Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ភ្នំពេញ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៩៖ កម្មវិធីប្រចាំឆ្នាំអ្នកច្នៃប្រឌិតវៃក្មេង SmartStart បានជ្រើសរើសម្ចាស់ជ័យលាភីបន្ទាប់ ដែលមានគំនិងច្នៃប្រឌិតជាច្រើនក្នុងការប្រកួតរដូវកាលទី៣នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមចំនួន៥បានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៥ 000 ដុល្លារអាមេរិកដូចគ្នា និងទទួលបានឱកាសចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែជាមួយ Impact Hub Phnom Penh ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៏ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុមរបស់ខ្លួន នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ។

ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ បានបង្ហាញពីគំនិតនានា ម្តងទៀតរបស់ក្រុមកំពូលៗចំនួន១៥ ដែលបានឆ្លងកាត់សិក្ខាសាលាក្នុងវគ្គ Technopreneurship Challenge នៅខេត្តកំពង់ចាម កាលពីខែមុន។ ក្រុមទាំងអស់នោះត្រូវបានជ្រើសរើសកាលពីខែមេសា ពីក្នុងចំណោមក្រុមចំនួន៣០ក្រុមដែលមានបេក្ខភាពចូលរួមជាង១២០រូប មកពីសាកលវិទ្យាល័យចំនួន១០ ទូទាំងប្រទេសកម្ពុជា ក្រោយពីការចូលរួមសិក្ខាសាលា Hackathon Challenge រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ។

ក្នុងកំឡុងពេលបិទកម្មវិធី ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្តែងនូវភាពសប្បាយរីករាយរបស់ខ្លួនដែលកម្មវិធី SmartStart បានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៧។ ឯកឧត្តមទាំង២ បានលើកទឹកចិត្តដល់ក្រុមហ៊ុន Smart និង Impact Hub Phnom Penh ហើយនិងរាល់ដៃគូរក្នុងបច្ចេកវិទ្យាទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យវ័យក្មេងរបស់កម្ពុជាផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចាប់តាំងពីឆ្នាំ២០១៨ កម្មវិធី SmartStart ត្រូវបានការគាំទ្រយ៉ាងពេញទំហឹងដោយប្រាក់រួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសម្ថតភាព និង ការស្រាវជាវ និងអភិវឌ្ឍន៏។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata កោតសរសើរយ៉ាងខ្លាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមទាំងអស់ និងការខិតខំប្រឹងប្រែងដែលពួកគេបានធ្វើក្នុងកម្មវិធីនេះ។
លោកបានមានប្រសាសន៍ថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានឃើញបេក្ខជនកាន់តែល្អ គំនិតអាជីវកម្មក៏កាន់តែប្រសើរ និងការជ្រើសរើសផ្នត់គំនិតក៏កាន់តែល្អ ក្នុងកំឡុងពេលវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ។ ដូចនេះហើយនៅឆ្នាំនេះ យើងបានសម្រេចចិត្តបង្កើនប្រាក់ឧបត្ថម្ភរហូតដល់ ៥ ០០០ ដុល្លារអាមេរិក! សូមអបអរសាទរដល់ក្រុមទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងការចូលរួមរបស់ពួកគេ»។

លោកបានបន្ថែមទៀតថា៖ « SmartStart គឺជាកម្មវិធីដ៍អស្ចារ្យមួយដែលខ្ញុំចូលចិត្ដខ្លាំង ព្រោះកម្មវិធីនេះបានស្វែងរកអ្នកឆ្នាតវៃជាច្រើន ហើយបានផ្ដល់ឱកាសសម្រាប់អ្នកមានទេពកោសល្យវ័យក្មេងជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាមួយ Impact Hub និងដៃគូរជាច្រើនផ្សេងទៀត យើងនឹងបន្តគាំទ្រអ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះតាមរយៈកាចូលរួមកម្មវិធីឌីជីថលរបស់ពួកគេ»។

ក្រុមចំនួន៥រួមមាន៖
1- RENTECH ជួលអ្នកប្រើប្រាស់ជួលកន្លែងស្នាក់នៅជាពិសេសអ្នកដែលមកពីខេត្តនានដែលមកទីក្រុងចំបងៗសម្រាប់ការសិក្សាថ្នាក់ឧត្ដម។
2- Sers Chborng ផ្ដល់ការគាំទ្រដល់សិស្សដែលចង់ដាក់ពាក្យអាហារូបករណ៍ និង កម្មវិធីផ្លាស់ប្ដូរការសិក្សា និង ការចូលរួមការប្រកួតប្រជែងផ្សេងៗ។
3- STYLE ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវឱកាសផ្សេងៗក្នុងការជួលអាវធំ រ៉ូប និង ឈុតសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីពិសេសៗ។
4- PhumCAKE ផ្ដល់ឲ្យអ្នកគ្រប់គ្នារចនារូបរាង រសជាតិ និង ពណ៌នំខេកសម្រាប់ឱកាសពិសេសផ្សេងៗ។
5- SpeakOut ជួយអ្នកដែលកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តតាមរយៈបណ្ដាញទំនាក់ទំនងអនាមិក ព័ត៌មានការយល់ដឹង និង ភ្ជាប់ពួកគេជាមួយពេទ្យចិត្តសាស្រ្ដដ៏ជំនាញ។

កញ្ញា សូ សម្ផស្ស ដែលជាសមាជិកក្រុមមួយរូបក្នុងចំណោមក្រុមដែលឈ្នះ បាននិយាយថា៖ « រយៈពេល៣ខែនេះគឺជាពេលវេលាដ៍អស្ចារ្យសម្រាប់ក្រុមរបស់ពួកយើង និងខ្លួនខ្ញុំផ្ទាល់ ខណៈដែលយើងបានសិក្សាជាច្រើន។ កម្មវិធី SmartStart ពិតជាកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាកំពូលមួយក្នុងប្រទេសសម្រាប់និស្សិតសាកលវិទ្យាល័យ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីទាំងអស់ដែលបានបង្កើតកម្មវិធីដ៏សម្បូរបែបនេះឡើង។ យើងកំពុងទន្ទឹងរង់ចាំគំនិតរបស់យើងដែលនឹងលេចចេញជារូចរាងឡើងក្នុងរយៈពេល ៦ ខែទៀត»

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានរំភើបចិត្តយ៉ាងខ្លាំងលើការបង្ហាញផ្ដត់គំនិតពីសំណាក់ក្រុមទាំងអស់។ ដូចគ្នាទៅនឹងលោក Thomas Hundt ដែរ លោកជំទាវក៏ជាសមាជិកមួយរូបក្នុងគណៈកម្មការវិនិច្ឆ័យកិត្តិយសផងដែរ រួមជាមួយលោក គឹម បូរ៉ា ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន Partner of Mekong Strategic Partners កញ្ញា Zoë Ng នាយកគ្រប់គ្រង Raintree Development និង លោក Adriana Collini អនុប្រធានផ្នែកវិនិយោគជាន់ខ្ពស់របស់ក្រុមហ៊ុន Seedstars World។

លោកជំទាវបានមានប្រសាសន៍ថា៖ «នេះគឺជាពេលវេលាដ៏អស្ចារ្យដែលបានឃើញសក្តានុពលដ៏ធំសម្បើមរបស់យុវជនយើងតាមរយៈការបង្កើតគំនិតច្នៃប្រឌិតរបស់ពួកគេលើរបៀបដោះស្រាយបញ្ហាដែលពួកគេបានឃើញនៅលើទីផ្សារ។ ប្រទេសកម្ពុជា កំពុងរីកចម្រើន និងអភិវឌ្ឍន៍ ហើយអ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់អនាគតប្រកបដោយនិរន្តភាពដែលមានលទ្ធភាពប្រើប្រាស់ឌីជីថល»។

ម្ចាស់ជ័យលាភីទាំង៥ក្រុមនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ។ ជាមួយនឹងការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ក្រុមទាំង៥ នឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឺកចិត្ត និងការធ្វើការរួមគ្នាផងដែរ ។

កញ្ញា Mélanie Mossard ប្រធានផ្នែកគាំទ្រ Impact Hub Phnom Penh មានក្តីរំភើបដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីនេះម្ដងទៀត។ កញ្ញាបានឲ្យដឹងថា៖ «កម្មវិធី SmartStart បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនម្ដងទៀត! រយៈពេល ៦ ខែខាងមុខនេះ ក្រុមទាំង៥នឹងត្រូវបំពេញដោយបទពិសោធន៏ជាក់ស្តែង ស្របពេលដែលយើងទន្ទឹងរង់ចាំលទ្ធភាពដ៏ជោគជ័យរបស់ពួកគេ និងផ្តល់ការណែនាំទាក់ទងនឹងអាជីវកម្មឌីជីថលនាពេលអនាគតរបស់ពួកគេ។ នៅចុងបញ្ចប់កម្មវិធីរយៈពេល ៦ ខែក្រុមការងារដែលមានការវិវឌ្ឍខ្លាំងជាងគេបំផុត នឹងទទួលបានដំណើរទស្សនកិច្ចបច្ចេកវិទ្សានៅ Google, Microsoft Facebook និង LinkedIN នៅប្រទេសសឹង្ហបុរី»។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ