Smart Nas app

SmartNas

Take control with SmartNas!
Download the app!

Install

ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណនិរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ដែលបង្ហាញពី ការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities) ដែលបង្ហាញពីការចូលរួមចំណែករបស់ក្រុមហ៊ុនទៅលើសេដ្ឋកិច្ចជាតិ កម្មវិធីអនុវត្តប្រកបដោយនិរន្តរភាព និងកម្មវិធីទំនួលខុសត្រូវសង្គម ដែលបានរួមចំណែកអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែកជាទឹកប្រាក់ចំនួន ៤៥៩ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិរបស់ប្រទេស កម្ពុជា (ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន ៥ ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,១% នៃចំណូលពន្ធលើថវិកាជាតិសរុប។

តាមរយៈការចូលរួមចំណែកដល់មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (USO) និង មូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ក្រុមហ៊ុនក៏បានបង់ប្រាក់ទំហំ ៣ ភាគរយ នៃប្រាក់ចំណូលដុល របស់ខ្លួនរៀងរាល់ឆ្នាំ ដល់គម្រោងនានាជាច្រើនដឹកនាំដោយ រដ្ឋាភិបាល ដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលនាំឲ្យក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជា “អ្នកផ្ដល់វិភាគទានល្អបំផុតសម្រាប់មូលនិធិ CBRD” ក្នុងឆ្នាំ ២០១៩ ពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «ការគោរពតាមការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំពេញកាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្មគឺជាចំនុចសំខាន់បំផុតនៃប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំ។ កិច្ចការនិរន្តរភាពដែលយើងខ្ញុំសម្រចបានកន្លងមក គឺបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើនជូនដល់យុវជនជំនាន់ក្រោយដែលជាអ្នកកំណត់អនាគតនៃព្រះរាជាណាចក្រកម្ពុជា។»

លោកបានបន្ថែមទៀតថា៖ «បន្ថែមលើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើតប្រព័ន្ធអេកូឡូស៊ីបែបបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងការត្រៀមខ្លួនជាស្រេចក្នុងការដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ។»

ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បងសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងវិស័យទូរគមនាគមន៍ ហើយក៏ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ (4G) ក្នុងឆ្នាំ ២០១៤ និង 4G+ ក្នុងឆ្នាំ២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុងឆ្នាំ ២០១៧ និង 4.5G ក្រោយមកទៀត ក្នុងឆ្នាំដដែល។

ក្នុងនាមជាអ្នករួមចំណែកដ៏ធំបំផុតមួយដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បានបំរុងថវិកាច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ច្រើនជាង ៣ លានដុល្លារ សម្រាប់ដំណើរកម្មវិធីទំនួលខុសត្រូវសង្គម ដូចជាកម្មវិធីគាំទ្រនិងអភិវឌ្ឍន៍ក្នុងវិស័យអប់រំ បរិស្ថាន កីឡាសហគមន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកម្មវិធីនានាជាច្រើន។

ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនបាននឹងកំពុងវិនិយោគថវិកាចំនួន ២ លានដុល្លារលើអាជីវកម្មឌីជីថលទើបបង្កើតថ្មី ចំនួន ៨ នៅកម្ពុជា ដែលបានបង្កើតការងារជាង ១.៤០០ កន្លែង និងបង្កើតបានប្រាក់ចំណូលសរុប ចំនួន ២,៧ លានដុល្លារ។ អាជីវកម្មទាំងនេះ ផ្ដោតសំខាន់លើបច្ចេកវិទ្យាដូចជា IOT និង chatbots ដែលផ្ដល់ដំណោះស្រាយផ្នែកឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមកពីគ្រប់វិស័យ។

លើសពីនេះទៀតសោធ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Google និង GSMA ដែលជាសមាគមពាណិជ្ជកម្មវិស័យទូរគមនាគមន៍សាកល ដើម្បីដាក់ឲ្យដំណើរការសាកល្បងកម្មវិធីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិតដល់សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ក្នុងខេត្តចំនួនបីនៃប្រទេសកម្ពុជា។ កម្មវិធីសាកល្បងនេះ មានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបានចំនួនអ្នកចូលមើលតាមអនឡាញចំនួន ២ លាន ៨សែន នាក់ តាមរយៈយុទ្ធនាការវីដេអូអនឡាញ។ កម្មវិធីនេះក៏ទទួលបានពានរង្វាន់ពីស្ថាប័ន Asia Responsible Enterprise ក្នុងប្រភេទ “ផ្ដល់អំណាចសង្គម” កាលពីខែកញ្ញាឆ្នាំ ២០២០។

ក្នុងនោះផងដែរ ក្រុមហ៊ុន Smart ក៏បានបន្តដាក់ឲ្យដំណើរការកម្មវិធីអប់រំ និងអភិវឌ្ឍន៍ដោយផ្តោតលើប្រព័ន្ធ ឌីជីថលប្រកបដោយជោគជ័យសម្រាប់ឆ្នាំ ២០១៩ រួមមានកម្មវិធី SmartStart និង កម្មវិធី SmartEdu ខណៈពេលយើងខ្ញុំក៏គាំទ្រដល់ កម្មវិធី hackathons នៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាយុវជនកម្ពុជាអាចទទួលបានកម្មវិធីអប់រំ និងបណ្តុះ បណ្តាលបែបឌីជីថលល្អបំផុតនៅកម្ពុជា។

ក្រៅតែអំពីចំនុចដែរបានបរិយាយខាងលើ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមបរិច្ចាគថវិកាចំនួន ២០ ម៉ឺនដុល្លារ ដើម្បីរៀបចំការប្រគំុតន្ត្រីសប្បុរសធម៌ (Smile Charity Concert) សម្រាប់ជួយនិងគាំទ្រដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់ការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារកម្ពុជា ទាំងអស់។

ក្នុងខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមេ Axiata Group Berhad របស់ប្រទេសម៉ាឡេសុី និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន ត្រូវបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន បានប្តេជ្ញាថា នឹងនៅតែបន្តតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការជម្រុញការអភិវឌ្ឍបែបឌីជីថលរបស់ប្រទេសកម្ពុជា។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ «បើទោះបីជាឆ្នាំ ២០២០ មានបញ្ហាប្រឈមធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកក្ដី ក្រុមហ៊ុន Smart Axiata នៅតែបន្តបង្កើតផលវិជ្ជមានជាច្រើន ក្នុងពេលវេលាដ៏លំបាក និងមិនប្រាកដប្រជានាពេលនេះ ធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចសង្គមអាចងើបឡើងវិញ ហើយយើងទាំងអស់គ្នាអាច ងើបឡើងឆ្ពោះទៅមុខជាមួយគ្នាទូទាំងប្រទេស»។

សូមចូលទៅ www.smart.com.kh/sustainability-report-2019/ ដើម្បីទាញយករបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៩។ សម្រាប់ព័ត៌មាន បន្ថែមអំពីកម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ Smart សូមតាមដានទំព័រ ‘Smart for Cambodia’ នៅលើ Facebook តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់៖ www.smart.com.kh

 

បញ្ចូលលុយតាម:

បញ្ចូលលុយ បញ្ចូលលុយ