Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Mekong Strategic Partners និង Seedstars World កំពុងពង្រឹងប្រព័ន្ធ Ecosystem ផ្នែកបច្ចេកវិទ្យានៅ ប្រទេសកម្ពុជា ដោយពន្លឿនការវិវឌ្ឍន៍របស់អាជីវកម្មបង្កើតថ្មីតាមរយៈកម្មវិធីសហគ្រិនភាពដំណាក់កាលដំបូងដែលគាំទ្រដោយគម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុន Mekong Strategic Partners (MSP) ដែលជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការវិនិយោគ និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ នៅតំបន់ទន្លេមេគង្គ និង Seedstars World ដែលជាសហគមន៍អន្តរជាតិសម្រាប់សហគ្រិន និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារដែលមានការរីកលូតលាស់លឿន បានដាក់ដំណើរការកម្មវិធី SmartScale powered by Seedstars ដែលជាកម្មវិធីជួយពន្លឿននិងជម្រុញអាជីវកម្មដែលទើបបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ។

កម្មវិធី SmartScale បានជ្រើសរើសអាជីវកម្មបង្កើតថ្មីដំណាក់កាលដំបូងចំនួន ១១ ដែលទទួលបានការបណ្តុះបណ្តាល រយៈពេល ៣ខែ ដើម្បីពន្លឿនការវិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។ កម្មវិធីនេះ បានទទួលបានការចូលរួមគាំទ្រពីសំណាក់គ្រូណែនាំជាតិនិងអន្តរជាតិចំនួនជាង ២០រូប ។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីជួយអាជីវកម្មបង្កើតថ្មីត្រៀមខ្លួនសម្រាប់ទទួលការវិនិយោគ ដោយពង្រឹងភាពសក្តិសមនៃផលិតផលសម្រាប់ទីផ្សារ (Product-Market Fit) និងលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។

កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីរំភើបរីករាយដែលមានឱកាសត្រលប់មកកម្ពុជាវិញ បន្ទាប់ពីបានធ្វើការជាមួយអាជីវកម្មបង្កើតថ្មីជាច្រើន កាលពីឆ្នាំមុន តាមរយៈការហឹ្វកហាត់ Bootcamp រយៈពេល ៣ថ្ងៃ និងការប្រកួតប្រជែងការធ្វើបទបង្ហាញផែនការអាជីវកម្ម ដែលនាំឱ្យ Seedstars ធ្វើការវិនិយោគលើអាជីវកម្មបង្កើតថ្មីផ្នែកដឹកជញ្ជូនក្នុងស្រុកដែលមានឈ្មោះថា ជូនអ្នក ។ ទោះបីជាប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជាទើបតែមានការចាប់ផ្តើមនៅឡើយ ប៉ុន្តែស្ថាបនិកអាជីវកម្មក្នុងស្រុកមានការតាំងចិត្ត និងឆន្ទៈខ្ពស់នៅក្នុងការរៀនសូត្រ ។ យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការចូលរួមចំណែកពង្រឹងប្រព័ន្ធ Ecosystem និងការរីកចម្រើនរបស់ក្រុមអាជីវកម្មបង្កើតថ្មីមួយនេះ តាមរយៈកិច្ចសហការជាមួយដៃគូរបស់យើង ។”

ទម្រង់នៃកម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើវិធីសាស្រ្តរីកចម្រើនលឿន (Lean and Growth Methodologies) ដើម្បីជួយអាជីវកម្មបង្កើតថ្មីពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែលឿន និងសម្រេចគោលដៅវិនិយោគរបស់ខ្លួន ។ កម្មវិធីនេះមានប្រធានបទដូចជា វិធីសាស្រ្តកំណត់អតិថិជននិងស្វែងយល់បញ្ហារបស់អតិថិជន យុទ្ធសាស្រ្តកំណើន និងការអនុវត្ត AARRR Funnel និងយុទ្ធសាស្រ្តគៀរគរទុន ។ កម្មវិធីនេះមានវគ្គថ្មីៗមួយចំនួនដូចជា សិក្ខាសាលាជាមួយគ្រូណែនាំក្នុងស្រុកនិងក្រៅស្រុក កិច្ចប្រជុំមួយទល់នឹងមួយជាមួយគ្រូផ្នែកសហគ្រិនភាព (Entrepreneur in Residence) អាហារពេលល្ងាចជាមួយនឹងដៃគូនៅក្នុងប្រព័ន្ធ Ecosystem ការសម្តែងនៃការធ្វើបទសម្ភាសន៍ជាមួយអតិថិជន និងពេលវេលាជំនួយបន្ថែមសម្រាប់ដោះស្រាយបញ្ហាទាក់ទិននឹងអាជីវកម្មរបស់ខ្លួន ។

លោក កឹម បូរ៉ា ជានាយកក្រុមហ៊ុន Mekong Strategic Partners បានមានប្រសាសន៍ថា៖ “ការផ្តល់ការណែនាំ និងជំនួយផ្នែកបច្ចេកទេស មានសារៈសំខាន់ខ្លាំងសម្រាប់ភាពជោគជ័យក្នុងរយៈពេលវែងរបស់អាជីវកម្មបង្កើតថ្មីមួយ ។ តាមរយៈ កម្មវិធី SmartScale យើងខ្ញុំបានផ្តល់ជូនអាជីវកម្មបង្កើតថ្មីនូវការណែនាំពីសំណាក់គ្រូដែលបទពិសោធន៍ខ្ពស់ និងកម្មវិធីអន្តរជាតិដ៏ល្អសម្រាប់អាជីវកម្មបង្កើតថ្មី ។ យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍វិនិយោគិននៅក្នុងតំបន់មកលើអាជីវកម្មបង្កើតថ្មីនៅកម្ពុជា និងអាជីវកម្មថ្មីនៅកម្ពុជាអាចបង្ហាញមុខនៅលើឆាកអន្តរជាតិ។”
កម្មវិធីនេះ នឹងត្រូវបានបញ្ចប់ដោយមានការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា ។ ពិធីនៅថ្ងៃបិទបញ្ចប់នេះ នឹងមិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនជាតិនិងអន្តរជាតិ បានស្គាល់អាជីវកម្មបង្កើតថ្មីរបស់កម្មវិធី SmartScale ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើតជាវេទិកាដ៏ល្អមួយសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជាធ្វើការទំនាក់ទំនងគ្នា ដែលរួមមានអាជីវកម្មបង្កើតថ្មី វិនិយោគិន កម្មវិធីពន្លឿនអាជីវកម្ម សាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងរាជរដ្ឋាភិបាលផងដែរ។

លោក Feiruz Ikhwan ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ “ក្រុមហ៊ុន Smart រំពឹងថាខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញ ការអភិវឌ្ឍន៍ និងការវិនិយោគលើប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជា ។ កម្មវិធីផ្សេងៗដូចជា កម្មវិធី SmartScale នេះរួមមានធាតុផ្សំជាច្រើនដែលចាំបាច់ក្នុងការជម្រុញគំនិត និងពង្រឹងសមត្ថភាពអាជីវកម្មនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ។ ខ្ញុំសង្ឃឹមថា ការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នឹងបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិអំពីវិស័យអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដែលកំពុងមានការរីកលូតសាស់យ៉ាងឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។”

កម្មវិធី SmartScale បានទទួលការគាំទ្រពីសំណាក់ដៃគូយ៉ាងសំខាន់រួមមានគម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata ។ កម្មវិធីនេះត្រូវបានអនុវត្តរួមគ្នាដោយក្រុមហ៊ុន Mekong Strategic Partners និង Seedstars World ។

លោកស្រី Kate Heuisler ជា Chief of Party នៃ គម្រោង Development Innovations របស់ USAID បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាត្រូវការតួអង្គចម្រុះ ដើម្បីស្វែងយល់ និងបង្កើតដំណោះស្រាយសម្រាប់អាទិភាពមួយចំនួនរបស់ប្រទេសជាតិដូចជា វិស័យការងារ សុខាភិបាល ទេសចរណ៍ និងជំនួញអាជីវកម្ម ខណៈពេលដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ការសម្រេចគោលដៅឌីជីថលឆ្នាំ ២០២៥ ។ កម្មវិធី SmartScale ត្រូវបានរៀបចំឡើង ដើម្បីជួយគាំទ្រអាជីវកម្មបង្កើតថ្មីដំណាក់កាលរីកលូតលាស់ និងយើងខ្ញុំមានមោទនភាពណាស់ ដែលបានឃើញអាជីវកម្មបង្កើតថ្មីជាច្រើនបានទទួលផលប្រយោជន៍ពីកម្មវិធីនេះ និងអាជីវកម្មបង្កើតថ្មីទាំងនេះកាន់តែមានភាពរឹងម៉ាំក្នុងការពឹងពាក់លើខ្លួនឯង មានការត្រៀមខ្លួនសម្រាប់ទទួលបានការវិនិយោគ និងមានទំនុកចិត្តលើនិរន្តរភាព និងការពង្រីកអាជីវកម្មរបស់ខ្លួន ។”

អាជីវកម្មបង្កើតថ្មីដែលបានជ្រើសរើសសម្រាប់កម្មវិធី SmartScale ជំនាន់ទីមួយនេះរួមមាន៖

  • Bongpheak គឺជាគេហទំព័រការងារដំបូងគេនៅកម្ពុជាដែលផ្តោតលើការងារជំនាញទាប ។
  • Buyloy.com គឺជាផ្លេតហ្វម (Platform) ទិញទំនិញអនឡាញប្រកបដោយទំនុកចិត្តនៅប្រទេសកម្ពុជា ។
  • Impact Explorer ផ្សាភ្ជាប់អ្នកធ្វើដំណើរជាមួយនិងបទពិសោធន៍ដំណើរកំសាន្តដែលផ្តល់ផលប្រយោជន៍សម្រាប់សហគមន៍ និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើងតាមរយៈទេសចរណ៍ ។
  • DirexPlay បង្កើតហ្គេមចល័តដែលពោរពេញដោយភាពសប្បាយរីករាយ និងផ្តល់បទពិសោធន៍លេងហ្គេមជាមួយមនុស្សដទៃទៀត ។
  • First Womentech Asia មានបំណងធ្វើទំនើបនីយកម្មប្រតិបត្តិការមន្ទីរពេទ្យ និងអាជីវកម្មផ្នែកសុខាភិបាល ។
  • Healthogo គឺជាផ្លេតហ្វមសម្រាប់អ្នកជម្ងឺទទួលបានព័ត៌មានផ្នែកសុខភាព និងណាត់ជួបជាមួយគ្រូពេទ្យនៅតាមមន្ទីរពេទ្យនិងគ្លីនិក ។
  • Kokopon គឺជាផ្លេតហ្វមដែលផ្តល់ព័ត៌មានអំពីការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃទំនិញនិងសេវាកម្មផ្សេងៗ ។
  • Muuve ធ្វើឱ្យជីវិតកាន់តែងាយស្រួល តាមរយៈការសម្របសម្រួលការដឹកជញ្ជូនម្ហូបអាហារ ។
  • RentKH Tech គឺជាផ្លេតហ្វមអនឡាញសម្រាប់លក់ និងជួលអចលនទ្រព្យ ។
  • BLOC គឺជាផ្លេតហ្វមក្នុងស្រុកសម្រាប់ការលក់ទំនិញអនឡាញ និងការដឹកជញ្ជូន ។
  • Wayhome ផ្តល់ដំណោះស្រាយយ៉ាងងាយស្រួលសម្រាប់អ្នកជួល ម្ចាស់អគារ និងភ្នាក់ងារអចលនទ្រព្យ ។

ដើម្បីចូលរួមការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា សូមមេត្តាចុះឈ្មោះតាមរយៈ គេហទំព័រ: https://smartscalekh.eventbrite.com/

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ