Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ – ជាមួយការតាំងចិត្តរួមបន្ថែមទៅលើភាពជោគជ័យនៅលើគម្រោងសាកល្បងរបស់ខ្លួននៅកាលពីឆ្នាំមុន អង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា និងក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានបន្តឆន្ទៈ និងកិច្ចសហការរបស់ខ្លួនក្នុងកម្មវិធីកីឡាដើម្បីការអភិវឌ្ឍដែលមានឈ្មោះថា “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” ឬ “One Goal Programme” ជុំទី២ ដែលជាគម្រោងរួមគ្នា ដើម្បីជួយពង្រឹងសមត្ថភាពយុវជនកម្ពុជា ឲ្យពួកគេសម្រេចបានសក្តានុពលពេញបរិបូរណ៍របស់ពួកគេ។ ព្រឹត្តិការណ៍នៅក្នុងកីឡាដ្ឋាននៃក្លឹបបាល់ទាត់ភ្នំពេញក្រោនថ្ងៃនេះ គឺជាការប្រកួតបាល់ទាត់ថ្នាត់ជាតិ លើកទី២ និងជាព្រឹត្តិការណ៍ល្អបំផុតក្នុងការសរុបលទ្ធផល និងបិទកម្មវិធីប្រចាំឆ្នាំនៃ “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” ឆ្នាំនេះ។

“កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” ជុំទី២នេះ នៅតែបន្តផ្តោតសំខាន់លើយុវជននៅក្រៅប្រព័ន្ធសិក្សា ដើម្បីជួយឲ្យពួកគេទទួលបានការបង្ហាត់បង្រៀនជំនាញបាល់ទាត់ និងបំណិនជីវិតឲ្យបានល្អប្រសើរ និងធ្វើការជាមួយយុវជនដែលមិនទាន់ទទួលបានឱកាស ព្រមទាំង គាំទ្រពួកគេឲ្យមើលឃើញតម្លៃផ្ទាល់ខ្លួន កសាងទំនាក់ទំនងរឹងមាំជាមួយមិត្តភក្តិ និងសហគមន៍ និងអាចចេះសម្រេចចិត្ដបានត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ។

លោកស្រី គ្រីស្តាប៊ែល កាឡៃស៊ីលវី នាយិកាស្តីទីរបស់អង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ “អង្គការទស្សនៈពិភពលោក មានសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានធ្វើជាដៃគូជាមួយ ក្រុមហ៊ុន ស្មាត អាស្យាតា ដោយពួកយើងផ្តល់តម្លៃ និងមានជំនឿរួមគ្នាក្នុងការប្តេជ្ញាចិត្ដធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងការពង្រឹងសមត្ថភាពប្រជាជនកម្ពុជា ដើម្បីប្រែក្លាយសហគមន៍របស់ពួកគេឲ្យក្លាយទៅជាសហគមន៍ដែលមាននិរន្តរភាព។”

លោកស្រី គ្រីស្តាប៊ែល មានប្រសាសន៍បន្ថែមទៀតថា៖ “ជាមួយដៃគូរបស់យើង ‘កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ’ ធ្វើឲ្យមានការផ្លាស់ប្រែជាវិជ្ជមានដោយផ្ទាល់ដល់យុវជន និងយុវនារី ១,២០០នាក់ នៅក្នុងឆ្នាំនេះ។ ហើយយើងរឹតតែរីករាយថែមទៀតនៅពេលដែលពួកយើងដឹងថា ចំនួននេះនឹងកើនឡើងរហូតដល់២,០០០នាក់ នៅឆ្នាំក្រោយនេះ។”

លោក ចូណាថាន យ៉ាប់ ប្រធានផ្នែក និយ័តកម្ម និង កិច្ចការសាធារណៈ ក៏យល់ឃើញដូច លោកស្រី គ្រីស្ដាបែលផងដែលថា៖ “‘កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ’ បានបង្ហាញពីការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់យុវជនកម្ពុជាជាច្រើន។ ក្រុមហ៊ុន ស្មាត មានការជឿជាក់ជាខ្លាំងលើ គំនិតផ្ដួចផ្ដើមពីកីឡាសម្រាប់ការអភិវឌ្ឍ ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ពួកយើង ដែលបញ្ចូលការសិក្សាចាំបាច់ ជាមួយការរស់នៅប្រកបសុខុមាលភាព។ ពួកយើងទន្ទឹងរង់ចាំ នូវលទ្ធភាពនៃការប្រើប្រាស់បាល់ទាត់ដើម្បីផ្ដល់ភាពវិជ្ជមានជាច្រើនទៅដល់យុវជននៅទូទាំងប្រទេសកម្ពុជា និង ជំរុញឲ្យពួកគេឈានទៅរកក្តីសង្ឃឹមនិងសុបិនថ្មីៗ។”

ការប្រកួតបាល់ទាត់ថ្នាក់ជាតិកាលពីឆ្នាំមុនទទួលបានជោគជ័យគួរជាទីគាប់ចិត្ត។ យុវជន យុវតី សប្បាយរីករាយជាខ្លាំង ទាំងក្នុងការប្រកួតដណ្តើមពានរង្វាន់ និងការប្រកួតមិត្តភាព។ ហើយការប្រកួតថ្នាក់ជាតិឆ្នាំនេះ បាននាំមកនូវភាពស្វឹតស្វាញ និងភាពរីករាយកាន់តែខ្លាំងថែមទៀត ពីព្រោះឆ្នាំនេះ យើងមាន កីឡាករ កីឡាការនី និងគ្រូបង្វឹកវ័យក្មេងរបស់យើងដែលមកពីស្រុកចំនួន១១ ដែលបានអនុវត្តគម្រោង “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” នេះទូទាំងប្រទេស ដែលចំនួននេះបានកើនឡើងពី ស្រុកចំនួន៣ ប៉ុណ្ណោះនៅក្នុងកម្មវិធីសាកល្បងឆ្នាំ២០១៧។

ជាគម្រោងដែលអនុវត្តរយៈពេល១ឆ្នាំ “កម្មវិធីកីឡាដើម្បីផ្លាស់ប្រែជីវិតខ្ញុំ” បានជួយយុវជនឲ្យចេញឆ្ងាយពីអំពើហិង្សា ការប្រើប្រាស់ថ្នាំញៀន និងឥរិយាបថអវិជ្ជមានផ្សេងៗទៀតតាមរយៈជំនាញបំណិនជីវិត និងកីឡា។ ដោយយុវជនកម្ពុជាតំណាងឱ្យប្រមាណជា៣៣% នៃប្រជាជនសរុប មានន័យថាភាពជាដៃគូរបស់អង្គការទស្សនៈពិភពលោក និងស្មាត អាស្យាតា កំពុងតែជួយបង្កើតឲ្យមានអនាគតវិជ្ជមានមួយសម្រាប់កម្ពុជា តាមរយៈការជួយដល់យុវជនកម្ពុជាឲ្យឈានទៅកាន់គោលដៅដែលត្រឹមត្រូវសម្រាប់ជីវិតរបស់ពួកគេ ជាមួយជំនាញបំណិនជីវិត និងកីឡា។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ