជនកម្ពុជាវ័យក្មេង ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនក្នុងវិស័យបច្ចេកវិទ្យារបស់ព្រះរាជាណាចក្រកម្ពុជា និងជំរុញដល់ការបង្កើតកម្មវិធីផ្នែកបច្ចេកវិទ្យាក្នុងស្រុកផងដែរ។ ក្រៅពីកម្មវិធីគំនិតច្នៃប្រឌិតបច្ចេកវិទ្យានេះ ក្រុមហ៊ុន Smart បានគាំទ្រដល់ការអប់រំ សហគមន៍កីឡា និងគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន នៅទូទាំងប្រទេស ដែលជាផ្នែកមួយនៃរបៀបវារៈប្រកបដោយជីរភាពរបស់ក្រុមហ៊ុន។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ