Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ២៨ តុលា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Smart Axiata បានត្រូវបានជ្រើសរើស ដោយស្ថាប័នស្រាវជ្រាវទីផ្សារ Frost & Sullivan សម្រាប់ពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍ចល័តល្អបំផុតនៅកម្ពុជា ឆ្នាំ២០១៦” ដោយមើលឃើញការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យទូរគមនាគមន៍ចល័ត វត្តមានបណ្តាញសេវាគ្របដណ្តប់ខ្ពស់ និងសំបូរទៅដោយការច្នៃប្រឌិតសេវាឌីជីថលថ្មីៗ ។

ពានរង្វាន់ចុងក្រោយនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមពានរង្វាន់យ៉ាងច្រើន ដែលក្រុមហ៊ុន Smart Axiata បានឈ្នះក្នុងរយៈកាលពីរឆ្នាំចុងក្រោយនេះ ដោយមជ្ឈដ្ឋានកាន់តែច្រើនទទួលស្គាល់នូវគុណភាពសេវាទូរស័ព្ទ ទំនុកចិត្ត និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសង្គមកម្ពុជា ។

ស្ថាប័នស្រាវជ្រាវ Frost & Sullivan បានផ្តល់កិត្តិយសដ៏ពិសេសនេះ ដល់ក្រុមហ៊ុន Smart Axiata ព្រោះក្រុមហ៊ុនបានអនុវត្តយ៉ាងជោគជ័យនូវយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន និងសម្រេចបានសមិទ្ធផលការងារយ៉ាងត្រចះត្រចង់ ។ សម្រាប់ឆ្នាំ២០១៥ ក្រុមហ៊ុន Smart Axiata បន្តរីកចំរើនខ្លាំងនៅក្នុងទីផ្សារមួយដែលមានការប្រកួតប្រជែងខ្ពស់ ឧទាហរណ៍ ក្រុមហ៊ុនសម្រេចបានកំណើនប្រាក់ចំណូល ៣០% ធៀបនឹងឆ្នាំមុន ដោយក្រុមហ៊ុនបានអនុវត្តសកម្មភាពជំរុញទីផ្សារយ៉ាងសកម្មរបស់ខ្លួន និងបានបន្តផ្តល់សេវាទូរគមនាគមន៍ចល័តប្រកបដោយគុណភាព បូកផ្សំនឹងការបង្កើតថ្មីនៃសេវាឌីជីថល ដូចជា SmartLuy, Smart Music, Smart Loan, iCal uPay, Smart Tunes និង Smart Box ជាដើម ។ ប្រាក់ចំណូលទទួលបានពីការហៅទូរស័ព្ទរបស់អតិថិជន បានកើនឡើង ៧% ខណៈប្រាក់ចំណូលដែលទទួលបានក្រៅពីការហៅទូរស័ព្ទរបស់អតិថិជនបានកើនឡើងលើស ៨៦% ទៅទៀត ។

ក្នុងអំឡុងឆ្នាំកន្លងទៅ ក្រុមហ៊ុនបានប្រែក្លាយមុខមាត់ទៅជាម៉ាកយីហោនៃជីវិតរស់នៅបែបឌីជីថល តាមរយៈសេវាអ៊ិនធឺណិត 4G LTE របស់ខ្លួន ការបង្កើតភាពជាដៃគូផ្តាច់មុខជាមួយនឹងក្រុមហ៊ុនផលិតឧបករណ៍ និងក្រុមហ៊ុនផ្តល់សេវា និងមាតិកាឈានមុខគេ ក៏ដូចជាតាមរយៈការរៀបចំការប្រគំតន្ត្រីអន្ដរជាតិខ្នាតធំចំនួនពីរផងដែរ ។ ភាពជាដៃគូរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Apple ផ្តល់សិទ្ធផ្តាច់មុខអោយក្រុមហ៊ុនសេវាទូរគមនាគមន៍ចល័តមួយនេះ លក់ទូរស័ព្ទ iPhone និង iPad ជាមួយនឹងកញ្ចប់សេវាកម្មគួរឱ្យទាក់ទាញ ខណៈភាពជាដៃគូជាមួយក្រុមហ៊ុន Universal Music សម្រេចលទ្ធផលបានទៅជាកម្មវធី Smart Music ដែលជាកម្មវិធីស្រ្ទីម (stream) បទចម្រៀងដំបូងគេក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនក៏បានសម្ពោធសេវា SmartLuy ដែលជាសេវាផ្ញើរប្រាក់ និងធ្វើប្រតិបត្តិការឌីជីថលផ្សេងទៀតតាមទូរស័ព្ទដៃរបស់អតិថិជន Smart Axiata ។ ជាមួយនឹងសេវា Smart Life Insurance ដែលជាសេវាធានារ៉ាប់រងអាយុជីវិតដោយក្រុមហ៊ុនទូរស័ព្ទដំបូងគេនៅកម្ពុជា ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង អន្តរជាតិឈានមុខគេ គឺក្រុមហ៊ុន BIMA បច្ចុប្បន្ន Smart Axiata បានក្លាយទៅជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់ចំនួនមនុស្សច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ។

លោក Avinash Sachdeva អ្នកវិភាគជាន់ខ្ពស់ សម្រាប់ការអនុវត្តក្នុងវិស័យទូរគមនាគមន៍ឌីជីថល នៃស្ថាប័ន Frost & Sullivan ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា “ក្រុមហ៊ុន Smart Axiata បានចាប់យកឱកាសនៃសេវាកម្មឌីជីថលយ៉ាងឆាប់រហ័ស ដើម្បីកែលម្អអាជីវកម្មទូរគមនាគមន៍ចល័តរបស់ខ្លួន ។ ដោយមានបណ្តាញសេវាកម្មគ្របដណ្តប់ខ្ពស់ ភាពជាដៃគូផ្តាច់មុខ និងការបង្កើតសេវាកម្មឌីជីថលថ្មីៗ ក្រុមហ៊ុនបានបំឡែងខ្លួនអោយក្លាយទៅជាម៉ាកយីហោនៃជីវិតរស់នៅទំនើប យ៉ាងជោគជ័យក្នុងប្រទេសកម្ពុជា ។ ជាមួយនឹងអតិថិជនដែលប្រើប្រាស់ទិន្នន័យអ៊ិនធឺណិតលើទូរស័ព្ទដៃកាន់តែច្រើន និងការបង្កើនឡើងនូវសេវាឌីជីថល ក្រុមហ៊ុនសម្រេចបានកំណើនទ្វេដងជាមួយនឹងទិន្នន័យអ៊ិនធឺណិត និងសេវាបន្ថែមរបស់ខ្លួន ដែលបានជួយបង្កើនប្រាក់ចំណូលសរុបយ៉ាងច្រើន ។ តាមរយៈការបន្តវិនិយោគលើគុណភាពបណ្តាញទូរស័ព្ទចល័ត និងការបង្កើតថ្មីនូវសេវាកម្មឌីជីថលល្អៗ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលការងារខ្ពស់ក្នុងទីផ្សារមួយដែលពោរពេញដោយការប្រកួតប្រជែង ។”

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់នេះ និងបាននិយាយថា ក្រុមហ៊ុនតែងបាននឹងកំពុងធ្វើការឥតឈប់ឈរដើម្បីផ្តល់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជាទាំង ៨លាននាក់របស់ខ្លួន នូវសេវា និងប្រព័ន្ធទូរគមនាគមន៍ចល័តដែលល្អបំផុត និងមានតំលៃសមរម្យបំផុត ។ លោកបាននិយាយថា “នៅឯក្រុមហ៊ុន Smart Axiata បុគ្គលិករបស់យើងទាំងអស់តែងតែខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អជាងកាលពីម្សិលមិញ ដើម្បីផ្គាប់ចិត្តអតិថិជនកម្ពុជាទាំងអស់ និងបម្រើពួកគាត់អោយបានគ្រប់ៗគ្នា ។ ពានរង្វាន់ចុងក្រោយមួយនេះពីស្ថាប័ន Frost & Sullivan គឺជាកាដូមួយទៀត ដើម្បីលើកទឹកចិត្តបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Smart Axiata ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជន ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រយើងយ៉ាងសស្រាក់សស្រាំផងដែរ ។”

ក្រុមហ៊ុន Smart Axiata នឹងបន្តប្តេជ្ញាចិត្តស្របតាមចក្ខុវិស័យរបស់ខ្លួន ដើម្បីលើកស្ទួយជីវិតរបស់មនុស្សគ្រប់គ្នា តាមរយៈការកសាងបណ្តាញទូរគមនាគមន៍ ការតភ្ជាប់ និងផ្តល់សេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលសកម្មភាពទាំងអស់នេះ សុទ្ធសឹងរួមចំណែកដល់សេដ្ឋកិច្ច និងផលិតភាពជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមកម្ពុជា ។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា “ក្រុមហ៊ុន Smart Axiata បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងវិស័យព័ត៌មានវិទ្យានៅកម្ពុជា ។ នៅក្នុងឆ្នាំ២០១៥ យើងបានបង្កើតចំណូលអោយប្រទេសជាតិ ក្នុងចំនួនទឹកប្រាក់ជាង ២៧៥លានដុល្លារអាមេរិក ឬស្មើនឹង ១,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ក៏ដូចជាបានបង្កើតការងារសម្រាប់មនុស្សជាង ៤ម៉ឺននាក់ដោយផ្ទាល់ និងដោយប្រយោល ។ គោលដៅរបស់យើងគឺ ការលើកស្ទួយសង្គមកម្ពុជា អោយក្លាយទៅជាសង្គមប្រកបដោយចំនេះដឹង សង្គមឌីជីថល និងសង្គមដែលពោរពេញដោយការចែករំលែកព័ត៌មាន ហើយបណ្តាញទូរគមនាគមន៍ចល័តរបស់ Smart Axiata នឹងជាឆ្អឹងខ្នងនៃសកម្មភាពទាំងនោះ តាមរយៈការផ្តល់ផលិតផល និងសេវាដែលល្អបំផុត លឿនបំផុត និងមានតម្លៃសមរម្យបំផុត សម្រាប់មនុស្សគ្រប់គ្នា ។

ក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុន Smart Axiata បានទទួលពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងពត៍មានកម្ពុជាឆ្នាំ 2016 ផ្នែក “វិស័យឯកជន” ក្នុងព្រឹត្តិការណ៍ ICT កម្ពុជា និងឈ្នះពានរង្វាន់ “គម្រោងសហគមន៍ល្អជាងគេ” ពីស្ថាប័ន Telecom Asia សម្រាប់ការចូលរួមរបស់ក្រុមហ៊ុននៅក្នុងយុទ្ធនាការលើកកម្ពស់អក្ខរកម្មជាតិ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ និងអង្គការយូណេស្កូផងដែរ ។ ក្រុមហ៊ុនក៏ត្រូវបានជ្រើសរើសដោយស្ថាប័ន Global Banking និង Finance Review សម្រាប់ពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍ល្អជាងគេ” និង “ក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គមល្អជាងគេ” រយៈពេលពីរឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥ និងឆ្នាំ២០១៦ ។ លើសពីនេះទៀត កាលពីឆ្នាំមុន ស្ថាប័ន Frost & Sullivan បានប្រគល់ពានរង្វាន់ “ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដែលរីកលូតលាស់ឆ្នាំ 2015 នៅទីផ្សារអាស៊ីប៉ាស៊ីហ្វិក” ដល់ក្រុមហ៊ុន Smart Axiata ដែលនោះជាលើកទីមួយហើយ ដែលក្រុមហ៊ុនកម្ពុជាមួយបានឈ្នះពានរង្វាន់ពីស្ថាប័នស្រាវជ្រាវទីផ្សារប្រកបដោយកិត្តិស័ព្ទល្បីឈ្មោះបែបនេះ ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ