Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧៖ ជាផ្នែកនៃដំណើរឆ្ពោះទៅអនាគតដែលពោរពេញដោយបច្ចេកវិទ្យាឌីជីថល ថ្ងៃនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសសម្ពោធគម្រោងថ្មីមួយ មានឈ្មោះថា “SmartStart៖ Young Innovator Program” ដែលមានគោលបំណងលើកកម្ពស់យុវជនកម្ពុជាអោយអភិវឌ្ឍគំនិតច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ និងជួយជ្រោមជ្រែងពួកគាត់អោយប្រែក្លាយគំនិតល្អៗទាំងនោះ ទៅជាអាជីវកម្មជោគជ័យនាពេលអនាគត ។

កម្មវិធី SmartStart គឺជាកម្មវិធីរយៈពេលប្រាំបួនខែ សម្រាប់និស្សិតសាកលវិទ្យាល័យ ដែលសំដៅជំរុញ លើកកម្ពស់ និងផ្តល់ឱកាសអោយអ្នកចូលរួម អភិវឌ្ឍគំនិតអាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ដើម្បីបើកសក្តានុពលនៃភាពច្នៃប្រឌិតរបស់និស្សិត និងផ្តល់ឱកាសអោយពួកគេសម្រេចគោលគំនិតអាជីវកម្មរបស់ខ្លួន តាមរយៈសិក្ខាសាលា និងការបង្ហាត់បង្ហាញផ្ទាល់ពីអ្នកមានបទពិសោធន៍ ។ ក្រោមកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះនឹងអនុវត្តសាកល្បងនៅសាកលវិទ្យាល័យធំៗចំនួនបួននៅកម្ពុជា ដោយផ្ដោតជាពិសេសទៅលើនិស្សិតឆ្នាំទី៣ និងទី៤ ដែលកំពុងរៀនថ្នាក់បរិញ្ញាបត្រ ហើយមានក្តីប្រាថ្នាចង់បង្កើតឱ្យមានការផ្លាស់ប្តូរតាមរយៈគំនិតអាជីវកម្មច្នៃប្រឌិតថ្មីពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ក្រុមហ៊ុន Smart បានជាដៃគូអភិវឌ្ឍ និងវិនិយោគក្នុងរយៈពេលវែង នៅក្នុងវិស័យទូរគមនាគមន៍ចល័តរបស់ប្រទេសកម្ពុជាជាយូរមកហើយ ។ យើងជឿជាក់ថា យុវវ័យជំនាន់ក្រោយគឺជាអ្នកកសាងអនាគតនៃប្រទេសកម្ពុជា ហើយយើងនឹងជួយជំរុញ និងអភិវឌ្ឍទេពកោសល្យដែលមិនទាន់បានដុសខាត់របស់ពួកគេ ។ ក្រុមហ៊ុន Smart បង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងលើកកម្ពស់សហគ្រិនដែលមានគំនិតច្នៃប្រឌិត និងជំរុញការអភិវឌ្ឍវិស័យទូរគមនាគមន៍ចល័តនៅក្នុងប្រទេសកម្ពុជា ។ កម្មវិធី SmartStart ត្រូវបានរៀបចំឡើងក្នុងរបៀបមួយ ដែលនឹងមិនគ្រាន់តែផ្តល់ឱ្យនិស្សិតនូវចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រផ្នែកឧបករណ៍បច្ចេកទេស ផ្តល់បទពិសោធន៍ ការបង្ហាត់បង្ហាញ និងការគាំទ្រផ្នែកថវិកាផងដែរ ។”

ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងស្មារតីដូចគ្នានេះថា “បដិវត្តន៍ឧស្សាហកម្មទី៤ ដែលផ្តោតលើបច្ចេកវិទ្យាឌីជីថល និងការធ្វើស្វ័យប្រវត្តិកម្ម ជាដើម នឹងឈានមកដល់នាពេលអនាគតឆាប់ៗខាងមុខនេះ ដូច្នេះ យុវជនកម្ពុជាជំនាន់ក្រោយត្រូវតែបំពាក់បំប៉នសមត្ថភាពរបស់ខ្លួនជាមួយនឹងចំណេះដឹង និងជំនាញក្នុងផ្នែកព័ត៌មានវិទ្យា ។ កម្មវិធី SmartStart ដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍសង្គមការងារដែលផ្អែកលើចំណេះដឹងនៅប្រទេសកម្ពុជា ។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវវ័យដែលមានគំនិតច្នៃប្រឌិតពីសាកលវិទ្យាល័យទាំងបួន ចាប់យកឱកាសនេះ ដែលកំពុងផ្តល់អោយដោយក្រុមហ៊ុន Smart នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។”

ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន បានបន្ថែមទៀតថា “ក្នុងពិភពលោកដែលពោរពេញដោយអន្តរទំនាក់ទំនងកាន់តែច្រើនឡើង ខ្ញុំពិតជារីករាយដោយបានឃើញការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Smart ក្នុងការអភិវឌ្ឍគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់យុវជនកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ ។”

ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្រ្តស្នូលមួយក្នុងការអភិវឌ្ឍវិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (T-ICT) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គឺការពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ T-ICT តាមរយៈការអភិវឌ្ឍសមត្ថភាពផ្នែកព័ត៌មានវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ។ ខ្ញុំមានសេចក្តីរីករាយដោយក្រុមហ៊ុន Smart ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់គោលនយោបាយនេះ តាមរយៈការបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងកម្មវិធី SmartStart ដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ ជាដើម ។ ជាមួយនឹងការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំមានភាពសុទិដ្ឋិនិយមថា កម្មវិធីនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការច្នៃប្រឌិតថ្មីនៅកម្ពុជា ។”

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា “ពាក្យស្លោករបស់កម្មវិធី SmartStart គឺ “ច្នៃប្រឌិតជាមួយអ្នក វិនិយោគលើអ្នក!” ដែលពាក្យស្លោកនេះ ស្របជាមួយសកម្មភាពរបស់ក្រុមហ៊ុន Smart ដែលបានបម្រើសង្គមកម្ពុជាលើសពីក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចល័តឈានមុខគេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពផងដែរ ។ យើងមានក្តីរំភើបដោយបានចាប់ដៃគូជាមួយនឹងសាកលវិទ្យាល័យធំៗទាំងបួន ដើម្បីស្វែងរកនិស្សិតដែលមានគំនិតច្នៃប្រឌិតថ្មី ហើយយើងជឿជាក់ថា តាមរយៈកម្មវិធីនេះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart នឹងមានគំនិតអាជីវកម្ម និងដំណោះស្រាយឌីជីថលថ្មីៗ ដែលត្រូវបានបង្កើតឡើង និងផ្តល់ប្រយោជន៍ដល់សង្គមកម្ពុជា ។”

និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នឹងមានសិទ្ធិចុះឈ្មោះចូលរួមក្នុងកម្មវិធី SmartStart នៅឆ្នាំនេះ ហើយនៅឆ្នាំក្រោយៗទៀត និស្សិតនៅតាមសាកលវិទ្យាល័យកាន់តែច្រើននៅទូទាំងប្រទេសនឹងមានឱកាសចូលរួមជាមួយកម្មវិធីនេះបាន ។ ការទទួលពាក្យនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ ដែលអាចស្វែងរកព័ត៌មានបន្ថែមនៅគេហទំព័រ www.smartstart.com.kh ។ បន្ថែមពីនេះ និស្សិតដែលមានចំណាប់អារម្មណ៍អាចចូលរួមទទួលព័ត៌មានបន្ថែមពីសិក្ខាសាលា ដែលនឹងរៀបចំឡើងក្នុងសាកលវិទ្យាល័យទាំងបួន ក្នុងអំឡុងសប្តាហ៍ក្រោយនេះ ។

កម្មវិធី SmartStart បែងចែកជាពីរដំណាក់កាល ដែលក្នុងនោះនិស្សិតជាប់ជម្រុះបថម (shortlist) ប្រមាណជាង ១២០នាក់ នឹងទទួលបានការហ្វឹកហ្វឺនបន្ថែមក្នុងសិក្ខាសាលា ដើម្បីដុសខាត់គំនិតអាជីវកម្មឌីជីថលរបស់ពួកគេ ។ បន្ទាប់មក ក្រុមល្អជាងគេចំនួន ៥ នឹងត្រូវបានជ្រើសរើស ដើម្បីបន្តទៅដំណាក់កាលបន្ទាប់ទៀត ។ ក្នុងដំណាក់កាល ៦ខែចុងក្រោយនេះ កម្មវិធី SmartStart នឹងផ្តល់មូលនិធិ និងផ្តល់ការគាំទ្របន្ថែមទៀត ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនបណ្តុះអាជីវកម្មលំដាប់អន្តរជាតិ ដើម្បីជួយប្រែក្លាយគំនិតអាជីវកម្មទាំងនោះទៅជាអាជីវកម្ម សេវា ឬផលិតផលជាក់ស្តែង ដោយកម្មវិធីនឹងជួយផ្គត់ផ្គង់ធនធាន បង្ហាត់បង្ហាញ បំផុសគំនិត និងជួយស្វែងរកដៃគូសហការទៀតផង ។ ក្រុមនីមួយៗដែលបានឡើងមកដល់ដំណាក់កាលនេះ ក៏នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤ពាន់ដុល្លារអាមេរិក ហើយក្រុមដែលមានភាពរីកចម្រើនខ្លាំងបំផុត នឹងទទួលបានឱកាសធ្វើដំណើរទស្សនកិច្ចទៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសឹង្ហបុរី ដូចជា ក្រុមហ៊ុន Google, Facebook និង Microsoft ។

កម្មវិធី SmartStart គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលក្រុមហ៊ុន Smart កំពុងអនុវត្ត ដើម្បីស្វែងរក និងលើកកម្ពស់សហគ្រិនវ័យក្មេង ដោយផ្តល់ឱកាសអោយពួកគេអភិវឌ្ឍគំនិតអាជីវកម្មល្អៗ តាមរយៈសកម្មភាពនេះផ្ទាល់ ក៏ដូចជាសកម្មភាពផ្សេងទៀតក្រោមកិច្ចសហការជាមួយដៃគូផ្សេងៗ សំដៅចូលរួមចំណែកពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលគេរំពឹងថានឹងរីកដុសដាលយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ