Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុនដឹកជញ្ជូន “ជូនអ្នក” “មរកត ថេកណឡជី” និង “Aniwaa” ត្រូវបានប្រកាសជាផ្លូវការថា ជាអ្នកទទួលបានទុនវិនិយោគក្នុងជុំទីមួយពីមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៧ – ក្រុមហ៊ុន Smart Axiata បានប្រកាសថា ក្រុមហ៊ុនធានារ៉ាប់រងក្នុងតំបន់ គឺ Forte Insurance នឹងចូលរួមនៅក្នុងមូលនិធិសម្រាប់អាជីវកម្មបែបឌិជីថល (SADIF) របស់ក្រុមហ៊ុន Smart ក្នុងនាមជាសហវិនិយោគិន ដើម្បីជួយរួមចំណែកជំរុញសេដ្ឋកិច្ចបែបឌីជីថលរបស់កម្ពុជាឲ្យកាន់តែប្រសើរបំផុត។ បន្ថែមលើនេះ ក៏មានការបង្ហាញខ្លួនជាសាធារណៈនូវក្រុមហ៊ុនចំនួនបីដំបូងគេ ដែលទទួលបានមូលនិធិវិនិយោគមួយចំណែក ពីគម្រោងមូលនិធិទុនវិនិយោគ ៥លានដុល្លារ របស់ក្រុមហ៊ុន Smart ដែលក្នុងនោះ រួមមាន៖ ក្រុមហ៊ុន ដឹកជញ្ជូន “ជូនអ្នក” (Joonaak Delivery Co., Ltd) ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ផ្ដល់ដំណោះស្រាយផ្នែកដឹកជញ្ចូន និងភស្តុភារ ក្រុមហ៊ុន “មរកត ថេកណឡជី” (Morakot Technology) ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីធនាគារ និងក្រុមហ៊ុនជំនាញបោះពុម្ពបែប 3D គឺ Aniwaa ដែលក្រុមហ៊ុនទាំងបីនេះ គឺត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិយោគរបស់មូលនិធិ។

មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និងគ្រប់គ្រងដោយក្រុមហ៊ុនផ្ដល់ប្រឹក្សា និងវិនិយោគ ដែលមានឈ្មោះហៅថា Mekong Strategic Partners (MSP)។ មូលនិធិនេះត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំនេះ ដើម្បីវិនិយោគ និងផ្ដល់ចំណេះដឹងផ្នែកយុទ្ធសាស្ត្រទៅដល់អាជីវកម្មបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។ មូលនិធិនេះបានប្ដេជ្ញាថា នឹងជួយលើកកម្ពស់សហគ្រិនដែលមានឆន្ទៈច្បាស់លាស់ ហើយមូលនិធិនេះនឹងផ្ដល់មូលនិធិចាំបាច់សម្រាប់គាំទ្រទៅដល់ឧស្សាហកម្ម ICT ដែលបាននឹងកំពុងមានការលូតលាស់យ៉ាងឆាប់រហ័ស។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយ និងសូមស្វាគមន៍ចំពោះដៃគូថ្មីរបស់យើង គឺក្រុមហ៊ុន Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ជោគជ័យ និងមានភាពច្នៃប្រឌិតបំផុតនៅកម្ពុជា។ ភាពជាដៃគូថ្មីនេះនឹងជួយផ្ដល់នូវជំនាញពិសេសបន្ថែមទៀតដល់ក្រុមការងាររបស់ SADIF។ ការមានសមាជិកភាពចម្រុះនៅក្នុងជួរគណៈកម្មការវិនិយោគ នឹងធ្វើឲ្យមូលនិធិនេះកាន់តែរឹងមាំ ពោលគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យឌីជីថល"។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ “បន្ទាប់ពីបានចំណាយពេលជាច្រើនខែដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់លើបេក្ខជននានា យើងមានក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុន “ជូនអ្នក” “មរកត” និង Aniwaa ក្នុងនាមជាក្រុមហ៊ុនដំបូងគេដែលទទួលបានមូលនិធិពីគម្រោង SADIF ។ ក្រុមហ៊ុន Smart ដើរតួនាទីស្នូលក្នុង ការផ្លាស់ប្តូរវិស័យឌីជីថលនៅកម្ពុជាឲ្យកាន់តែប្រសើរបំផុត។ យើងរង់ចាំធ្វើការជាមួយនឹងក្រុមហ៊ុនថ្មីៗទាំងនេះ ដើម្បីអភិវឌ្ឍ និងជំរុញអាជីវកម្មបែបឌីជីថលរបស់គេ។ ខ្ញុំកំពុងរង់ចាំចង់ឃើញការវិនិយោគទាំងនេះលេចចេញជារូបរាង!”។

ក្រុមហ៊ុន Forte ជាក្រុមហ៊ុននាំមុខគេក្នុងឧស្សាហកម្មធានារ៉ាប់រង ចាប់តាំងពីឆ្នាំ ២០០៣ និងត្រូវបានទទួលស្គាល់ចំពោះផលិតផលឯកទេស និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ទីផ្សារក្នុងស្រុក ។ ក្រុមហ៊ុន Forte មានចក្ខុវិស័យ និងជំនឿដូចគ្នានឹងដៃគូរបស់ខ្លួនថា វិស័យ ICT របស់កម្ពុជា នឹងមានភាពជោគជ័យ ប្រសិនបើមានគម្រោងគាំទ្រផ្នែកវិនិយោគ និងយុទ្ធសាស្ត្រនានា ដូចជាមូលនិធិ SADIF នេះជាដើម។

លោក Charles Cheo នាយកប្រតិបត្តិក្រុមហ៊ុន Forte បានមានប្រសាសន៍ថា៖ “យើងកំពុងរួមសហការជាមួយនឹងក្រុមហ៊ុន Smart និង MSP នៅក្នុងមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល ពីព្រោះយើងមានជំនឿចិត្តថា សេដ្ឋកិច្ចបែបឌីជីថល របស់កម្ពុជា នឹងមានការលូតលាស់នៅប៉ុន្មានឆ្នាំខាងមុខនេះ។ យើងមានចិត្តសប្បាយក្នុងការគាំទ្រកំណើននេះ តាម រយៈការចូលរួមសហការជាដៃគូជាមួយនឹងក្រុមហ៊ុនទាំងអស់ខាងលើ ដែលយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្ថែមដោយនាំមកនូវមាតិកាថ្មីៗដែលទំនើបទាន់សម័យ និងកម្មវិធីបែបឌីជីថលផ្សេងៗ។

ជាមួយនឹងការក្លាយជាសហវិនិយោគិនបន្ថែមនៅក្នុងមូលនិធិ SADIF លោក Mervyn Cheo ដែលជានាយកប្រតិបត្តិរបស់ Forte Investment Holdings នឹងចូលរួមជាតំណាងនៅក្នុងគណៈកម្មការវិនិយោគរបស់មូលនិធិនេះ។

ក្រុមហ៊ុន “ជូនអ្នក” “មរកត” និង Aniwaa ជាក្រុមហ៊ុនទទួលទុនវិនិយោគដំបូងគេ ដែលត្រូវបានជ្រើសរើសដោយ Smart និង MSP ដោយផ្អែកលើអាជីវកម្មនាពេលបច្ចុប្បន្នរបស់ខ្លួន និងសក្ដានុពលនៃការរីកចំរើននាថ្ងៃអនាគត។

លោក គឹម បូរ៉ា ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន MSP បានមានប្រសាសន៍ថា៖ “យើងស្វែងរកអាជីវកម្មទាំងឡាយណា ដែលការផ្ដល់មូលនិធិនេះអាចមានលទ្ធផលជាវិជ្ជមានភ្លាមៗ ហើយទីផ្សារមានភាពចាស់ទុំសម្រាប់បច្ចេកវិទ្យាដែលកំពុងតែលូតលាស់។ ក្រុមហ៊ុនទាំងបីដែលក្លាយជាជ័យលាភីនៅជុំនេះ ស្ថិតក្នុងជំហដ៏ល្អដែលនឹងអាចបោះជំហានទៅមុខ ហើយយើងមានជំនឿថា ការវិនិយោគ ក៏ដូចជាធាតុចូលផ្នែកយុទ្ធសាស្ត្រ និងការគាំទ្រការអភិវឌ្ឍន៍អាជីវកម្ម ពីក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង MSP នឹងជួយជំរុញឲ្យក្រុមហ៊ុនទាំងបីនេះកាន់តែមានការរីកចំរើនបន្ថែមទៀត”។

ក្រុមហ៊ុន “ជូនអ្នក” ផ្ដល់ការគាំទ្របែបឌីជីថល ដល់អាជីវកម្មលក់រាយ ក៏ដូចជាការស្តុកទំនិញ ការដឹកជញ្ជូន និងសេវាគាំទ្រអតិថិជន នៅក្នុងមជ្ឈដ្ឋានពាណិជ្ជកម្មអេឡិកត្រូនិកដែលកាន់តែមានភាពប្រកួតប្រជែងនៅកម្ពុជា។

លោក ចាយ គង់ នាយកប្រតិបត្តិក្រុមហ៊ុន “ជូនអ្នក” បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបក្នុងការចាប់ផ្ដើមធ្វើការជាមួយនឹងក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និងក្រុមហ៊ុន MSP ដើម្បីជួយអភិវឌ្ឍអាជីវកម្មរបស់យើង ត្រង់ចំណុចដែលយើងមិនអាចធ្វើទៅបានដោយខ្លួនឯង។ តម្លៃនៃការវិនិយោគ ចេញពីភាពជាដៃគូនេះ ដែលបានពីក្រុមហ៊ុនដែលមានភាពច្នៃប្រឌិត និងមានចក្ខុវិស័យច្បាស់លាស់ គឺមិនមែនកំណត់ត្រឹមតែការផ្ដល់មូលនិធិប៉ុណ្ណោះឡើយ បើទោះបីជាមូលនិធិមានសារសំខាន់ធំធេងក៏ដោយចុះ”។

សម្រាប់ក្រុមហ៊ុន “មរកត” ជាក្រុមហ៊ុនផ្ដល់ការគាំទ្របែបឌីជីថល និងកម្មវិធី software ដែលផ្ដោតលើការគាំទ្រប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការផ្ដល់មូលនិធិពី SADIF នឹងជួយដល់ក្រុមហ៊ុននេះក្នុងការស្វែងរកទីផ្សារថ្មីនៅក្នុងតំបន់អាស៊ាន ដែលស្ថាប័នផ្ដល់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុទាំងនោះ បាននឹងកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែរ។ លោក ឃួន សុភ័ត នាយកប្រតិបត្តិក្រុមហ៊ុន “មរកត” បានមានប្រសាសន៍ទៀតថា៖ “ក្រោយពីបានធ្វើការងារលើវិស័យមីក្រូហិរញ្ញវត្ថុ ខ្ញុំបានកត់សម្គាល់ឃើញថា

ប្រតិបត្តិការមានការរាំងស្ទះដោយសារតែកង្វះកម្មវិធីដែលសមស្រប និងមានតម្លៃសមរម្យ ដើម្បីយកទៅប្រើក្នុងការជួយគាំទ្រដល់មន្ត្រីឥណទាន និងប្រតិបត្តិការផ្នែកខាងក្នុង។ ក្រុមហ៊ុន មរកត បានចាប់ផ្ដើមផ្ដល់ដំណោះស្រាយបញ្ហានេះ ជាមួយនឹងកម្មវិធី Software នានា ដែលយើងមានជំនឿថា នឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មផ្សេងៗ និងប្រទេសដទៃទៀតដែរ។ ការងារជំហានបន្ទាប់ពិតជាផ្ដល់នូវសេចក្តីរំភើបខ្លាំងណាស់សម្រាប់យើង ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមការងារនេះ”។

ក្រុមហ៊ុន “Aniwaa” ដែលគ្រប់គ្រងគេហទំព័រប្រៀបធៀបម៉ាស៊ីនបោះពុម្ព 3D ធំជាងគេបំផុតមួយក្នុងពិភពលោក ដែលគេហទំព័ររបស់ខ្លួនមានអ្នកចូលប្រើប្រាស់រាប់ពាន់អ្នកជារៀងរាល់ថ្ងៃដើម្បីស្វែងរកផលិតផលបោះពុម្ព3D និងផលិតផល បច្ចេកវិទ្យាថ្មីៗឲ្យបានត្រូវ។ ក្រុហ៊ុននេះ បានងាកមករកមូលនិធិ SADIF ដើម្បីជួយខ្លួនក្នុងការអភិវឌ្ឍគេហទំព័រសព្វថ្ងៃ ឲ្យក្លាយជាមូលដ្ឋានឌីជីថលលំដាប់ថ្នាក់ពិភពលោក។

លោក Martin Iansard នាយកប្រតិបត្តិក្រុមហ៊ុន ដែលបានបោះបង់មុខតំណែងនៅក្រុមហ៊ុន Google ដើម្បីបង្កើត និងដំណើរការក្រុមហ៊ុន “Aniwaa” នៅកម្ពុជា បានមានប្រសាសន៍ថា៖ “ជាមួយនឹងការបញ្ចូលទុនបន្ថែម ក៏ដូចជាបណ្ដាញ និងចំណេះដឹងពី SADIF យើងក៏នឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែមានភាពប្រសើរបំផុត។ យើងនឹងនាំមក នូវព័ត៌មានទាក់ទងទៅនិង បច្ចេកវិទ្យាផ្នែករឹង (hardware) ដែលទំនើបទាន់សម័យបំផុត សម្រាប់អ្នកដែលមានចំណូលចិត្តផ្នែកបច្ចេកវិទ្យា ហើយមានចំណាប់អារម្មណ៍ខ្ពស់លើការវវិវត្តន៍ថ្មីៗចុងក្រោយ។

ទំហំទឹកប្រាក់ ឬលក្ខខណ្ឌនៃការផ្ដល់មូលនិធិដល់ក្រុមហ៊ុន “មរកត” “ជូនអ្នក” និង “Aniwaa” មិនត្រូវបានផ្សព្វផ្សាយឡើងក្នុងពិធីប្រកាសជាផ្លូវការនេះទ។ ប៉ុន្តែ អំឡុងពិធីសម្ពោធមូលនិធិ SADIF កាលពីខែមីនា ឆ្នាំ ២០១៧ ក្រុមហ៊ុន Smart និង MSP បានបញ្ជាក់ថា ការវិនិយោគដោយប្រើប្រាស់កញ្ចប់មូលនិធិនេះ នឹងមានទំហំទឹកប្រាក់ចន្លោះពី ២៥,០០០ ដល់ ៥០០,០០ ដុល្លារសហរដ្ឋអាមេរិក ដោយអាស្រ័យលើ ដំណាក់កាល ប្រភេទឧស្សាហកម្ម និងតម្រូវការចាំបាច់នៃមូលនិធិរបស់ក្រុមហ៊ុនទាំងនោះ។ ការវិនិយោគនឹងត្រូវបាន គាំទ្របន្ថែមតាមរយៈការជួយទំនុកបម្រុងផ្នែកគំនិត ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍អាជីវកម្ម ដែលចំនុចទាំងអស់នេះគឺជាផ្នែកដ៏សំខាន់នៃដំណើរការគាំទ្រជារួម។

ក្រុមហ៊ុន Smart, MSP និង នៅពេលនេះមាន Forte មួយទៀត គឺជាគណៈកម្មការវិនិយោគ គឺត្រូវបានរំពឹងថា នឹងបន្តវាយតម្លៃលើពាក្យស្នើសុំមូលនិធិជាច្រើនទៀត ក៏ដូចជាប្រកាសការវិនិយោគជាច្រើនបន្ថែមទៀត ទៅក្នុងវិស័យ ICT ដែលកំពុងរីកលូតលាស់នៅកម្ពុជា ហើយជួយជំរុញសេដ្ឋកិច្ចបែបឌីជីថលរបស់កម្ពុជាឲ្យកាន់តែមានការរីកលូតលាស់បន្ថែមទៀត ក្នុងរយៈកាលប៉ុន្មានខែខាងមុខ។

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ