Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ   អិុនធឺណិត របស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិតដល់សិស្សវិទ្យាល័យកម្ពុជាចំនួន ១.៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរកាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួល​ខុស​ត្រូវ​ប្រចាំអាស៊ី) ផ្នែកពង្រឹង​សិទ្ធិអំណាច​សង្គម ពីអង្គការ Enterprise Asia ។​

Enterprise Asia​ គឺជាអង្គការមិនមែនរដ្ឋាភិបាលឈានមុខគេមួយ ដែលមានគោលដៅអភិវឌ្ឍសហគ្រិនភាពនៅក្នុងតំបន់អាស៊ី ដោយ​មើលឃើញថាសហគ្រិនភាព ជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពជឿនលឿន។

ចាប់តាំងពីពានរង្វាន់នេះត្រូវបានប្រគល់ជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ មក ពានរង្វាន់ Asia Responsible Enterpriseនេះ បានក្លាយជាពានរង្វាន់កិតិ្តយសឈានមុខគេសម្រាប់ក្រុមហ៊ុនដែលមានទំនួលខុសត្រូវផ្នែកសង្គមទូទាំងតំបន់អាស៊ី ដោយទទួលស្គាល់ចំពោះក្រុមហ៊ុន​ ដែលធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព និងបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម។

កម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិត ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមភាពជាដៃគូជាមួយ ក្រុមហ៊ុនយក្សអិុនធឺណិតលំដាប់ពិភពលោក Google និងសមាគម​ GSMA  ដែលជា​សមាគមពាណិជ្ជកម្មពិភពលោក សម្រាប់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត។

ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន សម្រាប់សិស្សថ្នាក់​ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

តាមរយៈកម្មវិធីនេះ សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលមូលដ្ឋាន និងចំណេះដឹងអំពីសារៈសំខាន់នៃលេខសំងាត់ ការគំរាមកំហែងតាមអិុនធឺណិតណិត និងភាពជាពលរដ្ឋឌីជីថល។

កម្មវិធីនេះក៏បានបញ្ចូលវគ្គ​សិក្ខាសាលាបណ្ដុះបណ្ដាល​លើការបង្កើតវីដេអូមានគុណភាពខ្ពស់សម្រាប់បង្ហោះតាមអិុនធឺណិត ហើយវីដេអូដែលបង្កើតឡើយដោយសិស្សានុសិស្សទាំងនោះ ត្រូវបានយក​ទៅចូលរួមក្នុងកម្មវិធីប្រកួតមួយ​ ដែលជ័យលាភីទទួលបានរង្វាន់សាច់ប្រាក់សម្រាប់សាលារបស់ពួកគេ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពានរង្វាន់នេះគឺជាការទទួលស្គាល់មកលើកម្មវិធីនេះ ហើយ​យើង​អាច​និយាយ​ដោយក្ដីរីករាយ​ផងដែរថា ការទទួលពានរង្វាន់​នេះក៏ជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់ក្រសួង និងសាលារៀននានា​ ដែលយើងបានសហការជាមួយ។ យើងនឹងបន្តកម្មវិធីនេះបន្តទៅទៀត​  ដើម្បីបង្កើតឥទ្ធិពលធំជាងនេះ ដល់សិស្សានុសិស្ស​នៅតាមវិទ្យាល័យចំនួន ៩​ សាលា​ ក្នុងខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង នៅពេលដែលស្ថានភាព ជំងឺ​កូវីដ១៩ បានធូរស្រាលឡើង។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ជំងឺរាតត្បាតសកលវីរុសកូរ៉ូណា បានបង្រៀនយើងជាងពេលផ្សេងៗទៀត អំពីសារៈសំខាន់នៃអក្ខរកម្មឌីជីថលមូលដ្ឋាន សម្រាប់សិស្សានុសិស្សដែលត្រូវការប្រើប្រាស់អិុនធឺណិតក្នុងការរៀនសូត្រពីចម្ងាយ អំឡុងពេលដែលសាលារៀនត្រូវបានបិទ ​កាលពីដើមឆ្នាំដូចដែល យើងបានឃើញស្រាប់។ ទោះបីជា យើងចង់ឲ្យ​សិស្សានុស្សិស្សខ្មែរកាន់តែច្រើនថែមទៀត​ អាចប្រើជំនាញអក្ខរកម្មឌីជីថលនេះក្ដី ប៉ុន្តែ​វាគឺជាការចាំបាច់ណាស់ដែរ ដែលពួកគេទទួលបានការ​បង្រៀន​ឲ្យ​ស្គាល់​ពីអត្ថប្រយោជន៍ផង ក៏ដូចជា​កង្វល់ផ្នែកសុវត្ថិភាពផង នៅពេលដែលពួកគេ​ប្រើប្រាស់អិុនធឺណិត។»

កម្មវិធីអក្ខរកម្មឌីជីថលនេះគឺជាកម្មវិធីមួយ​ក្នុងចំណោមកម្មវិធីនានាផ្នែកអប់រំ ពីក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងក្លាយជាជើងឯកឌីជីថល​របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីអប់រំជីថល ដូចជា  កម្មវិធីអាហារូបករណ៍ SmartEdu កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu និងកម្មវិធីជាច្រើនផ្សេងទៀត។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ