Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

រាជធានីភ្នំពេញ, ថ្ងៃទី 0៩ ខែមិថុនា ឆ្នាំ២០១៨ – ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៏ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុម នៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី SmartStart: Young Innovator Program រដូវកាលទី២រួចមក ក្រុមចំនួនប្រាំបានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៤,000ដុល្លារ និងទទួលបានការចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែ ដើម្បីផ្លាស់ប្តូរគំនិតអាជីវកម្មរបស់ពួកគេអោយក្លាយទៅជាការពិត។

តាមរយៈការផ្ដល់ដំបូន្មានពីអ្នកជំនាញនិងសិក្ខាសាលាដ៍ល្អិតល្អន់ក្នុងអំឡុងវគ្គ Hackathon Challenge នៅរាជធានីភ្នំពេញ និងការប្រកួតដំណាក់កាល Technopreneurship Challenge ក្នុងខេត្តបាតំបង កាលពីខែមេសា និង ឧសភាកន្លងមក ក្រុមចំនួន៣០មកពីជាង១០សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាត្រូវបានជម្រុះយកចំនួន១៥ក្រុម។ ហើយក្រុមទាំងនោះបានបន្តធ្វើការបង្ហាញគំនិតអាជីវកម្មផ្នែកឌីជីថលរបស់ពួកគេនាថ្ងៃនេះ នៅមុខក្រុមគណៈកម្មការវិនិច្ឆ័យដ៍មានកិត្យានុភាព ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វេក្នុងរាជធានីភ្នំពេញ។

ជ័យលាភីទាំង៥ក្រុមនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង ដើម្បីប្រែក្លាយគំនិតទាំងនោះអោយក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ។ ក្រុមទាំងប្រាំនឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឺក ចិត្ត និងការធ្វើការរួមគ្នាផងដែរ ជាមួយនឹង ការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata។

Zoe Ng ដែលជានាយកគ្រប់គ្រង RainTree Cambodia បានមានប្រសាសន៍ថា៖ “ថ្ងៃនេះគណៈវិនិច្ឆ័យទាំងអស់ពិតជាកោតសរសើរ យ៉ាងខ្លាំងចំពោះគុណភាពនៃការធ្វើបទបង្ហាញទាំងអស់ និង ការប៉ុនប៉ងរបស់សិស្សានុសិស្សទាំងនេះ ក្នុងការប្រែក្លាយគំនិតដំបូងរបស់ពួកគេ អោយក្លាយទៅជា គំរូអាជីវកម្មមួយ។ ខ្ញំុសូមទទូចដល់អ្នកដែលចូលរួមទាំងអស់ ឲ្យបន្តគំនិតរបស់ពួកគេនិងរួមចំណែកដល់វិស័យច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា”។

ជ័យលាភីទាំងប្រាំក្រុមរួមមាន៖

  1. 1- ក្រុម Haystome គឺជាកម្មវីធីដែលភ្ជាប់ភ្ញៀវទេសចរ ជាមួយនិង សិល្បករក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៏ទេសចរណ៏ដ៏កម្រ
  2. 2- ក្រុម Malis គឺជាកម្មវិធីដែលអនុញ្ញាតឲ្យអតិចិជនកក់ការណាត់ជួបជាមួយហាងកែសម្ផស្ស។
  3. 3- ក្រុម Tos Rean គឺជាកម្មវិធីដែលផ្គូរផ្គងនិស្សិត និង គ្រូបង្រៀន។
  4. 4- ក្រុម Homex គឺជាកម្មវិធីទូរស័ព្ទដែលអាចភ្ជាប់ជាងជួសជុលរាល់បញ្ហាដែលមានក្នុងផ្ទះជាមួយ និង អតិថិជន។
  5. 5- ក្រុម SomJot គឺជាកម្មវិធីទូរស័ព្ទដែលជួយធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់រាល់ម្ចាស់យាន្តជំនិះ និង កន្លែងចតយាន្តជំនិះចល័ត។

ឆយ សុគន្ធថាេនត ដែលជាអ្នកដឹកនាំក្រុម SomJot បាននិយាយថា ការមកដល់វគ្គនេះ គឺជាឱកាសដ៏ធំធេងសម្រាប់ក្រុមគាត់។ “ខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយមែនទែន ដែលគំនិតអាជីវកម្មឌីជីថលរបស់ពួកយើង អាចទាក់ទាញចំណាប់អារម្មណ៏របស់គណៈវិនិច្ឆ័យនាថ្ងៃនេះ។ វាពិតជាអស្ចារ្យណាស់ក្នុងការចូលរួមកម្មវិធីបច្ចេកវិទ្យានេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart និង Impact Hub ដែលបានបង្កើតឱកាសសិក្សាសំរាប់និស្សិតកម្ពុជាដូចជារូបខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំបន្តដំណើរ SmartStart របស់យើង។ ”

ក្នុងអំឡុងពេលបិទកម្មវិធី, ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរដល់អ្នកឈ្នះ ព្រមទាំងបានលើកទឹកចិត្តដល់យុវជនកម្ពុជាឲ្យចូលរួមក្នុងកម្មវិធី SmartStart នាពេលអនាគត។

ក្រសួងទាំងពីរបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី SmartStart ជាមួយនឹង ការខិតខំរបស់ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ដែលបានចូលរួមធ្វើឲ្យកម្មវិធីនេះ រីកចម្រើនទៅមុខ។ ឆ្នាំនេះ កម្មវិធី SmartStart ទទួលបានការគាំទ្រ តាមរយៈពីថវិកាសំណងដែលក្រុមហ៊ុន Smart ទទួលបានពីមូលនិធិកសាងសម្ថតភាព និង ការស្រាវជាេវនិងអភិវឌ្ឍន៏។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស់ ហ៊ុន មានសេចក្តីសោមនស្សរីករាយចំពោះទេពកោសល្យដ៍ប៉ិនប្រសប់ដែលបានបង្ហាញនៅក្នុងពិធិីប្រកួតវគ្គផ្ដាច់ព្រ័ត្រនាឆ្នាំនេះ ៖

“SmartStart គឺជាកម្មវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំដែលខ្មុំតែងតែទន្ទឹងរង់ចាំ ដោយសារកម្មវិធីនេះអនុញ្ញាតឲ្យ យុវជនកម្ពុជាវ័យក្មេងជាច្រើន អាចបង្ហាញគំនិតនិងទេពកោសល្យល្អៗរបស់ពួកគាត់។ ក្រុមទាំង១៥នេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា។ ខ្ញុំសូមអបអរសាទរដល់ក្រុមនីមួយៗសម្រាប់ការខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តរបស់ពួកគាត់ ក្នុងអំឡុងដំណាក់ការដំបូងទាំងពីរ នៃកម្មវិធីSmartStart។”

លោក ថូម៉ាស់បានបន្ថែមទៀតថា៖ “ក្រុមហ៊ុន Smart ជឿជាក់លើអ្នកច្នៃប្រឌិតវ័យក្មេងទាំងអស់នេះ និងមានមោទនភាពដែលបានចូលរួមដំណើរអាជីវកម្មបែបឌីជីថលរបស់ពួកគេ។ Impact Hub Phnom Penh និងដៃគូផ្សេងទៀត ជាមួយពួកយើង នឹងបន្តធ្វើការជាមួយពួកគេជាច្រើនខែទៀតនៅពេលខាងមុខ ដើម្បីជួយធ្វើឲ្យគំនិតអាជីវកម្មរបស់ពួកគេក្លាយជាការពិត។”

លោក Alberto Cremonesi នាយកប្រតិបត្តិ Impact Hub Phnom Penh មានក្តីរំភើបដែលបានចូលរួមជាផ្នែកមួយរបស់កម្មវិធី SmartStart វគ្គថ្មីនេះ៖ “កម្មវិធី SmartStart បានបង្ហាញពី ភាពជោគជ័យដ៍អស្ចារ្យម្ដងទៀតហើយ ដោយយោងទៅលើការស្វែងរកគំនិតផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ។ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍនិងរីកចម្រើន យើងត្រូវការមនុស្សវ័យក្មេងកាន់តែច្រើន ដែលមានចំណង់ចំណូលចិត្តខ្លាំងក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេ ក៏ដូចជាចង់ស្វែងរកវិធីផ្សេងៗ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាការពិត»។

នៅចុងបញ្ចប់នៃកម្មវិធីបណ្ដុះបណ្ដាលរយៈពេល៦ខែ ក្រុមការងារដែលបង្ហាញពីវឌ្ឍនភាពខ្លាំងជាងគេនឹងទទួលបាន ដំណើរទស្សនកិច្ចទៅប្រទេសសិង្ហបុរីដើម្បីទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google, Microsoft, Facebook និង LinkedIn។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ