Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata សម្ពោធកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ

ភ្នំពេញ ថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៨ – ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេលបីឆ្នាំ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត។

ក្រុមហ៊ុន Smart មានបំណងធ្វើជាដៃគូជាមួយក្រសួងទាំងពីរក្នុងការអភិវឌ្ឍបុគ្គលដែលមានទេពកោសល្យ និងប៉ិនប្រសប់ ដែលចង់ចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងយុគសម័យឌីជីថលថ្មីនេះ។ ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១,៥ លានដុល្លារទៅក្នុងកម្មវិធីចំនួនពីរ រួមមានកម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាលកវិទ្យាល័យ SmartEdu (USDP) ។ មួយផ្នែកនៃការវិនិយោគនេះគឺបានមកពីវិភាគទានរបស់ក្រុមហ៊ុន Smart សម្រាប់មូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF)។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានពន្យល់ថា៖ “ស្របពេលដែលយើងកំពុងបោះជំហានចូលក្នុងបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ៤ ដូចច្នេះ ផ្នត់គំនិត និងការយល់ដឹងបែបឌីជីថល មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យក្លាយទៅជាសង្គមដែលផ្អែកលើចំណេះដឹង។ ក្រុមហ៊ុន Smart នៅតែជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្នែកអប់រំ និងនវានុវត្តន៍បច្ចេកវិទ្យាផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍ SmartEdu និង SmartStart Young Innovator Program។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រមខ័ណ្ឌកម្មវិធីសិក្សាដ៏ទូលំទូលាយរបស់ USDP ដែលមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តជំរុញឲ្យមាន “ការរៀនសូត្រដោយអនុវត្តជាក់ស្ដែង” ថែមទៀតផង។”

និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៣០ នាក់បាននិងទទួលអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ SmartEdu ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដោយផ្តោតលើសិស្សបញ្ចប់ថ្នាក់ទី១២ ដែលទួលបានលទ្ធផលសិក្សាល្អ ប៉ុន្តែជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានពង្រឹងបន្ថែម តាមរយៈការបញ្ចូលកម្មវិធី Discovery Day ដែលជាសិក្ខាសាលាអភិវឌ្ឍន៍ដែលមានរយៈពេលកន្លះថ្ងៃសម្រាប់សិស្សវិទ្យាល័យ និងកម្មវិធីស្វាគមន៍និស្សិតថ្មី (Induction Camp) សម្រាប់និស្សិតអាហារូបករណ៍ចំនួន២០នាក់ដែលនឹងត្រូវជ្រើសរើសក្នុងឆ្នាំនេះ។

ឯកឧត្តមបណ្ឌិត សារ៉ាក់ ខាន់ រដ្ឋលេខាធិកាប្រចាំការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ “ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្វែងរកវិធានការថ្មី ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ នៅកម្ពុជា។ យើងមានក្តីរំភើបដែលមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដោយក្រុមហ៊ុន Smart និងដៃគូរបស់ខ្លួនដើម្បីពង្រីកកម្មវិធី SmartEdu ឲ្យមានវិសាលភាពគ្របដណ្តប់លើកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដោយផ្ដោតលើផ្នែកឌីជីថល។”

ក្នុងអំឡុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smart Axiata ក៏បានសម្ពោធជាផ្លូវការនូវកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ (USDP) ដែលយកលំនាំតាមកម្មវិធី Axiata អ្នកមានទេពកោសល្យវ័យក្មេង (Axiata Young Talent Program) ដ៏មានជោគជ័យក្នុងប្រទេសម៉ាឡេស៊ី។

ក្រោមកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ (USDP) និស្សិតពូកែចំនួន ៤៨ នាក់នៅកម្ពុជា នឹងចូលរួមក្នុង កម្មវិធីហ្វឹកហាត់ Bootcamp ដោយមានការស្នាក់នៅសណ្ឋាគាររយៈពេល ១៣ ថ្ងៃ ដែលផ្ដល់ឱកាសដល់និស្សិតចូលរួមនូវការអភិវឌ្ឍផ្នែកទ្រឹស្ដី ផ្នែកពិសោធន៍ ការអភិវឌ្ឍបុគ្គល និងទំនាក់ទំនង តាមរយៈសិក្ខាសាលា ការធ្វើពិសោធន៏អាជីវកម្ម ក៏ដូចជាការបង្ហាត់បង្រៀន ដែលផ្តោតលើវិស័យផ្សេងៗ។ ក្រុមដែលឈ្នះនឹងទទួលបានជាប្រាក់រង្វាន់ ហើយសម្រាប់និស្សិតដែលបានធ្វើល្អបំផុតចំនួន៥នាក់ នឹងទទួលបានការចុះកម្មសិក្សារយៈពេល២ខែជាមួយប្រាក់ឧបត្ថម្ភនៅក្រុមហ៊ុនរបស់ Axiata នៅប្រទេសម៉ាឡេស៊ី។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិ Smart Axiata បានពន្យល់ថា អនុស្សារណៈនៃការយោគយល់គ្នា និងកម្មវិធីអភិវឌ្ឍន៍និស្សិតសលកវិទ្យាល័យ (USDP) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Smart ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើន តាមរយៈការអប់រំ និងនវានុវត្តន៍ ដោយសហការជាដៃគូជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ។

លោក ថូម៉ាស បានមានប្រសាសន៍ថា៖ “ការបណ្ដុះអ្នកមានទេពកោសល្យ ទាំងបុគ្គលិក និងមិនមែនបុគ្គលិករបស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) ជាកម្មវិធីដ៍ពិសេសមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជំនាញសំខាន់ៗផ្នែកអាជីវកម្ម ដល់និស្សិតកម្ពុជា ក្នុងយុគសម័យឌីជីថលប្រកបដោយការប្រកួតប្រជែងនេះ។ កម្មវិធីអនុវត្តប្រចាំឆ្នាំនេះ គឺជាកម្មវិធីដ៍សំខាន់ និងគួឲ្យរំភើបមួយ ហើយខ្ញុំជឿថា កម្មវិធីនេះនឹងជួយអភិវឌ្ឍអ្នកដឹកនាំ និងនាយកប្រតិបត្តិក្នុងវិស័យឌីជីថលទៅថ្ងៃអនាគត!”

និស្សិតសកលវិទ្យាល័យអាចដាក់ពាក្យសុំចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ USDP ឲ្យបានមុនថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ ខណៈដែលការដាក់ពាក្យសម្រាប់កម្មវិធីអាហារូបករណ៍បន្ទាប់នឹងត្រូវបិទនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨ នេះហើយ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/Smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smartedu.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ