Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

កម្ម​វិធីបណ្ដុះផ្ដត់គំនិតក៏​បានដាក់សាក​ល្បង​ក្នុង​ចំណោម​សិស្ស​វិទ្យា​ល័យចំនួន​​៩០​នាក់​ រួមជា​មួយ​នឹង​កម្មវិធី Smart TechTalk ប្រចាំ​ឆ្នាំ​នៅ​ចុង​សប្តាហ៍​ដែល​ប្រមូល​ផ្តុំ​ដោយ​កម្ម​វិធី​សហ​គ្រិនភាព

ភ្នំ​ពេញ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩៖ SALA ត្រូវ​បាន​ជ្រើស​រើស​​ជាអាជីវកម្ម​ទើប​​​បង្កើត​​ថ្មី​ដែល​ផ្តល់​នូវ​ការ​ចាប់​​អារម្មណ៍​បំផុត​ក្នុង​ព្រឹត្តិ​ការណ៍ Smart TechTalk & Seedstars Pitch នៅ​វិទ្យា​ស្ថាន​​ប​ច្ចេក​វិទ្យា​​​កម្ពុជា (ITC) កាល​ពីថ្ងៃ​​ម្សិល​មិញ​។ តាម​រយៈ​ការ​ឈ្នះ​ពាន​រង្វាន់​​ក្នុង​នាម​ជា​អាជីវកម្ម​ទើប​​​បង្កើត​​ថ្មី​ដ៏ល្អ​បំផុត​ពី​កម្មវិធី Seedstars ក្រុមហ៊ុន SALA នឹង​​អាចទទួល​បាន​ប្រាក់​មូល​និធិ​ដល់​ទៅ​ ១លាន​ដុល្លារ​អាមេរិកក្នុង​​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​អាស៊ី​នៃ Seedstars នៅ​ខែ​វិច្ឆិកា និង​កិច្ច​ប្រជុំ​​​កំពូល​ជា​សកល (Global Summit) នៅ​ប្រទេស​ស្វ៊ីស នា​ឆ្នាំក្រោយ​។

លោក សុខ លាភ ស្ថាប​និក​និងនាយកប្រតិបត្តិក្រុមហ៊ុន SALA ដែល​ជាកម្មវិធី​ គ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ និងសាកលវិទ្យាល័យ ជាមួយនឹងកម្មវិធីផ្សេងៗដូចជាការគ្រប់គ្រងសិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំងរដ្ឋបាលសម្រាប់សាលារៀន មាន​ប្រសាសន៍​ថា៖ «ក្រោយពី​ភាព​ជោគ​ជ័យ​​​របស់ក្រុមហ៊ុន Joonaak Delivery និង​​​​​បទពិសោធ​​ជាច្រើន​ដែលពួក​គេ​​ទទួល​បាន​​កាលពីឆ្នាំ​មុន ខ្ញុំសង្ឃឹម​ថាយើង​នឹង​មិន​​ត្រឹម​តែ​​ធ្វើ​ឲ្យ​កម្ពុជា​មានមោទ​ន​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែយើ​ងក៏​អាច​​ទាញ​យក​​ផលប្រយោជន៍​ពី​បណ្តាញទំនាក់ទំនង​​ផ្សេង​ៗ​ ក៏ដូច​ជា​ឱកាស​វិនិយោគ​នានា ដែល​ត្រូវ​បាន​ផ្តល់​មក​ឲ្យ​យើង អំឡុង​ពេល​នៃ​​កិច្ច​ប្រជុំ​ក្នុ​ង​តំបន់ និង​ពិភព​លោក ​ផងដែរ​»​។

ក្រុមហ៊ុន SALA ត្រូវ​បាន​ជ្រើស​រើស​​​ចេញ​ពី​ក្រុមហ៊ុនចំនួន៨​ចុងក្រោយ​ ដែល​បាន​​បង្ហាញ​គំនិត​អាជី​វកម្ម​​ឌី​ជី​ថល​របស់​ពួក​គេទៅ​កាន់​​​​គណៈកម្មការវិនិច្ឆ័យក្នុង​តំបន់ និង​​អន្តរ​ជាតិ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ សិស្ស​១​ក្រុម​ដែល​មាន​សមា​ជិក​ចំនួន៤​នាក់​មក​ពី​ ​Liger Leadership Academy បានយក​ឈ្នះសិស្ស​ចំនួន​៥​​ក្រុម​ផ្សេង​ទៀត ក្លាយជាម្ចាស់ជ័យលាភី​​​​​ក្នុង​កម្មវិធី Seedstars Lean Launchpad ឆ្នាំ​ទី​១ ដែល​ជា​កម្ម​វិធី​សាក​ល្បង​ ដើម្បី​ជម្រុញ​ទឹក​ចិត្ត​ឲ្យមានការ​បណ្តុះ​​គំនិត និង​ការ​​បង្កើត​គំនិត​ភាព​​ជា​សហ​គ្រិន ក្នុង​ចំណោម​សិស្ស​ថ្នាក់​ទី​៩ ដល់​សិស្ស​ថ្នាក់​ទី​១២​។ ព្រឹត្តិ​ការណ៍ប្រចាំ​ឆ្នាំ​ Smart TechTalk បាន​បញ្ចប់​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​ព្រឹត្តិ​ការណ៍​នេះទទួល​បាន​​ការ​គាំទ្រ​ពីមូលនិធិស្រាវ​​ជ្រាវ&អភិវឌ្ឍ និងកសាសមត្ថភាព​ (CBRD Fund)។

​កម្ម​វិធី​​ភាព​ជា​សហ​គ្រិន​បច្ចេក​វិទ្យា​ទាំង​៣នេះត្រូវ​បានអនុវត្ដ​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​វិទ្យា​ជាតិ​ប្រៃ​សណីយ៍ ទូរ​គម​នា​គមន៍ បច្ចេក​វិទ្យា​គមនា​គមន៍ និង​ព័ត៌មាន (NIPTICT) ក្រសួង​អប់​រំ យុវ​ជន​ និង​កីឡា (MoEYS) និង​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនា​គមន៍កម្ពុជា (MPTC)​។

លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​​ចុង​សប្តាហ៍​មួយ​ក្នុង​ចំណោម​ចុងសប្តាហ៍​​ដែលខ្ញុំ​​ពេញ​ចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ​នេះ ដោយសារតែ​​ចុង​សប្តាហ៍នេះបាន​​​នាំ​យក​​យុវ​ជន​វ័​យ​ក្មេង​ដ៏អស្ចារ្យ​ទាំង​នេះ​​​មក​ជួបជុំ​គ្នា​ជា​មួយ​នឹង​បុគ្គល​ឆ្នើមៗ​ និង   ​ឆ្លាតវៃបំផុត​មក​ពីក្នុង​តំបន់​នេះ​។ ដោយមើលឃើញ​ពី​ការ​បង្ហាញ​ផ្នត់​គំនិតល្អៗ​ផ្សេង​គ្នាក្នុង​ព្រឹត្ត​ការណ៍​នេះ បានធ្វើ​ឲ្យ​យើង​មានមោទ​ន​ភាព ដោយ​​ក្លាយ​ជា​ផ្នែកមួយ​នៃ​ដំណើរ​ឌី​ជី​ថល​របស់​កម្ពុជា ដែល​យើង​​អាច​គាំទ្រ​ដល់​ការ​បង្ហាញ​ពី​ទេព​កោសល្យ​ដ៏​អស្ចារ្យ ចំណង់​ចំណូល​ចិត្ត និង​ភាពស្វាហាប់ ទៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​​​ក្នុង​តំបន់​​​»​។

ក្នុង​​ព្រឹត្តិ​ការណ៍ TechTalk វា​គ្មិន​អន្តរ​ជាតិ​សំខាន់​ៗ​មក​ពីក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Grab និង ក្រុមហ៊ុន Leaderonomics បាន​ផ្តល់​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ដល់​អ្នក​ចូលរួម​ទាំង​អស់ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​នៅ​ពេល​រសៀល ការ​លើក​ឡើង​​ពី​​ចំណុច​សំខាន់​ៗ​ដែល​ផ្តោត​លើ​អាជីវកម្ម​ទើបបង្កើត​ថ្មីពីក្រុមហ៊ុន Smart, ក្រុមហ៊ុន Beenext Capital និង ក្រុមហ៊ុន Kid Hero បាន​ធ្វើ​ការ​​បំភ្លឺ​កាន់​តែ​ច្បាស់​ដល់​​អ្នក​ចូលរួម​ទាំង​អស់ ដែល​មាន​សិស្សានុសិស្ស ក្រុមអ្នកសិក្សាស្រាវជ្រាវ ស្ថាប​និក​អាជីវ​កម្ម​ទើប​បង្កើត​ថ្មី   វិស័យ​ឯក​ជន ក៏ដូច​ជា​​មន្ត្រី​តំណាង​ឲ្យរាជ​រដ្ឋា​ភិបាល​។

រាល់​បទ​បង្ហាញ​ទាំង​អស់ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ទស្ស​ន​ទាន «រួម​​គ្នា​ឆ្ពោះ​ទៅកាន់​​អនា​គត​​ឌី​ជី​ថល» ដែល​​ក៏​ជា​ទស្ស​ន​ទាន​របស់​កម្មវិធី BarCamp ASEAN ឆ្នាំ​២០១៩ ផងដែរ ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា នៅ​ចុង​សប្តាហ៍​តែ​មួយ​។ កម្មវិធី BarCamp ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Smart Axiata រួម​ជាមួយ​នឹង​​វិទ្យា​ជាតិ​ប្រៃ​សណីយ៍ ទូរ​គម​នា​គមន៍ បច្ចេក​វិទ្យា​គមនា​គមន៍ និង​ព័ត៌មាន ក្រសួង​អប់​រំ យុវ​ជន​ និង​កីឡា និង​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនា​គមន៍ ផង​ដែរ​​៕

សម្រាប់​ព័ត៌​មាន​បន្ថែម និង​ព័ត៌​មាន​ថ្មី​ៗ ពី​ក្រុមហ៊ុន Smart Axiata សូម​​តាម​ដាន​ទំ​ព័រ Facebook របស់ Smart តាម​រយៈ www.facebook.com/SmartForCambodia ឬ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.smart.com.kh

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ