Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនតំណាងវិស័យឯកជនមួយចំនួនបានចូលរួមជាលើកដំបូង ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្តីពីការស្តារសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្រោយជំងឺរាតត្បាត COVID-19 ដែលធ្វើឡើងនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នាថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។

ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ បាននាំឱ្យបណ្តាប្រទេសអាស៊ានធ្វើការកោះប្រជុំជាច្រើនដង ដែលមួយក្នុងចំណោមនោះ គឺជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលជាផ្នែកមួយនៃការប្រជុំសមាជអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលលើកទី៤១ របស់អាស៊ាននៅប្រទេសកម្ពុជា។ កិច្ចសន្ទនាតុមូលដែលរៀបចំដោយ MISTI បង្ហាញពីការឆន្ទះយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តពីវិស័យធំៗ រួមមានរដ្ឋាភិបាលនៃបណ្តាសមាជិកប្រទេសអាស៊ាន ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) និងបណ្តាញសហគ្រិនសកលោក (GEN) ដែលបានចូលរួមគ្នាដើម្បីធ្វើការពិភាក្សាអំពីវិធីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19។

ក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសន្ទនានេះបានសង្កត់ធ្ងន់លើការដាក់បញ្ចូលឌីជីថលជាធាតុសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល ក្នុងការផ្តល់នូវលទ្ធភាពស្មើគ្នាដល់មនុស្សគ្រប់រូបនៅក្នុងសង្គម និងនៅទូទាំងប្រទេសលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការអប់រំឌីជីថល និង ជំនាញឌីជីថល។

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់លើ តួនាទីរបស់វិស័យឯកជនក្នុងការស្ថារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្រោយជំងឺរាតត្បាត និងការចាប់ផ្តើមឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់អាស៊ានផងដែរ។ ការចូលរួមរបស់វិស័យឯកជន ជំរុញឱ្យមានសេដ្ឋកិច្ចដែលមិនមានការរើសអើង រឹងមាំ មានការប្រកួតប្រជែងខ្ពស់ និរន្តរភាព និងសមធម៌ ខណៈពេលជម្រុញឱ្យសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានកាន់តែមានស៊ីជម្រៅផងដែរ។

លោកស្រី Mila Kusheva ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងការសន្ទនានេះបាននិយាយថា “វាជាកិត្តិយសមួយ ហើយនេះក៏ជាលើកទីមួយរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន។ វាជាឱកាសពិសេសសម្រាប់វិស័យឯកជនក្នុងការស្វែងយល់ពីទស្សនៈវិស័យរបស់ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់លើគោលនយោបាយពាក់ព័ន្ធទាក់ទងនឹងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការរួមចំណែកជាទស្សនៈវិស័យពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការកសាងក្របខ័ណ្ឌសម្រាប់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរឹងមាំ។ យើងសង្ឃឹមថានឹងចូលរួមក្នុងព្រឹត្តិការណ៍បែបនេះបន្ថែមទៀតនាពេលអនាគត។”

រដ្ឋជាសមាជិកអាស៊ានបានបង្ហាញឱ្យឃើញនូវគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងលើកទឹកចិត្តសម្រាប់វិស័យឯកជន ដើម្បីឲ្យមានការវិនិយោគ និងការអភិវឌ្ឍបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងផលិតផលសម្រាប់អាជីវកម្ម និងអតិថិជន។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា “សមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់បច្ចុប្បន្ន គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការពី វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តរបស់យើង និងជាពិសេសប្រជាជនកម្ពុជា។ ក្នុងន័យនេះ កម្ពុជាចង់ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីគាំទ្រដល់ការពន្លឿនការសិក្សាដើម្បីទទួលបានកិច្ចព្រមព្រៀងរួមមួយលើក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ពិនិត្យលើវិស័យដែលអាចដាក់បញ្ចូលក្នុងក្របខណ្ឌ ដើម្បីពន្លឿនសមាហរណកម្មឌីជីថលរបស់អាស៊ានឆ្ពោះទៅរកសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់។”

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ