Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ – កាលពីពេលថ្មីៗនេះ គំនិតផ្តួចផ្តើម តោះអាន! នៃមូលនិធិអាស៊ី ទើបតែបានបញ្ចេញសៀវភៅសម្រាប់កុមារពោរពេញដោយរូបភាពរស់រវើកចំនួន ៨ ក្បាលបន្ថែមទៀត ក្រោមប្រធានបទ “ក្មេងស្រីអាចធ្វើអ្វីក៏បាន”។ តួអង្គនាំមុខសំខាន់ក្នុងសៀវភៅជាភាសាខ្មែរទាំងនេះ គឺតួអង្គស្រីដែលពោរពេញដោយភាពរឹងមាំ ហ៊ានជំនះឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយភាពក្លាហាន និងភាពប៉ិនប្រសប់។ ក្នុងសាច់រឿងទាំងនេះ តួអង្គស្រីគឺជាអ្នកបើកយានអាវកាសដើម្បីជួយសង្គ្រោះព្រះអាទិត្យ រារាំងមនុស្សពិភពក្រៅមិនឲ្យសាងសង់ទីក្រុងដែកលើកោះដ៏ស្រស់ស្អាត រៀបចំគម្រោងការបន្លាចចាបចិត្តកំណាចឲ្យហើរចេញទៅឆ្ងាយ និងដើរដំណើរផ្សងព្រេងផ្សេងទៀត។

អ្នកនិពន្ធ អ្នកគូររូបភាព និងអ្នករចនាក្រាហ្វិចជាជនជាតិខ្មែរ ដែលមានសាវតារចម្រុះ បានចូលរួមសហការគ្នាក្នុងព្រឹត្តិការណ៍ “ហាក់កាសន” ផលិតសៀវភៅរឿង រយៈពេលមួយថ្ងៃ ដើម្បីបង្កើតរឿងជាមួយនឹងស្នាដៃគំនូរដើម។ ក្រៅពីលើកទឹកចិត្តឲ្យមានការបង្កើតសៀវភៅរឿងកុមារដែលមានគុណភាពខ្ពស់ គម្រោងនេះក៏មានគោលបំណងបណ្តុះ និងផ្តល់ការលើកទឹកចិត្តដល់អ្នកដែលមានជំនាញផលិតសៀវភៅសម្រាប់កុមារផងដែរ។ ក្រុមហ៊ុន Smart Axiata ដែលជាអ្នកឧបត្ថម្ភធំសម្រាប់គម្រោងតោះអាន! នេះ បានផ្តល់រង្វាន់ជាទូរស័ព្ទស្មាតហ្វូន ដល់អ្នកដែលចូលរួមក្នុងកម្មវិធីហាក់កាសននេះ ដោយបែងចែកជាប្រភេទដូចតទៅ៖ ក្រុមការងារហាក់កាសនឆ្នើមបំផុត អ្នកគូសរូបឆ្នើមបំផុត អ្នកនិពន្ធឆ្នើមបំផុត និងអ្នកដែលផ្តល់គំរូភាពប្រចាំថ្ងៃ។

សៀវភៅទាំងនេះមានសម្រាប់ដោនឡូតដោយមិនគិតថ្លៃពីគេហទំព័រតោះអាន! សៀវភៅអេឡិចត្រូនិចជាភាសាខ្មែរ គ្រូកម្ពុជា OER កម្ពុជា និងបណ្ណាល័យឌីជីថលផ្សេងទៀត។ សៀវភៅទាំងនេះប្រើប្រាស់អាជ្ញាប័ណ្ណប្រភេទ non-commercial Creative Commons មិនសម្រាប់គោលបំណងពាណិជ្ជកម្ម មានន័យថា គ្រប់គ្នាអាចយកខ្លឹមសារសៀវភៅទាំងនេះទៅកែសម្រួល ឬប្រើប្រាស់ឡើងវិញបាន។

លោក ថូម៉ាស ហាន នាយកប្រតិបត្តិក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata បានចូលរួមអបអរសាទរ មូលនិធិអាសុី និង ជ័យលាភីទាំងអស់ ក្នុងការបញ្ចប់សៀវភៅអេឡិចត្រូនិចចុងក្រោយនេះ។ “ក្នុងនាមជាដៃគូចម្បងនៃកម្មវិធី យើងមានមោទនភាពខ្លាំងណាស់ចំពោះអ្នកនិពន្ធកម្ពុជា វិចិត្រករ និង អ្នករចនា ដែលបានចូលរួមបង្កើតសៀវភៅអេឡិចត្រូនិចទាំងអស់នេះ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ដោយសេរីលើបណ្ណាល័យឌីជីថលជាច្រើន។ ក្រុមហ៊ុន Smart ជឿជាក់ថា ប្រព័ន្ធឌីជីថល គឺជាអនាគត! ខ្ញុំសង្ឃឹមថា សៀវភៅអេឡិចត្រូនិចទាំងអស់នេះ និង សៀវភៅដែលបង្កើតឡើងនៅថ្ងៃខាងមុខ ក្រោមប្រធានបទដ៏មានឥទ្ធិពល នឹងជម្រុញទឹកចិត្តអ្នកអានកម្ពុជា និង អ្នកអភិវឌ្ឍន៍ជាច្រើនទៀតឲ្យចូលរួមក្នុងកិច្ចផ្ដួចផ្ដើមនេះ។”

ព្រឹត្តិការណ៍ហាក់កាសន ត្រូវបានរៀបចំឡើង ក្នុងន័យជម្រុញឲ្យមានការចាប់អារម្មណ៍លើការអាន តាមរយៈការធ្វើឲ្យមានការចែកចាយឲ្យបានទូលំទូលាយនូវសៀភៅដែលផ្តល់នូវភាពសប្បាយរីករាយជក់ចិត្តសម្រាប់កុមារ និងទាក់ទាញដែលអ្នកមានទេពកោសល្យឲ្យចូលរួមក្នុងឧស្សាហកម្មបោះពុម្ពផ្សាយក្នុងស្រុក។ ចាប់តាំងពីចាប់ផ្តើមក្នុងប្រទេសកម្ពុជា កាលពីខែ កញ្ញា ឆ្នាំ ២០១៦ មក មានសៀវភៅចំនួន ១២ ក្បាលហើយ ដែលត្រូវបានផលិត ហើយសៀវភៅ ៨ ក្បាលទៀត ក្រោមប្រធានបទ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) សម្រាប់កុមារ” នឹងត្រូវផលិត ក្នុងព្រឹត្តិការណ៍ហាក់កាសន ក្នុងខែ សីហា ខាងមុខនេះ។

គំនិតផ្តួចផ្តើមតោះអាន! ជាគម្រោងដែលផលិតសៀវភៅប្រកបដោយគុណភាពខ្ពស់ សម្រាប់ឲ្យកុមារអាននៅគ្រប់ពេល គ្រប់ទីកន្លែងជាភាសាដែលពួកគេប្រើប្រាស់ក្នុងផ្ទះ និងក្នុងសាលារៀន។ វេទិកាក្នុងទម្រង់ឌីជីថល និងឧបករណ៍ដែលងាយស្រួលប្រើប្រាស់ ផ្តល់លទ្ធភាពឲ្យសហគមន៍អាចបង្កើតបណ្ណាល័យរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព អស់ថវិកាតិច និងមានការចូលរួមយ៉ាងទូលំទូលាយ។

សូមអានព័ត៌មានបន្ថែមអំពី គំនិតផ្តួចផ្តើមតោះអាន!

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ